ព័ត៌មានអន្ដរជាតិ
តើឥណ្ឌូណេស៊ីគួរធ្វើបែបណា ដើម្បីជំរុញការ ប្រើប្រាស់ម៉ូតូអគ្គិសនីឱ្យបាន ៥៥ លានគ្រឿង ត្រឹមឆ្នាំ ២០៣០?
ឥណ្ឌូណេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍ កំពុងកាត់បន្ថយការបំភាយកាបូនលើវិស័យយានយន្ត ដោយងាកទៅប្រើប្រាស់យានយន្តអគ្គិសនី រួមមានម៉ូតូអគ្គិសនី ដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ឆ្ពោះទៅរកគោលដៅអាកាសធាតុរបស់ខ្លួន។

យ៉ាងណាមិញ ទិន្នន័យគិតត្រឹមខែកុម្ភៈឆ្នាំមុន បានបង្ហាញថា ម៉ូតូអគ្គិសនីរួមចំណែកតិចតួចខ្លាំង ធៀបទៅនឹងម៉ូតូធម្មតាប្រមាណ ១២០ លានគ្រឿង ដែលប្រជាជនឥណ្ឌូណេស៊ីប្រើប្រាស់ ដែលធ្វើឱ្យការផ្លាស់ប្ដូរបៃតងលើវិស័យនេះ អាចជាការលំបាកសម្រាប់រដ្ឋាភិបាលឥណ្ឌូណេស៊ី។
ការសិក្សាកាលពីដើមឆ្នាំមុនរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលកត់សម្គាល់បទពិសោធន៍ពីបណ្តាប្រទេសអាស៊ីផ្សេងទៀត បានបង្ហាញថា ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុត្រូវតែខ្ពស់ខ្លាំង ដើម្បីបញ្ចុះបញ្ចូលអតិថិជនឱ្យជ្រើសរើសម៉ូតូអគ្គិសនី។ ម្យ៉ាងវិញទៀត ការហាមប្រាម ឬកំណត់ការប្រើប្រាស់ម៉ូតូស៊ីសាំង ក៏អាចនាំឱ្យមានការផ្លាស់ប្ដូរទៅប្រើប្រាស់ម៉ូតូអគ្គិសនីយ៉ាងលឿនផងដែរ។
មធ្យោបាយធ្វើដំណើរអគ្គិសនី (E-mobility) គឺជាផ្នែកមួយដ៏សំខាន់នៃរបៀបវារៈរបស់ឥណ្ឌូណេស៊ី ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់របស់ខ្លួនចំនួន ២៩ ភាគរយ នៅឆ្នាំ ២០៣០។ ការផ្តោតសំខាន់នៃយុទ្ធសាស្រ្ត e-mobility គឺផ្តោតលើការប្រើប្រាស់ឡានក្រុងដឹកជញ្ជូនសាធារណៈអគ្គិសនី និងម៉ូតូអគ្គិសនី ខណៈឥណ្ឌូណេស៊ីមានអ្នកប្រើប្រាស់ម៉ូតូច្រើនជាងប្រើប្រាស់ឡាន។ បច្ចុប្បន្ន រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងកំណត់គោលដៅប្រើប្រាស់ម៉ូតូអគ្គិសនី ឱ្យបាន ២ លានគ្រឿងនៅឆ្នាំ ២០២៥។

ការសិក្សារបស់ ADB បានមើលឃើញថា បើគ្មានការគាំទ្រពីរដ្ឋាភិបាល នោះតម្រូវការសម្រាប់ម៉ូតូអគ្គិសនីខ្នាតតូចៗ នឹងមានកាន់តែច្រើន ដោយវានឹងជំនួសការប្រើប្រាស់កង់ និងមធ្យោបាយដឹកជញ្ជូនសាធារណៈ ជាជាងម៉ូតូស៊ីសាំង ដែលនឹងពិបាកកាត់បន្ថយការបំភាយកាបូនឱ្យមានប្រសិទ្ធិភាព។
ការសិក្សាដដែល បានប៉ាន់ប្រមាណថា ឥណ្ឌូណេស៊ីត្រូវការប្រាក់ ១,១ ប៊ីលានដុល្លារ ដើម្បីសម្រេចបានគោលដៅឆ្នាំ ២០២៥ ដោយតាមរយៈការឧបត្ថម្ភធនដល់ម៉ូតូជាធំ និងការវិនិយោគលើស្ថានីយ៍សាកថ្មជាដើម។ យ៉ាងណាមិញ ការចំណាយនេះមិនសមនឹងតម្លៃសេដ្ឋកិច្ចទេ។
ក្រៅពីនេះ ការសិក្សារបស់ ADB និយាយថា រដ្ឋាភិបាលឥណ្ឌូណេស៊ីគួរតែចាត់វិធានការជាដំណាក់កាល ហើយអាចចាប់ផ្តើមដាក់កម្រិតលើការប្រើប្រាស់ម៉ូតូស៊ីសាំងទៅតាមតំបន់នៃទីក្រុង ក្រោយមកពង្រីកការដាក់កម្រិតនេះទៅតំបន់ជនបទ ជាមួយនឹងគោលដៅបង្កើនការប្រើប្រាស់ម៉ូតូអគ្គសនី ១២ លានគ្រឿង ទៅ ៥៥ លានគ្រឿងនៅឆ្នាំ ២០៣០។
ក្រោមសេណារីយ៉ូនេះ ការសិក្សាព្យាករថានឹងជួយកាត់បន្ថយកាបូនឌីអុកស៊ីតចំនួន ៣៩ លានតោន ភាគល្អិតនិចល PM 2.5 ចំនួន ១០ ០០០ តោន អាសូតម៉ូណូអុកស៊ីដ ៦៥ ០០០ តោន។ ជាលទ្ធផល ឥណ្ឌូណេស៊ីអាចសន្សំប្រាក់ប្រមាណ ៣,៤ ប៊ីលានដុល្លារជារៀងរាល់ឆ្នាំ ដោយសារតែការកាត់បន្ថែមឧស្ម័ន។
ការសិក្សារបស់ ADB ក៏គូសបញ្ជាក់ពីតម្រូវការនៃការបង្កើនស្ថានីយសាកភ្លើងម៉ូតូអគ្គិសនីផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?