ព័ត៌មានអន្ដរជាតិ
បង់ក្លាដែសគ្រោងដំឡើងការប្រាក់ដល់ ៩ ភាគរយ ដើម្បីទប់ទល់អតិផរណា ដែលហក់ឡើងជុំវិញចលាចលនយោបាយ
ធនាគារកណ្តាលរបស់ប្រទេសបង់ក្លាដែស គ្រោងនឹងដំឡើងអត្រាការប្រាក់ពីអត្រាបច្ចុប្បន្ន ៨,៥ ភាគរយ ដល់ ៩ ភាគរយ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីទប់ទល់នឹងការកើនឡើងនៃអតិផរណា។ នេះបើតាមសម្ដីរបស់ទេសាភិបាលរបស់ធនាគារ ដែលថ្លែងប្រាប់បណ្ដាញព័ត៌មាន BBC ក្នុងបទសម្ភាសន៍មួយដែលចេញផ្សាយនាថ្ងៃព្រហស្បតិ៍នេះ។

វិធានការនេះ ធ្វើឡើងក្រោយភាពចលាចលនយោបាយជាច្រើនសប្តាហ៍នៅបង់ក្លាដែស បានជំរុញឱ្យអតិផរណាហក់ឡើងខ្ពស់រហូតដល់ ១១,៦៦ ភាគរយ ក្នុងខែកក្កដា ខណៈទុនបម្រុងអន្តរជាតិរបស់ប្រទេសក៏ធ្លាក់ចុះ ហើយការនាំចេញផលិតផលឧស្សាហកម្មកាត់ដេរ ក៏រងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារការបិទរោងចក្រ។
លោក Ahsan H. Mansur ទេសាភិបាលថ្មីរបស់ធនាគារកណ្ដាលបង់ក្លាដែស ដែលត្រូវបានតែងតាំងកាលពី១សប្តាហ៍មុន ក៏បាននិយាយប្រាប់ BBC ផងដែរថា លោកនឹងដំឡើងអត្រាការប្រាក់បន្ថែមទៀតដល់ ១០ ភាគរយ ឬច្រើនជាងនេះ នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ លោកបានគូសបញ្ជាក់ថា ខណៈអតិផរណាអាចនឹងធ្លាក់ចុះជាបណ្តើរៗមកវិញនៅឆ្នាំក្រោយ ការទម្លាក់អត្រាការប្រាក់អាចចំណាយពេលយូរជាងនេះ។

គួរគូសបញ្ជាក់ថា លោក Mansur ត្រូវបានតែងតាំងឱ្យធ្វើជាទេសាភិបាល ដោយរដ្ឋាភិបាលបណ្ដោះអាសន្នដឹកនាំដោយសេដ្ឋវិទូឈ្នះរង្វាន់ណូបែល លោក Muhammad Yunus ដែលបានស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តី ក្រោយការបះបោររបស់ក្រុមនិស្សិតទម្លាក់លោកស្រី Sheikh Hasina បានសម្រេច កាលពីដើមខែនេះ។
ក្រៅពីដំឡើងអត្រាការប្រាក់ លោក Mansur បានប្រាប់ BBC ថា លោកកំពុងចរចាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីស្នើទឹកប្រាក់សង្គ្រោះសេដ្ឋកិច្ចបន្ថែម ៣ ប៊ីលានដុល្លារ។ IMF បានអនុម័តកញ្ចប់ប្រាក់កម្ចីចំនួន ៤,៧ ប៊ីលានដុល្លារ សម្រាប់បង់ក្លាដែស កាលពីខែមករា ឆ្នាំ ២០២៣។ ជាមួយគ្នានេះ លោកឱ្យដឹងទៀតថា បង់ក្លាដែសកំពុងស្វែងរកប្រាក់បន្ថែមចំនួន ១,៥ ប៊ីលានដុល្លារពីធនាគារពិភពលោក និង ១ ប៊ីលានដុល្លាររៀងខ្លួន ពីធនាគារអភិវឌ្ឍន៍អាស៊ី និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ដើម្បីស្ដារប្រទេសឡើងវិញ៕

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?