ព័ត៌មានអន្ដរជាតិ
កាម៉ាឡា ហារីស ប្ដេជ្ញាបង្កើនពន្ធសាជីវកម្មដល់ ២៨ ភាគរយ ប្រសិនបើលោកស្រីជាប់ឆ្នោត
អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី កាម៉ាឡា ហារីស បានប្ដេជ្ញាថានឹងបង្កើនពន្ធសាជីវកម្មឱ្យដល់ ២៨ ភាគរយ ប្រសិនបើលោកស្រីឈ្នះការបោះឆ្នោតប្រធានាធិបតីទល់នឹងលោក ដូណាល់ ត្រាំ នាខែវិច្ឆិកាខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

អ្នកនាំពាក្យយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី លោក James Singer បាននិយាយថា ការផ្លាស់ប្តូរនេះនឹងក្លាយជាផ្នែកមួយនៃការខុសត្រូវផ្នែកសារពើពន្ធ ដើម្បីធានាថាពួកមហាសេដ្ឋី និងសាជីវកម្មធំៗបង់ចំណែកពន្ធរបស់ខ្លួនដោយស្មើភាព។
គួររំឭកថា ពេលលោក ត្រាំ នៅជាប្រធានាធិបតី លោកបានកាត់បន្ថយអត្រាពន្ធសាជីវកម្មមកនៅត្រឹម ២១ ភាគរយ ពីអត្រាចាស់ ៣៥ ភាគរយ ហើយបានអនុវត្តការបន្ធូរបន្ថយពន្ធផ្សេងៗទៀត ដែលកំណត់ថានឹងផុតកំណត់នៅឆ្នាំក្រោយ។ បេក្ខជនមកពីគណបក្សសាធារណរដ្ឋរូបនេះ នាពេលកន្លងមក បានប្តេជ្ញាថានឹងកំណត់ការកាត់បន្ថយពន្ធរបស់ខ្លួនជាគោលនយោបាយអចិន្ត្រៃយ៍។
គណៈកម្មាធិការសម្រាប់ការប្រើថវិកាសហព័ន្ធប្រកបដោយទំនួលខុសត្រូវ ដែលជាអង្គការតស៊ូមតិលើបញ្ហាថវិកាសហព័ន្ធ និងសារពើពន្ធ បាននិយាយកាលពីថ្ងៃចន្ទថា សំណើរបស់លោកស្រី ហារីស ដែលជាបេក្ខជនឈរឈ្មោះមកពីគណបក្សប្រជាធិបតេយ្យ ក្នុងការបង្កើនអត្រាពន្ធលើប្រាក់ចំណូលសាជីវកម្មដល់ ២៨ ភាគរយ នឹងកាត់បន្ថយឱនភាពថវិការបស់សហរដ្ឋអាមេរិកចំនួន ១ ទ្រីលានដុល្លារក្នុងរយៈពេល១ទសវត្សរ៍។

ការផ្លាស់ប្ដូរអត្រាពន្ធរបស់សហរដ្ឋអាមេរិក ទាមទារឱ្យមានការយល់ព្រមពីសភា ហើយបច្ចុប្បន្ន គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ កំពុងស្ថិតក្នុងការប្រជែងគ្នាយ៉ាងតឹងរ៉ឹងដើម្បីគ្រប់គ្រងព្រឹទ្ធសភា និងសភាតំណាងរាស្រ្តក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី ៥ ខែវិច្ឆិកា ខាងមុខ។ កន្លងមក លោកស្រី ហារីស បានប្ដេជ្ញារក្សាការសន្យារបស់លោកប្រធានាធិបតី ចូ បៃដិន ថានឹងមិនដំឡើងពន្ធលើពលរដ្ឋដែលរកចំណូលត្រឹម ឬតិចជាង ៤០០ ០០០ ដុល្លារ/ឆ្នាំ។
ក្នុងសុន្ទរកថាគោលនយោបាយសេដ្ឋកិច្ចកាលពីសប្តាហ៍មុន លោកស្រី ហារីស បានគូសបញ្ជាក់អំពីសំណើកាត់បន្ថយពន្ធសម្រាប់ពលរដ្ឋអាមេរិកភាគច្រើន ហាមឃាត់ការតម្លើងថ្លៃទំនិញរបស់ហាងទំនិញ និងសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យបន្ថែមទៀត ប្រសិនបើលោកស្រីឡើងកាន់អំណាច។
គេមើលឃើញថា ភាពខុសគ្នារវាងគោលនយោបាយពន្ធ គឺជាយុទ្ធសាស្រ្តទាក់ទាញអ្នកគាំទ្រសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាមេរិក ដោយគណបក្សប្រជាធិបតេយ្យទំនោរផ្ដោតលើបញ្ហាសង្គមសេដ្ឋកិច្ច ដែលអាចទាញសម្លេងគាំទ្រពីក្រុមវណ្ណៈកណ្ដាល ខណៈគណបក្សសាធារណរដ្ឋទំនោរផ្ដោតគោលនយោបាយដែលអនុគ្រោះដល់ផលប្រយោជន៍ជំនួញ និងពាណិជ្ជកម្ម៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ