ព័ត៌មានអន្ដរជាតិ
អ្នកជំនាញព្រមានថា បាតុភូតអាកាសធាតុ ឡា នីណា អាចបង្កើនការព្រួយបារម្ភលើទីផ្សារទំនិញ
អ្នកជំនាញបានព្រមានថា ដំណាក់កាលនៃបាតុភូតអាកាសធាតុ ឡា នីណា អាចបង្កើនការព្រួយបារម្ភលើទីផ្សារទំនិញ ដោយវារំពឹងថានឹងបង្កើតការរំខានដល់ការផ្គត់ផ្គង់ និងបង្កការប្រែប្រួលនៃតម្លៃ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានតួកគី Anadolu។
បើតាមរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិអាមេរិក (NOAA) បាតុភូត ឡា នីណា (La Nina) នឹងចាប់ផ្តើមនៅចុងរដូវក្តៅនេះ (ចុងខែកញ្ញា) បន្ទាប់ពីបាតុភូតអាកាសធាតុ អេល នីណូ (El Nino) បញ្ចប់ទៅ។
ដំណាក់កាល អេល នីណូ កំណត់ដោយសីតុណ្ហភាពលើផ្ទៃសមុទ្រក្តៅជាងធម្មតានៅភាគខាងកើតនៃមហាសមុទ្រប៉ាស៊ីហ្វិក និងសម្ពាធបរិយាកាសខ្ពស់ជាងធម្មតានៅភាគខាងលិច និងកណ្តាលប៉ាស៊ីហ្វិក។ ដំណាក់កាល ឡា នីណា មានលក្ខណៈផ្ទុយពីនេះ ពោលគឺសីតុណ្ហភាពនៅតំបន់ដែលក្តៅកំឡុង អេល នីណូ ត្រូវចុះត្រជាក់។
បាតុភូតិអាកាសធាតុទាំង២ មានឥទ្ធិពលខ្លាំងលើលំនាំនៃធាតុអាកាស។ ជាធម្មតា បាតុភូត អេល នីណូ បង្កគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ខណៈ ឡា នីណា ទំនោរនាំមកនូវទឹកភ្លៀងខ្លាំង យ៉ាងណាមិញ ទំនោរនេះមានភាពផ្ទុយគ្នាទៅតាមតំបន់ ដោយ ឡា នីណា ក៏នាំមកនូវគ្រោះរាំងស្ងួតនៅតំបន់ឆ្នេរភាគខាងកើតប៉ាស៊ីហ្វិកផងដែរ រាប់តាំងពីភាគខាងត្បូងសហរដ្ឋអាមេរិក រហូតដល់អាមេរិកខាងត្បូង។
អ្នកជំនាញទីផ្សារទំនិញ បានប្រាប់ Anadolu ថា ក្រុមប្រទេសលក់ទំនិញកសិកម្មនឹងរងផលប៉ះពាល់ខ្លាំងបំផុតអំឡុង ឡា នីណា ដោយសារទឹកភ្លៀងកាន់តែច្រើននៅប្រេស៊ីល អាចបង្កើនផលិតកម្មសណ្តែកសៀង និងទាញតម្លៃទំនិញទម្លាក់ចុះ។ យ៉ាងណាមិញ ហានិភ័យនៃភ្លៀងធ្លាក់ខ្លាំង អាចបណ្តាលឱ្យមានទឹកជំនន់ ដែលជាហេតុធ្វើឱ្យខូចខាតដល់ដំណាំ និងរំខានដល់ការដឹកជញ្ជូន។
ជាមួយគ្នានេះ ការកើនឡើងនៃផលិតកម្មស្រូវ និងប្រេងដូងនៅឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ក៏អាចមានឥទ្ធិពលលើតម្លៃទំនិញ ដោយធ្វើឱ្យវាធ្លាក់ចុះផងដែរ។
លក្ខខណ្ឌធាតុអាកាសស្ងួតហួតហែង នឹងវាយលុកនៅភាគខាងត្បូងសហរដ្ឋអាមេរិក ដែលជះឥទ្ធិពលអវិជ្ជមានដល់ផលិតកម្មស្រូវសាលី និងកប្បាស ខណៈផលិតកម្មសណ្តែកសៀងរបស់ប្រទេសរំពឹងថានឹងកើនឡើងនៅតំបន់ Midwest។ ផ្ទុយទៅវិញ ទីផ្សារលោហៈសកល សកម្មភាពរុករករ៉ែ និងការដឹកជញ្ជូននៅអាស៊ីបូព៌ា អាហ្រ្វិក និងអូស្ត្រាលី រំពឹងថាទទួលរងការរំខានដោយសារទឹកភ្លៀង និងទឹកជំនន់។
អ្នកជំនាញបានកត់សម្គាល់ថា ឥណ្ឌូណេស៊ី និងហ្វីលីពីន នឹងឃើញធាតុអាកាសសើមជាងធម្មតា ក្នុងអំឡុង ឡា នីណា ដែលអាចបង្កើនទិន្នផលខ្ពស់ក្នុងទំនិញកសិកម្ម។ ជាមួយគ្នានេះ ធាតុអាកាសក្តៅ និងលាយឡំភ្លៀងធ្លាក់នៅតាមតំបន់នៃប្រទេសប្រេស៊ីល អាចបណ្តាលឱ្យមានការប្រែប្រួលតម្លៃកាហ្វេ និងស្ករ ខណៈផលិតកម្មស្រូវសាលី និងពោតអាចធ្លាក់ចុះនៅសហរដ្ឋអាមេរិក ដោយសារភ្លៀងធ្លាក់នៅភាគខាងជើង ប៉ុន្តែរាំងស្ងួតនៅភាគខាងត្បូង។ អ្នកជំនាញបន្តថា ឡា នីណា អាចបង្កើនទិន្នផលខ្ពស់លើមុខទំនិញកសិផលមួយចំនួនក្នុងប្រទេសវៀតណាម និងឥណ្ឌា ដែលសំខាន់សម្រាប់ផលិតកម្មកាហ្វេ ស្ករ កប្បាស និងអង្ករ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ