ព័ត៌មានអន្ដរជាតិ
វិស័យឯកជនថៃជឿថា នាយករដ្ឋមន្រ្តីថៃថ្មី លោកស្រី ផែតងតាន នឹងបន្តគោលនយោបាយសេដ្ឋកិច្ចដែលមានស្រាប់
វិស័យឯកជនថៃជឿជាក់ថា លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ដែលជាមេដឹកនាំគណបក្សកាន់អំណាចភឿថៃ អាចបន្តគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលផ្សេងៗដោយរលូន ពេលលោកស្រីក្លាយជានាយករដ្ឋមន្ត្រីថ្មី។ នេះតាមការចុះផ្សាយរបស់កាសែត The Nation មុនពេលលោកស្រីត្រូវបានបោះឆ្នោតក្លាយជានាយករដ្ឋមន្រ្តីថៃទី ៣១ នាថ្ងៃសុក្រនេះ ដោយទទួលបានសម្លេងគាំទ្រច្រើនលើសលុបនៅក្នុងសភា ហើយនឹងបន្តវេនពីលោក សេដ្ឋា ថាវីស៊ីន ដែលតុលាការធម្មនុញ្ញដកតំណែងកាលពីថ្ងៃពុធ។

ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) លោក Kriengkrai Thiennukul បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រី ផែតងតាន មានភាពថ្មីស្រឡាងផ្នែកនយោបាយ ធៀបនឹងលោក Chaikasem Nitisiri ដែលជាបេក្ខភាពនយោបាយសំខាន់មួយរូបទៀត ប៉ុន្តែភាពជាអ្នកជំនាន់ថ្មីគឺជាកម្លាំង មិនមែនជាឧបសគ្គទេ។
លោកស្រី ផែតងតាន ដែលបច្ចុប្បន្នមានវ័យ ៣៧ ឆ្នាំ និងជាកូនស្រីរបស់អតីតនាយករដ្ឋមន្រ្តី តាក់ស៊ីន ស៊ីណាវ៉ាត្រា បានចូលប្រឡូកក្នុងឆាកនយោបាយជាង១ឆ្នាំមុន ក្នុងនាមជាបេក្ខជននាយករដ្ឋមន្ត្រីម្នាក់របស់គណបក្សភឿថៃ។ លោក Kriengkrai លើកឡើងថា FTI ជឿជាក់ថា ក្រោមការដឹកនាំរបស់លោកស្រី ផែតងតាន គោលនយោបាយភាគច្រើនដែលដាក់ចេញដោយរដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃ នឹងបន្តដូចការគ្រោងទុក ប៉ុន្តែប្រហែលជាមិនមែនទាំងអស់នោះទេ ដោយសារស្ថានភាពនយោបាយ និងការផ្លាស់ប្ដូរនៃសេដ្ឋកិច្ច។
ចំណែកឯ ប្រធានសភាពាណិជ្ជកម្មថៃ (TCC) លោក Sanan Angubolkul វិញ បាននិយាយថា ក្រោយការបោះឆ្នោតនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃសុក្រនេះ រដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃទំនងជានឹងបន្តគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួនភាគច្រើន ដើម្បីស្តារទំនុកចិត្តឡើងវិញក្នុងចំណោមវិនិយោគិនថៃ និងបរទេស។

លោកក៏សង្ឃឹមផងដែរថា រដ្ឋាភិបាលថ្មីនឹងបន្តជំរុញការប្រកួតប្រជែងរបស់ប្រទេសថៃក្នុងកម្រិតអន្តរជាតិ និងចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូបន្ថែមទៀត ដើម្បីជំរុញវិស័យនាំចេញ។
ភ្លាមៗក្រោយការជាប់ឆ្នោត គេមិនទាន់ដឹងថាលោកស្រី ផែតងតាន នឹងបន្ត ឬដកគោលនយោបាយសេដ្ឋកិច្ចណាមួយ ដែលបន្សល់ពីលោក សេដ្ឋា នោះទេ។ ប៉ុន្តែអ្នកវិភាគនយោបាយ និងសេដ្ឋកិច្ច មើលឃើញថា លោកស្រីនឹងបន្តគោលនយោបាយលើវិស័យទេសចរណ៍ ខណៈមានការទាមទារឱ្យរដ្ឋាភិបាលពន្លឿនគោលនយោបាយសេដ្ឋកិច្ចផ្សេងៗ ដូចជាការបញ្ចេញថវិកាជាតិជាដើម។
យ៉ាងណាមិញ គម្រោង «កាបូបឌីជីថល» ដែលគ្រោងអនុវត្តនៅត្រីមាសចុងក្រោយឆ្នាំនេះ កំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិល ក្រោយមានសេចក្ដីរាយការណ៍ថា លោក តាក់ស៊ីន បញ្ជាឱ្យលោកស្រី ផែតងតាន ទម្លាក់វាចោល ដោយសំអាងថាសេដ្ឋកិច្ចរបស់ប្រទេសកំពុងស្ថិតនៅក្នុងភាពទន់ខ្សោយ។ គម្រោងដ៏ចម្រូងចម្រាស់ ហើយត្រូវចំណាយប្រាក់ប្រមាណជាង ១២ ប៊ីលានដុល្លារមួយនេះ ត្រូវបានក្រសួងហិរញ្ញវត្ថុថៃព្យាករថា នឹងជួយជំរុញអត្រាកំណើនសេដ្ឋកិច្ចចន្លោះពី ១,២ ដល់ ១,៨ ភាគរយ បន្ថែមទៀតពីលើការព្យាករ ២,៧ ភាគរយ សម្រាប់ឆ្នាំ ២០២៤៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៦ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី