Connect with us

ព័ត៌មានអន្ដរជាតិ

Samsung រង​ការ​ប្រកួត​ប្រជែង​នៅ​ទីផ្សារ​អាស៊ីអាគ្នេយ៍​កាន់តែ​ខ្លាំង​ពី​ក្រុមហ៊ុនស្មាតហ្វូន​ចិន​

បានផុស

នៅ

ក្រុមហ៊ុន Samsung Electronics ​នៅតែ​រក្សាតំណែងឈានមុខគេ​​ក្នុង​ទីផ្សារស្មាតហ្វូនសំខាន់ៗ​នៅ​អាស៊ីអាគ្នេយ៍ ប៉ុន្តែប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើង​ៗ​ពីក្រុមហ៊ុន​គូប្រជែង​ចិន ដែល​លក់​ស្មាតហ្វូន​ក្នុង​តម្លៃ​ថោក​ៗ​ជាង​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ The Nation ដែល​ស្រង់​ទិន្នន័យ​ពី​របាយការណ៍ឧស្សាហកម្មមួយ​ ចេញ​ផ្សាយ​កាលពីថ្ងៃព្រហស្បតិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​ពី​ក្រុម​ហ៊ុន​តាមដានទីផ្សារ Canalys បាន​បង្ហាញ​ថា​ អំឡុងពី​ខែមេសា ដល់ខែមិថុនា ក្រុមហ៊ុន Samsung បានកាន់កាប់ចំណែកទីផ្សារស្មាតហ្វូន​របស់​តំបន់​ចំនួន​ ១៨ ភាគរយ​។ តួលេខ​នេះ បង្ហាញ​ពី​​ការ​​ធ្លាក់​ចុះ ២ ភាគរយ​ ធៀបនឹង​រយៈ​ពេល​ដូចគ្នា​មុន​ ​​ខណៈ​ក្រុម​ហ៊ុន​ស្មាតហ្វូន​ចិន​ Xiaomi និង Oppo មាន​ចំណែក​ទីផ្សារ​ ១៧ ភាគរយ​ រៀង​ខ្លួន​ៗ​។

​នៅ​ត្រីមាស​ទី​២​ឆ្នាំ​ ២០២៤​ ដដែល​ ក្រុម​ហ៊ុន​ Samsung បាន​នាំ​ចេញ​ស្មាត​ហ្វូន​ចំនួន ៤,៤ លាន​គ្រឿង ​កើន​ឡើង​ ៥ ភាគរយ​ ខណៈ​ការ​លក់​របស់​ ​ Xiaomi បាន​កើន​ឡើង​ ៣៧ ភាគរយ​ ហើយ​ Oppo បាន​កើន​ ២៤ ភាគរយ​។​ យ៉ាង​ណា​មិញ​ តាមបណ្តាប្រទេស​ដែល​ជា​ទីផ្សារ​ស្មាតហ្វូន​សំខាន់​ៗ​ ក្រុមហ៊ុន Samsung មិន​បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​លើ​ការ​លក់​នោះ​ទេ​ ដោយ​ក្រុម​ហ៊ុន​ Xiaomi ជា​អ្នក​លក់​ដាច់ស្មាតហ្វូន​បំផុត​នៅ​​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី ខណៈ Oppo លក់​ដាច់បំផុត​​នៅ​​ថៃ និង​វៀតណាម។

ក្រុម​ហ៊ុន​ Canalys បាននិយាយថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនកំពុងឈានមុខគេជាមួយនឹងតម្លៃ​ថោក​ និង​ការលក់​ជំរុញ​ផ្សេង​ៗ​ ​ដោយទាញយកអត្ថប្រយោជន៍ពីស្ថានភាព​តម្រូវការ​ដែល​ប្រែប្រួលតាម​តម្លៃ​នៅអាស៊ីអាគ្នេយ៍។ រហូតមកដល់ពេលនេះ Samsung អាច​រក្សាតំណែងកំពូលរបស់ខ្លួនភាគច្រើនបាន​ ដោយសារតែភាពលេចធ្លោ​របស់​ក្រុមហ៊ុន​​​លើ​ស្មាតហ្វូន​ ដែឡល​មាន​តម្លៃ​​ពី​មធ្យម​ទៅ​ទាប​ ជា​ជាង​​​តម្លៃ​ខ្ពស់​។ ការណ៍​នេះ​ ទាម​ទារ​ឱ្យ​ Samsung បង្កើនយុទ្ធសាស្ត្រកំណត់តម្លៃរបស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនចិន។

ថ្មីៗនេះ ក្រុម​ហ៊ុន​ Samsung បានបាត់​បង់​តំណែង​កំពូល​​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ ​Xiaomi នៅ​ឥណ្ឌា​ ​ដែលជាទីផ្សារស្មាតហ្វូនធំបំផុតរបស់ពិភពលោក ​ខណៈ​ចំណែកទីផ្សារសកលរបស់​ក្រុម​ហ៊ុន​កូរ៉េខាង​ត្បូង​ បានធ្លាក់ចុះមកនៅត្រឹម ១៩ ភាគរយ​ក្នុងត្រីមាសទី២ ពី ២១ ភាគរយ​ កាល​ពី​ឆ្នាំមុន។ ក្នុងអំឡុងពេលដូចគ្នានេះ ចំណែកទីផ្សារសកលរបស់ក្រុមហ៊ុន​ Xiaomi បានកើនឡើងពី ១៣ ទៅ ១៥ ភាគរយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម