ព័ត៌មានអន្ដរជាតិ
ការធ្លាក់ចុះសេដ្ឋកិច្ចសកល បង្កើនភាពអត់ការងារធ្វើនៅឥណ្ឌូណេស៊ី
ការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល កំពុងបង្កើនភាពអត់ការងារធ្វើនៅឥណ្ឌូណេស៊ី ដោយក្រសួងធនធានមនុស្សរបស់ប្រទេស បានរាយការណ៍ថា កម្មករចំនួន ៣២ ០៦៤ នាក់ ត្រូវបានបញ្ឈប់ពីការងារនៅចន្លោះពីខែមករា-មិថុនា ឆ្នាំ ២០២៤ ពោលគឺកើនឡើង ២១,៤ ភាគរយ ធៀបនឹងការបញ្ឈប់កម្មករចំនួន ២៦ ៤០០ នាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe។

ទិន្នន័យពីទីភ្នាក់ងារស្ថិតិកណ្តាលឥណ្ឌូណេស៊ី (BPS) បានបង្ហាញថា អត្រាគ្មានការងារធ្វើរបស់ប្រទេស មានប្រមាណ ៤,៨២ ភាគរយ។ យុវជនដែលមានអាយុពី ១៥-២៤ ឆ្នាំ ប្រឈមមុខនឹងអត្រាគ្មានការងារធ្វើខ្ពស់បំផុត រហូតដល់ ១៦,៤២ ភាគរយ ខណៈក្រុមប្រជាជនអាយុពី ២៥-៥៩ ឆ្នាំ មានមានអត្រាទាបជាង ៣,០៨ ភាគរយ។
អនុប្រធានាធិបតីឥណ្ឌូណេស៊ី លោក Ma’ruf Amin បានកត់សម្គាល់កាលពីពេលថ្មីនេះថា ការប្រឈមនេះគឺជាបញ្ហាសកល ដែលជំរុញដោយលក្ខខណ្ឌសេដ្ឋកិច្ច និងការប្រកួតប្រជែងទីផ្សារការងារដ៏ខ្លាំងក្លា។ ដើម្បីប្រឆាំងនឹងបញ្ហានេះ រដ្ឋាភិបាលកំពុងផ្តោតលើការបង្កើនឱកាសការងារតាមរយៈការវិនិយោគពីបរទេស។
លោក Ma’ruf និយាយថា៖ «យើងកំពុងធ្វើការក្នុងគោលបំណងទាក់ទាញការវិនិយោគបរទេសបន្ថែមទៀត ដើម្បីបង្កើតការងារ»។ លោកបានសង្កត់ធ្ងន់លើតម្រូវការឱ្យអ្នកស្វែងរកការងារធ្វើមានជំនាញស្របតាមតម្រូវការឧស្សាហកម្ម និងបានលើកឡើងពីសារៈសំខាន់នៃការបណ្តុះបណ្តាលវិជ្ជាជីវៈ។

ចំណែកឯអនុរដ្ឋមន្ត្រីក្រសួងធនធានមនុស្សឥណ្ឌូណេស៊ី លោក Afriansyah Noor បានកត់សម្គាល់ថា ក្រសួងកំពុងវិភាគលើការកើនឡើងនៃការបញ្ឈប់ការងារ ជាពិសេសក្នុងវិស័យដែលពឹងផ្អែកលើកម្លាំងពលកម្ម។ ខណៈអាជីវកម្មមួយចំនួនកំពុងបិទ ការវិនិយោគថ្មីៗនៅក្នុងវិស័យទាំងនេះកំពុងលេចឡើង ដោយផ្តោតលើការប្រើប្រាស់ធនធានមនុស្សក្នុងស្រុក។
លោកបន្តយ៉ាងដូច្នេះថា៖ «ការធ្លាក់ចុះសេដ្ឋកិច្ចជាសកល បានធ្វើឱ្យតម្រូវការធ្លាក់ចុះ ដែលប៉ះពាល់ដល់រោងចក្រដែលផ្ដល់ផលិតផលសម្រាប់ការនាំចេញ»។ គួរគូសបញ្ជាក់ថា កន្លងមក សហព័ន្ធកម្មករឥណ្ឌូណេស៊ី (KSPN) បានអះអាងថា កម្មករប្រមាណជិត ៥០ ០០០ នាក់ក្នុងឧស្សាហកម្មវាយនភណ្ឌ និងផលិតផលវាយនភណ្ឌ (TPT) ត្រូវបានបញ្ឈប់ពីការងារ ចាប់ពីខែមករា ឆ្នាំ ២០២៤ ដល់ដើមខែមិថុនា។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនជាច្រើនមិនបញ្ចេញទិន្នន័យរបស់ពួកគេទេ ព្រោះខ្លាចប៉ះពាល់ដល់ទំនាក់ទំនង និងភាពជឿជាក់របស់អ្នកទិញ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច