សេដ្ឋកិច្ច
មន្ត្រីជាន់ខ្ពស់កម្ពុជាសង្ឃឹមថា គម្រោង «ព្រែកជីកហ្វូណនតេជោ» សាងសង់រួចរាល់លឿនជាងផែនការ
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សង្ឃឹមថា គម្រោងសាងសង់ «ព្រែកជីកហ្វូណនតេជោ» នឹងធ្វើរួចរាល់មុនផែនការដែលគ្រោងរយៈពេល ៤ ឆ្នាំ។
លោក ស៊ុន ចាន់ថុល លើកឡើងក្នុងពេលចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកគម្រោង «ព្រែកជីកហ្វូណនតេជោ» នៅព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៤។
លោកឧបនាយករដ្ឋមន្រ្តី លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ «ព្រែកជីកហ្វូណនតេជោ» មានទទឹង ១០០ ម៉ែត្រ បាតជម្រៅ ៥,៤ ម៉ែត្រ ខណៈចំណុចធ្វើនាវាចរណ៍ ៨០ ម៉ែត្រ។
លោកបញ្ជាក់ថា ជម្រៅទឹក ៥,៤ ម៉ែត្រ មិនមែនដូចយើងឈរនៅលើផ្លូវនោះទេ គឺ ៥,៤ ម៉ែត្រ ប្រៀបធៀបទឹកទាបបំផុតនៅទន្លេមេគង្គ និងទន្លេបាសាក់ ដូច្នេះ រដូវប្រាំងទឹកយ៉ាងតិច ៥,៤ ម៉ែត្រ ហើយរដូវវស្សាកន្លែងខ្លះអាចឡើងដល់ ១០ ម៉ែត្រ ដែលអាចដឹកទំនិញទម្ងន់ ៣ ពាន់តោន។
ចំពោះផលប៉ះពាល់ លោក ស៊ុន ចាន់ថុលបញ្ជាក់ថា៖ «បច្ចុប្បន្នរាជរដ្ឋាភិបាលមិនទាន់យកដីមួយម៉ែត្រណាទេពីប្រជាពលរដ្ឋ កំពុងតែព្រាងបោះបង្គោយរួចហើយទើប ក្រសួងសេដ្ឋកិច្ច នឹងដោះស្រាយផលប៉ពាល់នោះ សូមប្រជាពលរដ្ឋកុំស្ដាប់ពាក្យញុះញង់ថា រដ្ឋាភិបាលយកដីធ្លី មិនបង់កម្រៃជូនគាត់ត្រឹមត្រូវ មិនមែនទេ»។
លោក ស៊ុន ចាន់ថុល បន្តទៀតថា៖ «បងប្អូនខ្លះបារម្ភថា ព្រែកជីក១០០ ម៉ែត្រ ហេតុដូចម្ដេចយកដីគាត់ហួសពី ១០០ ម៉ែត្រ សូមជំរាបថា កន្លែងខ្លះ ១៦០ ម៉ែត្រ កន្លែងខ្លះ ៣០០ ម៉ែត្រ ដោយសារកប៉ាល់ត្រូវបត់ ហើយប្រវែង ១០០ ម៉ែត្រ បត់មិនកើត អញ្ចឹងចំទីតាំងហ្នឹងយើងធ្វើឱ្យធំដល់ ៣០០ ម៉ែត្រ ហើយកន្លែងខ្លះជាស្ថានីយចាក់សាំង»។
ព្រែកជីកហ្វូណនតេជោ ចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៤ មានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្ដាល តាកែវ កំពត និងខេត្តកែប។
គម្រោងព្រែកជីកនេះ សាងសង់ស្ទើទាំងស្រុង លើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកតាំងពីសម័យហ្វូណន ក្នុងនោះផ្លូវទឹកធម្មជាតិដែលមានស្រាប់មានប្រវែង ១៣៥ គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីប្រវែង ៧ គីឡូម៉ែត្រ និងផ្លូវទឹកជីកតម្រង់ប្រវែង ៣៨ គីឡូម៉ែត្រ។
ផ្លូវទឹកនេះ មានប្រវែងមុខកាត់ខាងលើប្រវែង ១០០ ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រវែង ៨០ ម៉ែត្រ ជម្រៅ ៥,៤ ម៉ែត្រ និងមានគន្លងនាវាចរចំនួន ២ ដែលអាចឱ្យនាវាទម្ងន់ ១ ពាន់តោន (ស្ដង់ដារគណៈកម្មការទន្លេមេគង្គ) ដល់ ៣ ពាន់តោន (ស្ដង់ដារចិន) អាចបើកតាមផ្លូវទឹកនេះបាន។
គម្រោងព្រែកជីកហ្វូណនតេជោនឹងសាងសង់សន្ទះផ្លូវទឹក ៣ កន្លែង ស្ថិតនៅខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធិភាពក្នុងការទប់ស្កាត់ ការជ្រាបចូលនៃទឹកប្រៃ ទៅក្នុងបណ្ដាផ្លូវទឹកសាប និងអាចកំណត់បរិមាណ នៃអត្រាលំហូរទឹកសាប ដែលត្រូវហូរចេញទៅសមុទ្រ។
គម្រោងនេះ នឹងត្រូវប្រើពេលសាងសង់ ៤៨ ខែ នឹងគ្រោងបញ្ចប់នៅឆ្នាំ ២០២៨ ដែលប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១,៧ ពាន់លានដុល្លារ។
កំណាត់ទី១ ចម្ងាយ ២៦ គីឡូម៉ែត្រ (ព្រែកតាកែវ ទៅទន្លេបាសាក់) នឹងត្រូវវិនិយោគ ១០០% ដោយសហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក រីឯកំណាត់ទី ២ ដែលមានចម្ងាយ ១៥៩ គីឡូម៉ែត្រ (ពីទន្លេបាសាក់ខេត្តតាកែវ រហូតដល់ខេត្តកែប) នឹងត្រូវវិនិយោគរួមគ្នា រវាងសហគ្រាសសាធារណៈ ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនសារជីវកម្មស្ពាន និងថ្នល់ (CRBC)៕
អត្ថបទ៖ ឡេង ដេត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ