ព័ត៌មានអន្ដរជាតិ
មន្រ្តីថៃអំពាវនាវជាថ្មី ឱ្យមានការចរចាលើតំបន់ប្រេងត្រួតស៊ីគ្នាជាមួយកម្ពុជា
កាសែតបាងកកប៉ុស្តិ៍បានចុះផ្សាយកាលពីដើមសប្ដាហ៍មុនថា វិទ្យាស្ថានប្រេងថៃកំពុងជំរុញអាជ្ញាធរថាមពល និងកិច្ចការបរទេសថៃ ឱ្យចូលរួមពិភាក្សាជាមួយកម្ពុជាលើការទាញយកប្រេងរួមគ្នាក្នុងតំបន់ទាមទារត្រួតស៊ីគ្នា (OCA) ដែលស្ថិតនៅឈូងសមុទ្រថៃ ខណៈមិនទាន់ឃើញមានវឌ្ឍនភាពលើបញ្ហានេះ រាប់ចាប់តាំងពីដើមឆ្នាំមក។

ប្រភពម្នាក់ពីវិមានរដ្ឋាភិបាលបានប្រាប់បាងកកប៉ុស្តិ៍ ដោយនិយាយជាអនាមិកថា ក្រោយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានទៅបំពេញទស្សនកិច្ចនៅប្រទេសថៃកាលពីខែកុម្ភៈមក គេមិនទាន់ឃើញមានសំណើសុំការពិភាក្សាបន្ថែមនោះទេ។ ក្នុងដំណើរទស្សនកិច្ចនោះ ថៃ និងកម្ពុជា បានយល់ព្រមបន្តការចរចាលើ OCA ដែលបានជាប់គាំងចាប់តាំងពីបញ្ហានេះលេចឡើងក្នុងឆ្នាំ ២០០១។
នាយកប្រតិបត្តិនៃវិទ្យាស្ថានប្រេងថៃ លោក Kurujit Nakornthap បាននិយាយប្រាប់បាងកកប៉ុស្តិ៍ថា ប្រសិនបើថៃ និងកម្ពុជាធ្វើការរួមគ្នា ដើម្បីធានាឱ្យមានការចរចាប្រកបដោយជោគជ័យ ពួកគេនឹងទទួលបាននូវប្រភពថាមពលថ្មីមួយ ដែលអាចផ្តល់សន្តិសុខថាមពលសម្រាប់ប្រទេសទាំង២។
លោក Kurujit ជឿជាក់ថា ការខ្វែងគំនិតគ្នាលើជម្លោះនៅដែនសមុទ្ររវាងថៃ និងកម្ពុជា អាចត្រូវបានដោះស្រាយតាមរយៈការចរចា ព្រោះថៃក៏ធ្លាប់មានបញ្ហាដូចគ្នាជាមួយវៀតណាម មុនពេលត្រូវបានដោះស្រាយនៅខែសីហា ឆ្នាំ ១៩៩៧។ លោកបន្តយ៉ាងដូច្នេះថា៖ «ភាពជោគជ័យដូចគ្នាក៏អាចកើតឡើងដែរ ដោយអាស្រ័យលើការប្តេជ្ញាចិត្តរបស់អាជ្ញាធរ ក្នុងការជំរុញឱ្យមានការចរចាជាមួយប្រទេសកម្ពុជាយ៉ាងម៉ឺងម៉ាត់»។

មន្រ្តីថៃដដែល បានលើកឡើងថា ការអភិវឌ្ឍកន្លែងផលិតប្រេងថ្មីនៅ OCA នឹងមិនត្រូវចំណាយពេលវេលាទេ ព្រោះថៃបានដាក់ហេដ្ឋារចនាសម្ព័ន្ធនៅទីនោះរួចហើយ ពោលគឺចាប់តាំងពីប្រទេសបានរកឃើញកំណប់ប្រេងនៅឈូងសមុទ្រថៃ។
គួរបញ្ជាក់ថា ថៃមិនបានអភិវឌ្ឍវិស័យប្រេង និងឧស្ម័នថ្មីអស់រយៈពេលជាង ១៥ ឆ្នាំមកហើយ ដែលបង្កឱ្យមានការព្រួយបារម្ភចំពោះការថយចុះការផ្គត់ផ្គង់ឧស្ម័នក្នុងស្រុក ដែលនឹងបង្ខំឱ្យប្រទេសនេះនាំចូលឧស្ម័នធម្មជាតិពង្រាវ (LNG) បន្ថែមទៀត។ ឧស្ម័នរួមចំណែកប្រមាណ ៦០ ភាគរយ នៃឥន្ធនៈដែលប្រើដើម្បីបង្កើតថាមពលក្នុងប្រទេសថៃ។ ប្រសិនបើការពឹងផ្អែករបស់ថៃលើការនាំចូល LNG កើនឡើង នោះប្រទេសនឹងប្រឈមនឹងបញ្ហាឡើងចុះនៃតម្លៃថាមពលសកល។
តំបន់ទាមទារត្រួតស៊ីគ្នាកម្ពុជា-ថៃ មានទំហំប្រហែល ២៦ ០០០ គីឡូម៉ែត្រការ៉េក្នុងឈូងសមុទ្រថៃ និងត្រូវបានប៉ាន់ប្រមាណពីមុនថា អាចមានកំណប់ឧស្ម័នធម្មជាតិរហូតដល់ ១១ ទ្រីលានហ្វីតគូប ក៏ដូចជាបរិមាណដ៏ច្រើននៃប្រេងកាត។ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ រវាងថៃ និងកម្ពុជា បានគូសបញ្ជាក់អំពីក្របខណ្ឌដែលបានព្រមព្រៀងដើម្បីដោះស្រាយជម្លោះដែនសមុទ្រ ប៉ុន្តែភាពតានតឹងផ្នែកនយោបាយ និងបញ្ហាជុំវិញការបោះបង្គោលព្រំដែនគោករវាងប្រទេសទាំង២ បានរួមចំណែកធ្វើឱ្យការពិភាក្សាស្ដីពីតំបន់ត្រួតស៊ីគ្នាត្រូវជាប់គាំង៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល