ព័ត៌មានជាតិ
Emerald Resources ពង្រីកការរុករករ៉ែមាសនៅអូខ្វាវ ក្នុងខេត្តមណ្ឌលគីរី
ក្រុមហ៊ុន Emerald Resources ដែលចុះបញ្ជីនៅផ្សារហ៊ុនអូស្រ្តាលី និងបានធ្វើអាជីវកម្មរ៉ែមាសដំបូងគេនៅកម្ពុជា គ្រោងនឹងពង្រីកការរុករកនូវធនធានរ៉ែមាសក្រោមដីនៅអណ្តូងរ៉ែមាសអូខ្វាវនៃខេត្តមណ្ឌលគីរី ដែលជាផ្នែកមួយនៃការធ្វើបច្ចុប្បន្នភាពធនធាន និងបម្រុងទុករ៉ែមាសនៅតំបន់នោះ។ នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុន។

ចាប់តាំងពីការធ្វើបច្ចុប្បន្នភាពនៃធនធាន និងទុនបម្រុងក្នុងខែសីហា ឆ្នាំ ២០២៤នេះ ការខួងរុករករ៉ែដែលមានប្រវែងជិត ១៨ពាន់ម៉ែត្រត្រូវបានបញ្ចប់។ ការខួងយករ៉ែត្រូវបានរៀបចំឡើងដើម្បីបំពេញទិន្នន័យដែលមានស្រាប់ និងពង្រីកការជីកយករ៉ែចុះក្រោមបន្ថែមទៀត។
បច្ចុប្បន្នធនធានរ៉ែមាសនៅតំបន់អូខ្វាវមានទំហំ ១២,៥៣លានតោន ដែលអាចទាញយកមាសសរុបប្រមាណ៩៦៥ពាន់អោន។ ការប៉ាន់ស្មានធនធានបម្រុងសរុបមានចំនួន ១០,២៩ លានតោននិងមាន ធនធានមាសសរុបប្រមាណ៥៤៨ពាន់អោន។
ក្រុមហ៊ុន Emerald Resources ដែលមានមូលធននីយកម្មទីផ្សារចំនួន២,៦៣ពាន់លានដុល្លារ និយាយថា ការខួងយករ៉ែនៅតែបន្តក្នុងគោលបំណងពង្រីកធនធាន និងធនធានបម្រុងនៃគម្រោងរ៉ែមាសអូខ្វាង។
នាយកគ្រប់គ្រងរបស់ក្រុមហ៊ុនលោក Morgan Hart និយាយថា៖« Emerald បានបង្កើនការរុករក និងអភិវឌ្ឍន៍នៅគម្រោងដែលគ្រប់គ្រង១០០% ចំនួនពីររបស់ខ្លួន គឺគម្រោង Dingo Range Gold នៅភាគខាងលិចប្រទេសអូស្ត្រាលី និងគម្រោងរ៉ែមាសមេមត់នៃខេត្តត្បួងឃ្មុំក្នុងប្រទេសកម្ពុជា ជាមួយនឹងធនធានថ្មីៗសម្រាប់គម្រោងទាំងពីរនៅពាក់កណ្តាលឆមាសទីពីរនៃឆ្នាំ ២០២៤នេះ»។

បច្ចុប្បន្ន Renaissance Minerals (Cambodia) Ltd ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនEmerald Resources NL ដែលចុះបញ្ជីនៅប្រទេសអូស្ត្រាលី ដែលប្រតិបត្តិការនៅក្នុងខេត្តមណ្ឌលគិរី គឺជាក្រុមហ៊ុនឈានមុខគេមួយលើការរុករកយករ៉ែមាស។
លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងឱ្យដឹងកាលពីពេលកន្លងមកថា ក្រុមហ៊ុនរ៉ែមាស Renaissance Minerals (Cambodia) Ltd របស់ប្រទេសអូស្ត្រាលី មានគម្រោងចង់ពង្រីកអាជីវកម្មរ៉ែមាសរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា ខណៈដែលក្រសួងកំពុងលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកអាជីវកម្មទៅកាន់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
លោកបន្តថា៖«ហេតុនេះហើយ យើងកំពុងតែលើកចិត្តឱ្យក្រុមហ៊ុនអូស្រ្តាលីនេះ (Renaissance Minerals) ពង្រីកទៅតំបន់មេមុត ខេត្តត្បូងឃ្មុំ។ ហើយឥឡូវនេះក្រុមហ៊ុននេះ មានដាក់ចិត្តគេចង់ពង្រីកអាជីវកម្មរបស់គេទៅតំបន់នេះដែរ ព្រោះថាគេធ្វើបានជោគជ័យនៅមណ្ឌលគិរីហើយ»។
បើតាមលោករដ្ឋមន្រ្តី បច្ចុប្បន្ននេះ ការធ្វើអាជីវកម្មរ៉ែមាសដែលមានអាជ្ញាបណ្ណ មានចំនួន៩ក្រុមហ៊ុន ខណៈដែលក្នុងចំណោមក្រុមហ៊ុនទាំងនេះ មានតែក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd របស់ប្រទេសអូស្ត្រាលី ដែលអនុវត្តបានល្អជាងគេ។

បើតាមក្រសួងរ៉ែ ក្រុមហ៊ុន Renaissance ចម្រាញ់បានរ៉ែមាស៩០ ភាគរយ ដើម្បីដឹកចេញទៅក្រៅប្រទេសដើម្បីបន្សុទ្ធទៅជាមាស ៩៩,៩៩ ភាគរយ ឬខ្មែរយើងហៅថា មាសទឹក ១០។
ក្រុមហ៊ុន បានទទួលអាជ្ញាប័ណ្ណរុករករ៉ែមាស ហើយអាចផលិតមាសបានប្រមាណ ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។គម្រោងរ៉ែមាសរបស់ក្រុមហ៊ុន Renaissance មានទីតាំងនៅតំបន់អូរខ្វាវ ក្នុងច្រករបៀងខាងកើតនៃឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ក្រុមហ៊ុនបានចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មលើគម្រោងនេះកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំមុន ហើយគ្រោងនឹងផលិតដុំមាសជាមធ្យមប្រចាំឆ្នាំចំនួន ៣តោន។

កម្ពុជារំពឹងថា គម្រោងរ៉ែមាសអូខ្វាវ នឹងអាចរកចំណូលបាន ១៨៥លានដុល្លារក្នុង១ឆ្នាំនៃលំហូរសាច់ប្រាក់មុនបង់ពន្ធចំនួន ៤០លានដុល្លារ បានពីសួយសារអាករ និងពន្ធនេះ ត្រូវបានផ្ទេរចូលក្នុងថវិកាជាតិ៕

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ