Connect with us

សេដ្ឋកិច្ច

យុវជនម្នាក់ ចេះជំនាញចម្លាក់ស្បែកបុរាណ រកចំណូលបានមួយផ្ទាំង ជាង១០០ដុល្លារ

បានផុស

នៅ

មានស្រុកកំណើតនៅខេត្តសៀមរាប យុវជនម្នាក់ មានជំនាញយ៉ាងប៉ិនប្រសប់ក្នុងធ្វើផ្ទាំងគំនូរជាប្រភេទចម្លាក់ស្បែកផ្សេងៗ សម្រាប់តាំងលម្អតាមគេហដ្ឋាន និងភោគជនីយដ្ឋាន ដោយស្នាដៃនេះអាចដាក់លក់ទៅកាន់ទីផ្សារក្នុងមួយផ្ទាំង ចន្លោះពី ១០០ដុល្លារ ទៅ ១២០ដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតក្នុងវ័យ ៣១ឆ្នាំ យុវជន ពាញ ច័ន្នី ម្ចាស់សិប្បកម្មចម្លាក់ល្ខោនស្បែកបុរាណខ្មែរ បានប្រាប់ កម្ពុជាថ្មី ថា ជំនាញចម្លាក់ស្បែកនេះ លោកបានចេះវាប្រមាណជាង ១៥ឆ្នាំ មកហើយ ពោលគឺតាំងពីពេលដែលលោកនៅជាកម្មករស៊ីឈ្នួលគេខាងចម្លាក់នេះ នៅក្រុងសៀមរាបមកម្ល៉េះ។

ច័ន្នី បានប្រាប់ឱ្យដឹងទៀតថា ជំនាញចម្លាក់ស្បែក ត្បិតតែត្រូវការភាពអន់ធ្មត់ និងប្រើពេលវេលាយូរក្នុងការធ្វើក៏ពិតមែន តែអ្វីដែលសំខាន់នោះ ជំនាញនេះ​ អាចផ្ដល់ឱ្យលោក និងក្រុមគ្រួសារ អាចរស់នៅក្នុងជីវភាពមួយដ៏សមរម្យ មិនចាំចាំទៅធ្វើការនៅស្រុកឆ្ងាយ។

ជាយុវជនមានការតស៊ូខ្ពស់ បច្ចុប្បន្ន ច័ន្នី និងក្រុមគ្រួសារ បានមករស់នៅឯរាជធានីភ្នំពេញ ដោយមានផ្ទះមួយ នៅខណ្ឌច្បារអំពៅ សម្រាប់ប្រកបអាជីវកម្មលក្ខណៈគ្រួសារ ទាក់ទងនឹងចម្លាក់ស្បែកទាំងនេះ ដោយមិនចាំបាច់ធ្វើការឱ្យគេដូចការពីពេលកន្លងទៅ។

ច័ន្នី បានបញ្ជាក់ទៀតថា ស្នាដៃដែលលោកធ្វើបានភាគច្រើនគឺដកស្រង់ចេញពីគំនូរនៅក្នុងអក្សរបុរាណខ្មែរ ដូចជា៖ រឿងរាមកេរ្តិ៍ រឿងទសជាតកផ្សេងៗ ដែលមានក្នុងវប្បធម៌ខ្មែរ និងខ្លះទៀតក៏បានរចនាទៅតាមបែបបទ នៃការរស់នៅរបស់មនុស្សសម័យទំនើប ផងដែរ។

សម្រាប់គំនូសចម្លាក់មួយផ្ទាំង  ច័ន្នី ប្រើពេលធ្វើវាប្រមាណជាង ២​ ទៅ ៣ថ្ងៃ អាស្រ័យទៅលើទំហំ និងការរចនាម៉ូដផ្សេងៗ ទៅតាមការតម្រូវការរប​ស់ភ្លៀវដែលចង់បាន។ ក្រៅពីនេះ ចំពោះចម្លាក់ខ្លះដែលមានពុម្ពស្រាប់ និងមានការរចនាស្រាប់ គឺប្រើពេលត្រឹមតែ ២ទៅ ៣ថ្ងៃ តែប៉ុណ្ណោះ។

សម្រាប់ទីផ្សារនាពេលបច្ចុប្បន្នវិញ ច័ន្នី បានបញ្ជាក់ដែរថា លោកអាចលក់ផ្ទាំងគំនូរចម្លាក់នេះ នៅតាមអនឡាញ និងបានបោះដុំខ្លះទៅកាន់ផ្សារមួយចំនួន និងបានលក់រាយខ្លះទៅកាន់ហាងកាហ្វេ ភោជនីយដ្ឋាន តាមបណ្ដារាជធានីខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ជាងនេះទៅទៀត ចន្នី អាចលក់ផ្ទាំងគំនូរនេះ ទៅក្រៅប្រទេស ផងដែរ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម