ព័ត៌មានជាតិ
លម្អិតមួយឆ្នាំនៃនីតិកាលទី ៧ វិស័យសាធារណការនិងដឹកជញ្ជូន សម្រេចបានសមិទ្ធផលអ្វីខ្លះ?
រយៈពេលមួយឆ្នាំដំបូងនៃនីតិកាលទី ៧ តើក្រសួងសាធារណការ និងដឹកជញ្ជូនសម្រេចបានសមិទ្ធផលអ្វីខ្លះ? គិតត្រឹមឆ្នាំ ១ នៃនីតិកាលទី ៧ នៃរដ្ឋសភា សមិទ្ធផលលើវិស័យសាធារណការនិងដឹកជញ្ជូនជាច្រើនបានលេចរូបរាងឡើង និងកំពុងផ្តល់ប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋ។
គម្រោងមួយចំនួនត្រូវបានបញ្ចប់ជាស្ថាពរ និងបើកឲ្យប្រើប្រាស់ជាផ្លូវការរួមមាន៖
-គម្រោងធ្វើឲ្យប្រសើរកំណាត់ផ្លូវជាតិលេខ ៥ ព្រែកក្ដាមបាត់ដំបងប្រវែង ២៤៦ គីឡូម៉ែត្រ
-សម្ពោធដាក់ឲ្យប្រើប្រាស់គ្រឿងចក្រលើកដាក់ចល័តនៅគែមផែក្នុងកំពង់ផែក្រុងព្រះសីហនុ
-សម្ពោធនិមិត្តរូបប្រសិទ្ធនាមកំណាត់ខ្សែក្រវាត់ក្រុងទី ៣ ជាមហាវិថីស៊ីជីនពីង
-សម្ពោធសន្និធិគយបណ្ដោះអាសន្ននៃចំណតផែកុងតឺន័រ LM 17 ស្ថិតក្នុងកំពង់ផែស្វយ័តភ្នំពេញ
-សម្ពោធចំណតផែរណបពហុបំណង TS 11, UM2, LM 26 និងឃ្លាំងលើកដាក់និងស្តុកទំនិញត្រជាក់
-សម្ពោធទីលានចាក់សំរាមចំនួន ២ ទីតាំង នៅក្រុងក្រចេះ ខេត្តក្រចេះ និងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
-សម្ពោធប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួនពីរទីតាំង នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងក្រុងកំពតខេត្តកំពត
-ធ្វើឲ្យប្រសើរឡើងវិញឆ្នេរកែបអង្កោល
-សាងសង់ផ្លូវថ្មើរជើងប្រវែង ៨៥០ ម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធវិស័យទេសចរណ៍នៅកោះទន្សាយស្ថិតក្នុងក្រុងកែប
ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំសេចក្ដីព្រាងច្បាប់គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាអំពីច្បាប់ស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹក ដែលបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០២៤ និងផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភ័ស្តុភារកម្មកម្ពុជា ២០២៣-២០៣៣។
ជាមួយគ្នានេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីប្រតិបត្តិការ (O&M Agreement) នៅកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន អេ.ហ្សិត បៀលឌើ នៅថ្ងៃទី ២៨ ខែមិថុនាឆ្នាំ ២០២៤
-បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការ ដាក់ឲ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh
-ការរៀបចំហេដ្ឋារចនាសម្ព័ន្ធការតភ្ជាប់អ៊ីនធឺណិត និងការលើកកម្ពស់សមត្ថភាពផ្នែកឌីជីថលជូនមន្ត្រីរាជការ រវាងក្រសួងសាធារណការនិងដឹកជញ្ជូន ជាមួយនិងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៅថ្ងៃទី ៨ ខែកុម្ភៈឆ្នាំ ២០២៤។
ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី គម្រោងដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសបងប្អូនពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេសត្រូវបានបើកការដ្ឋានសាងសង់នោះគឺគម្រោងផ្លូវនាវាចរណ៍ព្រែកជីកហ្វូណនតេជោ។
-បានបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍផែកុងតឺន័រទឹកជ្រៅថ្មីក្នុងក្រុងព្រះសីហនុ និងកំពុងអនុវត្តគម្រោងកែសម្រួលផែកុងតឺន័រប្រវែង ២៥៣ ម៉ែត្រ និងគម្រោងអភិវឌ្ឍផែកុងតឺន័រទឹកកជ្រៅថ្មីជំហានមួយប្រវែង ៣៥០ ម៉ែត្រ ជម្រៅ ១៤,៥ ម៉ែត្រ
-គម្រោងធ្វើឲ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ ៥ សិរីសោភ័ណ-ប៉ោយប៉ែត ប្រវែង ៣៥,១៤ គីឡូម៉ែត្រ
-គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោមព្រែកប្រា និងផ្លូវតភ្ជាប់។
ជាមួយគ្នានេះដែរ ក្រសួងបានស្ថាបនាផ្លូវជាតិនិងផ្លូវខេត្តមានចំនួន ៨៥០ ខ្សែ ប្រវែងសរុប ២០ ០១៦ គីឡូម៉ែត្រ ដោយបានក្រាលកៅស៊ូនិងបេតុង ប្រវែង ១១ ២៨៥ គីឡូម៉ែត្រស្មើនឹង ៥៦,៣៨ ភាគរយនៃប្រវែងផ្លូវសរុបុំ ក្នុងនោះផ្លូវជាតិកម្រិតមួយមានចំនួន ៩ ខ្សែប្រវែង ២ ២៥៤ គីឡូម៉ែត្របានក្រាលកៅស៊ូ និងបេតុងស្មើ ១០០ ភាគរយ។
ផ្លូវជាតិកម្រិតពីរមាន ៧២ ខ្សែប្រវែង ៥ ១៦១ គីឡូម៉ែត្របានក្រាលកៅស៊ូ និងបេតុងស្មើនឹង ៧៦,៥៤ ភាគរយ និងផ្លូវខេត្តមាន ៧៥០ ខ្សែប្រវែង ១២ ៣៨០ គីឡូម៉ែត្របានក្រាលកៅស៊ូនិងបេតុងស្មើនឹង ៤០,៣៩ ភាគរយ។
ក្រសួងសាធារណការនិងដឹកជញ្ជូន ក៏បាននិងកំពុងស្ថាបនាផ្លូវស្ពានធំៗ ដែលបានប្រើប្រាស់ថវិកាហិរញ្ញប្បទានរបស់ដៃគូអភិវឌ្ឍន៍សរុប ១៥ ខ្សែ និងស្ពានចំនួនពីររួមមាន៖ ផ្លូវល្បឿនលឿនភ្នំពេញក្រុងបាវិត ផ្លូវជាតិលេខ ៤ ផ្លូវជាតិលេខ ៥ ផ្លូវជាតិលេខ ៧ ផ្លូវជាតិលេខ ១០ ផ្លូវជាតិលេខ ២៣ ផ្លូវជាតិលេខ ៣១ ផ្លូវជាតិលេខ ៣៣ ផ្លូវជាតិលេខ ៤១ ផ្លូវជាតិលេខ ៤៨ ផ្លូវជាតិលេខ ៧១សេ ផ្លូវជាតិលេខ ៧៣ ផ្លូវខេត្តលេខ ៣១២ ផ្លូវខេត្តលេខ ៣៧៧ និងលេខ ៣៧៧A ស្ពានមេគង្គក្រចេះ និងស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោមព្រែកប្រា។
សមិទ្ធផលការងារហេដ្ឋារចនាសម្ព័ន្ធក្រោមដី
សម្រាប់ហេដ្ឋារចនាសម្ព័ន្ធក្រោមដី ក្រសួងបាននិងកំពុងអនុវត្តគម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូនិងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងកំពុងសាងសង់បណ្តាញលូថ្មីគ្រប់ប្រភេទប្រវែងសរុប ៩៨៤ ៧៧៨ ម៉ែត្រ ស្ថិតក្នុងខេត្តចំនួន ១៣ រួមមាន ខេត្តស្វាយរៀង បាត់ដំបង កណ្តាល តាកែវ កំពង់ចាម បន្ទាយមានជ័យ កំពង់ឆ្នាំង កំពង់ធំ កំពត ក្រចេះ ពោធិ៍សាត់ សៀមរាប ស្ទឹងត្រែង និងកំពុងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងទីលានទុកដាក់សំរាមថ្មីចំនួន ១២ កន្លែង ស្ថិតក្នុងក្រុងបាវិតខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង (ពីរកន្លែង) បន្ទាយមានជ័យ (ពីរកន្លែង) ក្រុងស្ទឹងសែនខេត្តកំពង់ធំ កំពត កំពង់ចាម ក្រចេះ និងខេត្តស្ទឹងត្រែង។
សមិទ្ធផលការងារដឹកជញ្ជូនផ្លូវគោក
គិតត្រឹមខែកក្កដាឆ្នាំ ២០២៤ ក្រសួងបានចុះបញ្ជីយានយន្តសរុបចំនួន ៣២៥ ១៩២ គ្រឿង ក្នុងនោះយានយន្តដើរដោយថាមពលអគ្គិសនី (EV) ចំនួន ២ ០៤៧ គ្រឿង ចុះបញ្ជីលេខពិសេស និងពិសេសផ្ទាល់ខ្លួននៃកម្ពុជាមានចំនួន ១០ ៣៧៨ គ្រឿង ធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឆៀកមានចំនួន ៣៩៩ ១៩៥ គ្រឿង និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់មានចំនួន ២ ៧១៨ ០៦៤ គ្រឿង ក្នុងនោះយានយន្តដែលត្រូវបានពិន័យមានចំនួន ១ ៧៧០ គ្រឿង។
ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឲ្យនៅកម្រិតទាបបំផុត ស្របតាមផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ ២០២១ -២០៣០ ក្រសួងបានរៀបចំយុទ្ធនាការជិះម៉ូតូពាក់មួកសុវត្ថិភាព និងផ្តល់មួកសុវត្ថិភាពចំនួន ៥០០ មួកដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅខេត្តសៀមរាប។
បន្ថែមពីនោះ ក្រសួងបានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក និងបច្ចេកទេសក្នុងការត្រួតពិនិត្យទោចក្រយានយន្ត និងត្រីចក្រយានយន្តដល់អ្នកបើកបរម៉ូតូ និងម៉ូតូកង់បីរបស់ក្រុមហ៊ុនដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជាចំនួន ១១៩ ២៧៧ នាក់ ព្រមទាំងបានចែកមួកសុវត្ថិភាពសរុប១០ ៧៣៤ មួក និងស្ទិកឃើចំណាំងប្លាតប្រមាណ ២៣ ម៉ឺនសន្លឹកផងដែរ។
សមិទ្ធផលការងារដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
ការងារកំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបាននូវសមិទ្ធផលទំនិញឆ្លងកាត់ផែសរុបមានចំនួន៨ ២៣២ ៣៧៩ តោន។ ការងារកំពង់ផែស្វយ័តភ្នំពេញសម្រេចបាននូវសមិទ្ធផលទំនិញឆ្លងកាត់ផែសរុបមានចំនួន ៣ ៧៥៩ ៩៦២ តោន ក្នុងនោះក្រសួងក៏បានចុះបញ្ជីនាវាផ្លូវសមុទ្រចំនួន ៦ គ្រឿង និងនាវាផ្លូវទឹកចំនួន ៣១ គ្រឿងផងដែរ។
សមិទ្ធផលការងារដឹកជញ្ជូនផ្លូវដែក
វិស័យដឹកជញ្ជូនផ្លូវដែក ជាផ្នែកមួយយ៉ាងសំខាន់ដែលសម្រួលដល់ការដឹកជញ្ជូនគ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព។ គិតចាប់ពីខែសីហាឆ្នាំ ២០២៣ ដល់ខែសីហាឆ្នាំ ២០២៤ ទំនិញប្រមាណមួយ ១ ០១៧ ៤៩២ តោន និងអ្នកដំណើរចំនួន ១៥៧ ០២៥ នាក់ ត្រូវបានដឹកជញ្ជូននិងធ្វើដំណើរតាមផ្លូវដែក។
ដើម្បីជំរុញប្រសិទ្ធភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ក្រសួងសាធារណការនិងដឹកជញ្ជូនបានចុះអនុស្សរណៈយោគយល់ស្ដីពីយន្តការកិច្ចសហការការងារផ្លូវដែកកម្ពុជា-ចិន ជាមួយគណៈកម្មការជាតិអភិវឌ្ឍន៍ និងកែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន។
ទន្ទឹមនឹងនេះផងដែរ ក្រសួងក៏បានយកចិត្តទុកដាក់ក្នុងការគាំទ្រ និងជំរុញការអភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន និងបច្ចេកវិទ្យាដើម្បីបន្ស៊ីទៅនឹងចក្ខុវិស័យមាគ៌ានយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាល ដែលកំណត់អាទិភាពគន្លឹះចំនួនប្រាំគឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ