Connect with us

ព័ត៌មានអន្ដរជាតិ

តើការដួលរលំរដ្ឋាភិបាល​បង់ក្លាដែស​នឹង​ប៉ះពាល់ដល់​សេដ្ឋកិច្ច​យ៉ាងណា?

បានផុស

នៅ

នៅ​ដើម​ខែ​មិថុនា​ បាតកម្ម​ដោយ​សន្តិវិធី​របស់​ក្រុម​និស្សិតបង់ក្លាដែស​​បាន​ចាប់​ផ្ដើម​ឡើង​​ បន្ទាប់​ពី​តុលាការកំពូល​របស់​ប្រទេស​​បាន​ប្រកាស​ជាថ្មី​នូវ​ប្រព័ន្ធ​កូតាការងារ​ ដែល​បម្រុង​ទុក​​តំណែង​មន្ត្រីរាជការសម្រាប់​សាច់ញាតិ​កូនចៅ​របស់​​អ្នក​តស៊ូ​នៅ​សម័យ​ទាមទារ​ឯករាជ្យ​រំដោះ​ខ្លួនចេញ​ពី​ប៉ាគីស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកាស​របស់​តុលាការ​កំពូល​ធ្វើ​ឡើង​​ ចំពេល​ដែលមនុស្ស​​រាប់​លាន​នាក់​អត់​ការងារ​ធ្វើ​ ក្នុង​ឱកាស​ដែល​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ក៏​អន់ថយ​ ញ៉ាំញី​ដោយ​អតិផរណា​ខ្ពស់​ និង​​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​បម្រុង​ទុក​អន្តរជាតិ​ ក្រោយ​វិបត្តិកូវីដ-១៩​​ សម្រាប់​ប្រទេស​ដែល​មាន​ប្រជាជន​សរុប​ជាង​ ១៧០ លាន​នាក់​មួយ​នេះ​។

​ស្ថានការណ៍​​ប្រែ​​ជា​ធ្ងន់ធ្ងរ​​ទៅ​ៗ​ជា​បន្ត​បន្ទាប់​ រហូត​កក្រើក​ទូទាំង​ប្រទេស​ ដែល​ធ្វើ​ឱ្យ​តុលាការ​កំពូល​ដក​ការ​ប្រកាស​របស់​ខ្លួន​វិញ​ ​​ទន្ទឹម​នឹង​ការ​ស្លាប់​របស់​​និស្សិត​​ និងពលរដ្ឋ​ធម្មតា​ជាច្រើន​នាក់​​ក្រោម​ការ​ឆ្លើយ​តប​ដ៏​ហិង្សា​របស់​កងកម្លាំង​រដ្ឋាភិបាល​។ ក្នុង​ចលនា​ដ៏​ចលាចល​ បាតុកម្ម​ប្រឆាំង​នឹង​ការ​ប្រកាស​របស់​តុលាការ​ បាន​វិវត្ត​ទៅ​ជា​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាលវិញ​។ រយៈពេល២ខែ​ក្រោយ​មក​ ជ័យ​ជំនះ​របស់​ពលរដ្ឋ​បង់ក្លាដែស​ក៏​លេច​​ឡើង​ ដោយ​គេ​ឃើញ​លោក​ស្រីនាយករដ្ឋ​មន្រ្តី​ ឆេកខ៍ ហាស៊ីណា (Sheikh Hasina) លាលែង​ចេញ​ពី​តំណែង​ ហើយ​រត់​ចោល​ស្រុកកាល​ពី​ថ្ងៃ​ចន្ទ​​។

អ្វី​ដែល​អ្នក​គាំទ្រ​បាតុកម្ម​ហៅ​ថា​ជា​ «ជ័យ​ជំនះ​សម្រាប់​ពលរដ្ឋ​បង់ក្លាដែស​» សម្រេច​ឡើង​ ដោយ​ឆ្លង​កាត់​ការ​​ស្លាប់ដោយសារ​​ហិង្សា​របស់​មនុស្ស​ជាង​ ៤០០ នាក់ ដែល​ភាគ​ច្រើន​ជា​សិស្ស​និស្សិត​ និង​ពលរដ្ឋ​សាមញ្ញ​​។

ប៉ុន្តែ​ជាក់​ស្ដែង​ នេះ​មិន​មែន​ជា​ការ​​ខាត​​បង់​តែ​មួយ​នោះ​ទេ​ ដោយ​អ្នក​សង្កេតការណ៍​ ក៏ដូច​ជា​អ្នក​វិភាគ​ បាន​មើល​ឃើញ​ពី​ផល​ប៉ះ​ពាល់​ផ្សេង​ៗ​ទាំង​រយៈពេល​ខ្លី​ និង​វែង​ ជា​ពិសេស​ផ្នែក​សេដ្ឋកិច្ច​ ដែល​មាន​កំណើន​យឺត​យ៉ាវ​រួច​ស្រាប់​ទៅ​ហើយនោះ​​​។​ នោះ​​ប្រហែល​​ជា​បញ្ហា​ដ៏​ស្រួច​ស្រាលមួយ​​ ដែល​អ្នក​ដឹក​នាំ​បន្ទាប់​ត្រូវ​ដោះ​ស្រាយ​ជា​បន្ទាន់​ ជៀស​វាងការ​ធ្លាក់​ចុះ​កាន់​តែ​ដុន​ ខណៈ​ឥឡូវ​នេះ​ ​បង់ក្លាដែស​ស្ថិត​នៅ​ក្រោម​បន្ទុក​​របស់​មេដឹកនាំ​បណ្ដោះ​អាសន្ន​​ គឺ​លោក​ Muhammad Yunus ដែល​ត្រូវ​បង្កើត​រដ្ឋាភិបាល​បណ្ដោះអាសន្ន​ឆ្លង​កាត់​សម័យ​អន្តរកាល​ មុន​ពេលមាន​​រដ្ឋាភិបាល​ថ្មី​​ក្រោយ​ការបោះ​ឆ្នោត​។

អ្នក​ជំនាញ​ព្រមាន​ថា​ ​បញ្ហា​ចោទ​មួយ​ដែល​ត្រូវ​ដោះ​ស្រាយ​ គឺ​ការ​​​​បញ្ឈប់​​​ការ​ដាំ​ក្បាល​ចុះ​នៃ​សេដ្ឋកិច្ច ចំ​ពេល​មាន​ការ​ភ័យ​ខ្លាច​កាន់​តែ​ខ្លាំង​ថា​ ការខូចខាតពីអំពើហិង្សាទ្រង់ទ្រាយធំចុងក្រោយ​ ភាពអត់ការងារធ្វើ អតិផរណាខ្ពស់​ដែលបន្តកើតមាន និងភាព​យឺត​យ៉ាវ​នៃ​​កំណើន​ផលិតផលក្នុងស្រុកសរុប [​GDP] អាចប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសបង់ក្លាដែស។ នេះ​បើ​តាម​ការ​ស្រង់​សម្ដី​របស់​សារព័ត៌មាន​ Al Jazeera។ អ្នក​ជំនាញ​បន្ត​ថា​ វា​ជា​ការណ៍​ដ៏​លំបាក​ខ្លាំង​ ដែល​​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​ត្រូវ​ប្រឈម​មុខ​ ជា​ពិសេស​​ស្រប​ពេល​ដែល​ សណ្តាប់ធ្នាប់សេដ្ឋកិច្ច និងនយោបាយ​អន្តរជាតិ​ ក៏​មានភាពវឹកវរខ្លាំង។

ប្រហែល​​១​សប្ដាហ៍​មុន​ពេល​លោក​ស្រី​ ហាស៊ីណា​ រត់​ចោល​ស្រុក​ សភាពាណិជ្ជកម្ម និងឧស្សាហកម្មរបស់វិនិយោគិនបរទេស (Ficci) នៅ​បង់ក្លាដែស​ បាន​អះ​អាង​ថា ​ភាព​ចលាចល​ចុង​ក្រោយ​បានជះឥទ្ធិពលយ៉ាងខ្លាំង ដែល​អាច​បង្ក​ការ​បាត់​បង់​ផ្នែក​សេដ្ឋកិច្ច​រហូត​ដល់​ ១០ ប៊ីលាន​ដុល្លារ​ ហើយ​ការ​បាត់​បង់​នេះ​រំពឹង​ថា​នឹង​កើន​ឡើង​ថែម​ទៀត​។ ​

ក្រៅ​ពី​នេះ​ សារព័ត៌មាន​ជាច្រើន​បាន​ផ្សាយ​ថា​ ភាព​ចលាចល​ចុង​ក្រោយរបស់​បង់ក្លាដែល​​ ​បាន​​បង្កើត​អសន្តិសុខ​ផ្សេង​ៗ​ រួម​ទាំង​ការ​សម្រុកចូល​​លួច​យក​របស់​របរ​តាម​ហាង​ ​​ការ​ដុត​រោងចក្រកាត់ដេរ​ និង​​ការ​បំផ្លិច​បំផ្លាញ​សម្ភារៈសាធារណៈ​ជាដើម។ ​​ជាក់​ស្ដែង​ទៅ​ ​ភាព​ចលាចល​បាន​រារាំងសកម្មភាពសេដ្ឋកិច្ចជាច្រើន មិន​ថា​ខ្នាតតូច​ ឬ​ធំ​​ទេ​ ដែល​ទាំងនោះ​រួមមានប្រតិបត្តិការប្រចាំថ្ងៃរបស់ទីផ្សារក្នុងស្រុក មន្ទីរពេទ្យ ការដឹកជញ្ជូន​ ការិយាល័យធ្វើការ​ ប្រព័ន្ធចែកចាយអាហារ ពាណិជ្ជកម្មអេឡិចត្រូនិក និងសហគ្រាសធុនតូច និងមធ្យមដែលពឹងផ្អែកលើពាណិជ្ជកម្មសង្គម។ លើស​​ពី​នេះ​ វា​ក៏ប៉ះពាល់ដល់ផលិតភាពរបស់មនុស្សផងដែរ។

ក្រៅពីនេះ មុន​ពេល​រដ្ឋាភិបាល​ដួលរលំ​ បម្រាមគោចរ​ ក៏​ត្រូវ​បាន​ដាក់​ចេញ ហើយ​អ៊ិនធឺណិត​ ដែល​ជា​បណ្ដាញ​ទំនាក់​ទំនង​ និង​ប្រតិបត្តិការ​សេដ្ឋកិច្ច​ដ៏​សំខាន់​ ក៏​ត្រូវ​បាន​បិទ។ យោងតាម​សេចក្ដី​រាយការណ៍​របស់​កាសែត​ Daily Star ប្រជាជនបង់ក្លាដែស​ បាន​​មិន​អាច​​ចូល​ប្រើ​ប្រាស់​​គណនីធនាគាររបស់​ខ្លួន​ ឬ​ទូទាត់​ប្រាក់​សម្រាប់​ការ​ចំណាយ​ផ្សេង​ៗ​ ​នៅ​ពេល​អ៊ិន​ធឺណិត​ត្រូវ​បាន​កាត់​ផ្ដាច់​ ដែលវា​​រំខាន​ទាំង​ពាណិជ្ចកម្ម​ទូទៅ និង​អេឡិចត្រូនិក​។

ផល​ប៉ះ​ពាល់​ជា​ក់​ស្ដែង​ដ៏​ធំ​មួយ​ទៀត​ គឺ​ការ​បិទ​រោងចក្រ​កាត់​ដេរ​ ខណៈ​វិស័យ​នេះ​រួម​ចំណែក​រហូត​ដល់​ ៨៥ ភាគរយ​នៃ​ការ​នាំចេញ​សរុប​របស់​ប្រទេស​ ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ ៣៨,៤ ប៊ីលាន​ដុល្លារ​ កាល​ពី​​ឆ្នាំ​ ២០២៣​។ នេះ​បើ​យោង​តាម​​ទិន្នន័យរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ គិត​ត្រឹម​ថ្ងៃ​ពុធ​ទី​ ៧ រោងចក្រ​កាត់ដេរជាច្រើន​ ​មិន​ទាន់បាន​បើក​ប្រតិបត្តិការ​ឡើង​វិញ​ទេ​ ខណៈ​អ្នក​ជំនាញ​គូស​បញ្ជាក់​ថា​ វា​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ក្រុម​ហ៊ុន​សម្លៀក​បំពាក់​ធំ​ៗ​ដូចជា​ H&M និង Zara ​ដោយសារ​តែ​បង់ក្លាដែស គឺជាមជ្ឈមណ្ឌល​សម្រាប់ផលិតសម្លៀកបំពាក់​ដ៏​សំខាន់​ សម្រាប់​ក្រុម​ហ៊ុន​ទាំង​នេះ​។

ការ​បិទ​រោង​ចក្រ​រយៈពេល​យូរ​ អាច​ធ្វើ​ឱ្យ​ម្ចាស់​រោង​ចក្រ​រង​​នូវ​ការ​ខាត​បង់​កាន់​តែ​ធ្ងន់​ធ្ងរ​ ខណៈ​កម្មករ​បាន​សម្ដែង​ការ​ព្រួយបារម្ភ​ថា​ វា​អាច​នឹង​ប៉ះ​ពាល់​ដល់​ការទទួល​បាន​ប្រាក់​ខែ​របស់​ពួកគេ​ ដែល​ជា​បន្ទុក​ដ៏​ធំ​សម្រាប់​សេដ្ឋកិច្ច​គ្រួសារ​ ចំ​ពេល​ដែល​អត្រា​អត់​ការ​ងារ​ធ្វើ​របស់​ប្រទេស​កើន​ឡើង​។ ទិន្នន័យ​ចេញផ្សាយ​ពី​ការិយាល័យស្ថិតិបង់ក្លាដែស (BBS) ក្នុងឆ្នាំនេះ បានបង្ហាញថា ក្នុងត្រីមាសទី១ នៃឆ្នាំ ២០២៤ អត្រាអ្នកអត់ការងារធ្វើនៅ​បង់ក្លាដែស បានកើនឡើង ៣,៥១ ភាគរយ​​ ដល់​ ២,៥៩ លាននាក់​ ​បើធៀបនឹងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣ (២,៣៥ លាននាក់​)។ នេះ​​បើ​តាមការ​រាយការណ៍​កាល​ពី​ខែ​ឧសភា​ របស់​​សារព័ត៌មាន​ Dhaka Tribune ។

ចលាចល​នយោបាយ​បង់ក្លាដែសដដែល​ កើត​ឡើង​ចំ​ពេល​ដែល​ប្រជាជន​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​អតិផរណា​ខ្ពស់​រួច​ទៅ​ហើយ​។ ក្នុង​ខែ​មេសា​ អតិផរណា​របស់​ប្រទេស​ បាន​ហក់​ឡើង​ដល់​ប្រមាណ​ ៩,៧ ភាគរយ​ ​ដែល​ជា​អត្រា​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​១​ទសវត្សរ៍​។ ហើយ​ឆ្នាំសារពើពន្ធ ២០២៤ នេះ​ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាន​​ព្យាករ​​ថា​ អត្រាអតិផរណា​នឹង​ស្ថិតនៅ​ខ្ពស់​ប្រមាណ​ ៩,៤ ភាគរយ​។ ទន្ទឹម​នឹង​នេះ​ IMF រំពឹងថា កំណើន GDP របស់​បង់ក្លាដែស ​ក៏នឹង​ថយចុះមកត្រឹម ៥,៧ ភាគរយ​នៅ​ឆ្នាំ​នេះ (ធៀប​នឹង​ការ​ព្យាករ​​ ៥,៦ ភាគរយ​របស់​ធនាគារ​ពិភព​លោក​)​ ដោយធ្លាក់​ពី​ ៦ ភាគរយ​​ កាល​ពី​ឆ្នាំ​មុន​។ ​

នេះ​បង្ហាញ​ថា​ មុន​ពេល​​រដ្ឋាភិបាល​ដួល​រលំ​ សេដ្ឋកិច្ច​របស់​បង់ក្លាដែស​បាន​ស្ថិត​ក្នុង​ភាព​ស្រពិច​ស្រពិល​រូច​ហើយ​។ កាលពីថ្ងៃទី ៣០ ខែកក្កដា ក្រុមហ៊ុន S&P Global Ratings បានទម្លាក់ចំណាត់ថ្នាក់បំណុល​រដ្ឋាភិបាល​រយៈពេលវែងរបស់ប្រទេស​ ទាំង​ប្រាក់​​ក្នុងស្រុក​តាកា (Taka) និងប្រាក់ដុល្លារ។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ NiKkei Asia ការ​ទម្លាក់​ចុះ​នេះ​បណ្ដាល​មក​ពី​ការចុះខ្សោយនៃជំហរឥណទានរបស់​ប្រទេស​ ជាជាងបាតុកម្ម​​របស់​និស្សិត​ ដូច​បាន​បង្ហាញ​តាម​រយៈ​ការថមថយ​ជា​លំដាប់​នៃ​​ប្រាក់​បម្រុង​ទុក​អន្តរជាតិ​។​

​យ៉ាង​ណា​មិញ​​ ទោះ​បី​ជា​ភាពចលាចលនៃ​នយោបាយបានបន្ថែមទៅលើបញ្ហាសេដ្ឋកិច្ចរបស់​បង់ក្លាដែស​ក៏​ដោយ​ ​ការយល់​ឃើញ​ខុស​គ្នា​ ​នៅ​តែ​មាន​​ជុំ​វិញ​​កម្រិត​នៃ​ផល​ប៉ះ​ពាល់​។ ​អ្នក​ជំនាញ​ខ្លះ​ បាន​និយាយ​ថា​ ស្ថានភាព​នៅ​បង់ក្លាដែស​ ខុស​ពីប្រទេស​​មីយ៉ាន់ម៉ា​ ដែល​មាន​របប​យោធា​ជា​អ្នក​គ្រប់​គ្រង​ ព្រោះថា​ ​បង់ក្លាដែស​កំពុង​ស្ថិត​នៅ​ក្នុង​ «របត់​ឆ្ពោះ​ទៅ​រក​របប​ប្រជាធិបតេយ្យ​» ក្រោយការ​គ្រប់​គ្រង​បែប​ផ្ដាច់​ការ​របស់​រដ្ឋាភិបាល​របស់​លោក​ស្រី​ ហាស៊ីណា​ ​​​​តាំង​ពី​ឆ្នាំ​ ២០០៨ មក​ ត្រូវ​បាន​បញ្ចប់​។

ផ្ទុយ​ពី​ការ​យល់​ឃើញ​នេះ​ អ្នក​ជំនាញ​ខ្លះ​លើក​ឡើង​ថា​ ​យុទ្ធសាស្រ្ត​ចិន​បូក​១ របស់ក្រុមហ៊ុនបរទេស​ផ្សេង​ៗ ក្នុង​កា​រ​ធ្វើពិពិធកម្មផលិតកម្មដើម្បី​ការពារ​ហានិភ័យភូមិសាស្ត្រនយោបាយអាមេរិក​-ចិន​ បានបង្កើនងារ​របស់​បង់ក្លាដែស ក្លាយ​ជា «រោងចក្រកាត់ដេររបស់ពិភពលោក»។ ប៉ុន្តែ​នៅ​ពេល​បាតុកម្ម​កក្រើ​ក​ឡើង​ រោង​ចក្រកាត់ដេរ​​នា​នា ដែល​ជាអ្នក​ផ្គត់ផ្គង់​ទៅ​ក្រុម​ហ៊ុន​ក្រៅ​ស្រុក​ ​ចាប់​ផ្ដើម​បិទប្រតិបត្តិការ​របស់​ខ្លួន​។​​ ​

ទន្ទឹម​នឹង​នេះ​ ក្រុមហ៊ុន​សេដ្ឋកិច្ច Capital Economics បាន​​លើក​ឡើង​ថា​ មាន​ហានិភ័យ​​ដែល​ភាព​ចលាចល​នឹង​បង្ក​ឱ្យ​​មាន​លំហូរ​ចេញ​ភ្លាមៗ​នៃសាច់​​ប្រាក់​របស់​វិនិយោគិន​បរទេស។ បញ្ហា​នយោបាយ ដែល​មិន​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ជាហានិភ័យសម្រាប់​ជំនួញ​នៅ​បង់ក្លាដែស​ពី​មុន​មក​នោះ​ អាចនឹង​រារាំងការវិនិយោគពី​សាជីវកម្មសកល​ផ្សេង​ៗ​ នៅក្នុងប្រទេសនេះ។​

លើស​ពី​នេះ​ ​បង់ក្លាដែសគ្រោងនឹង​ចាក​ចេញ​ពីចំណាត់ថ្នាក់​​ «​ប្រទេស​​អភិវឌ្ឍន៍តិចតួច» នៅខែវិច្ឆិកា ឆ្នាំ ២០២៦​។ ​ជាមួយ​នឹង​ចំណាត់ថ្នាក់​កាន់​តែ​ប្រសើរ​ឡើង​ ​ប្រទេសនេះនឹងលែងទទួលបានអត្ថប្រយោជន៍ពី​ការ​អនុគ្រោះពន្ធ​ទៀតហើយ ដែល​ធ្វើ​ឱ្យ​តម្លៃ​នាំ​ចេញ​កើន​ឡើង​ និងកាត់បន្ថយការប្រកួតប្រជែង។ ដូច្នេះ​ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូនាំចេញ នឹងមានសារៈសំខាន់​ណាស់​ក្នុង​ការកាត់បន្ថយផលប៉ះពាល់លើ​បញ្ហា​នេះ​។ យ៉ាង​ណា​មិញ​ អ្នក​វិភាគ​មើល​ឃើញ​ថា​ ​ភាពចលាចលនយោបាយនា​ពេល​បច្ចុប្បន្ន​ អាចប៉ះពាល់ដល់សមត្ថភាពរបស់​បង់ក្លាដែស​ ​ក្នុង​ការ​ពន្លឿន​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​ដៃគូ​របស់​ខ្លួន​។

ជាមួយ​នឹង​ក្រុម​ប្រជាជន​វ័យ​ក្មេង​ច្រើន​ បង់ក្លាដែស​បាន​មើល​ឃើញ​ពី​និន្នាការ​វិជ្ជមាន​ជាច្រើន​ ជា​ពិសេស​លើ​ការ​វីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​​ក្នុង​ស្រុក​។ ប៉ុន្តែ​ការណ៍​នេះ​ អាច​នឹង​យឺត​យ៉ាវ​វិញ​ ដោយសារ​តែ​បញ្ហា​នយោបាយ​។

ដោយសារ​តែ​កត្តាទាំងអស់នេះហើយ​ ដែល​អ្នក​វិភាគ​មើល​ឃើញ​ថា​ ​វា​មានសារៈសំខាន់សម្រាប់អាជ្ញាធរក្នុងការបង្កើតរដ្ឋាភិបាលថ្មី​ក្នុងប្រទេសបង់ក្លាដែសឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ស្ដារឡើងវិញនូវច្បាប់ និងសណ្តាប់ធ្នាប់ និង​ធ្វើការសម្រេចចិត្តគោលនយោបាយ ដើម្បី​ពង្រឹង​អំណាចសេដ្ឋកិច្ចឡើង​វិញ​​ក្នុង​វិបត្តិដែលកំពុងកើតមាន៕

​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៥ នាទី មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​តើ​ក្រុមហេសបូឡា​​នៅ​លីបង់​ជានរណា និង​ ហេតុអ្វី​ត្រូវធ្វើសត្រូវ​ជាមួយអ៊ីស្រាអែល?​

ព័ត៌មានជាតិ១ ម៉ោង មុន

តុលាការកំពូល បំភ្លឺអង្គហេតុ និងច្បាប់ ជុំវិញវិវាទដីធ្លីនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ជំនឿ​កប់សពរួម​​ក្នុង​ព្រៃជនជាតិដើមភាគ​តិច​ខេត្ត​មណ្ឌលគិរីដាក់ពាងចំណាំំ ចែក​​​តាមឋានៈគ្រួសារ

សេដ្ឋកិច្ច២ ម៉ោង មុន

លោក វង្សី វិស្សុត៖ ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិ​កាសំ​ខាន់​​ដើម្បី​ជំរុញ​សកល​ភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ​

Sokha Hotels

ព័ត៌មានពេញនិយម