ព័ត៌មានអន្ដរជាតិ
IMF ទំនងផ្ដល់កម្ចីបន្ថែម៣ប៊ីលានដុល្លារដល់បង់ក្លាដែស ប៉ុន្តែចោទសួរពីកំណែទម្រង់របស់រដ្ឋាភិបាលបណ្ដោះអាសន្ន
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្ហាញពីភាពវិជ្ជមានអំពីការផ្តល់ប្រាក់កម្ចីបន្ថែមចំនួន ៣ ប៊ីលានដុល្លារ ដល់ប្រទេសបង់ក្លាដែស ប៉ុន្តែស្ថាប័នប្រាក់កម្ចីពហុភាគីនេះ ចង់ដឹងថាតើរដ្ឋាភិបាលបណ្តោះអាសន្នគ្រោងនឹងធ្វើកំណែទម្រង់អ្វីខ្លះ។ នេះបើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុក The Daily Star នាថ្ងៃចន្ទនេះ។

ការពិភាក្សាលើប្រធានបទនេះ ត្រូវបានលើកឡើងក្នុងជំនួបតាមប្រព័ន្ធវិដេអូរវាងទីប្រឹក្សាហិរញ្ញវត្ថុបង់ក្លាដែស លោក Salehuddin Ahmed និងប្រធានបេសកកម្មបុគ្គលិក IMF លោក Chris Papageorgiou ដែលទទួលបន្ទុកត្រួតពិនិត្យកម្មវិធីកម្ចី ៤,៧ ប៊ីលានដុល្លារ សម្រាប់បង់ក្លាដែស កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។
ថ្លែងជាមួយអ្នកសារព័ត៌មាននៅលេខាធិការដ្ឋានកាលពីថ្ងៃអាទិត្យ លោក Salehuddin បាននិយាយថា IMF ចង់ដឹងអំពីផែនការកំណែទម្រង់ និងថាតើសមាមាត្រពន្ធធៀបនឹងផលិតផលក្នុងស្រុកសរុប (GDP) នឹងកើនឡើងដែរឬទេ។ លោកបានយល់ព្រមនឹងសំណើចង់ដឹងរបស់ IMF។ ទីប្រឹក្សាហិរញ្ញវត្ថុបង់ក្លាដែសដដែល បាននិយាយថា ធនាគារបង់ក្លាដែសបានផ្លាស់ប្តូររួចហើយសម្រាប់សំណើប្រាក់កម្ចីចំនួន ៣ ប៊ីលានដុល្លារ ដោយបន្ថែមថា ព័ត៌មានលម្អិតនឹងត្រូវបានពិភាក្សានៅពេលដែលបេសកកម្មរបស់ IMF ធ្វើទស្សនកិច្ចទៅបង់ក្លាដែសនៅចុងខែកញ្ញានេះ។

គួរគូសបញ្ជាក់ថា ក្រោយត្រូវបានតែងតាំងជាទេសាភិបាលធនាគារកណ្ដាលបង់ក្លាដែសកាលពីខែមុន លោក Ahsan H Mansur បានផ្តួចផ្តើមការពិភាក្សាលើប្រាក់កម្ចីបន្ថែមពី IMF ដើម្បីសងបំណុលបរទេស និងជំរុញទុនបំរុងប្តូរប្រាក់បរទេស។
កន្លងមក មន្ត្រី IMF បានជូនដំណឹងដល់ក្រសួងហិរញ្ញវត្ថុ និងមន្ត្រីធនាគារកណ្តាលថា ពួកគេកំពុងវាយតម្លៃថាតើខ្លួនអាចផ្តល់ប្រាក់កម្ចីដល់បង់ក្លាដែសបានចំនួនប៉ុន្មាន ដោយមិនលើសកូតាសម្រាប់ប្រទេសនេះ។ តាមការគណនារបស់ក្រសួងហិរញ្ញវត្ថុ បង់ក្លាដែសអាចទទួលប្រាក់បន្ថែមចំនួន ៣ ប៊ីលានដុល្លារទៀត ដោយមិនចាំបាច់លើសពីកូតានោះទេ។
រហូតមកដល់ពេលនេះ IMF បានបញ្ចេញទឹកប្រាក់ចំនួន ២,៣ ប៊ីលានដុល្លារ ក្រោមកម្មវិធីកម្ចី ៤,៧ ប៊ីលានដុល្លារ ចាប់តាំងពីគម្រោងនេះត្រូវបានអនុម័តកាលពីខែមករា ដើមឆ្នាំ។

បច្ចុប្បន្ន រដ្ឋាភិបាលបណ្តោះអាសន្ន ដែលគ្រប់គ្រងប្រទេសក្រោយរដ្ឋាភិបាលចាស់ត្រូវបានផ្ដួលរំលំដោយបាតុកម្មដឹកនាំដោយក្រុមនិស្សិត ត្រូវប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចផ្សេងៗ រួមទាំងអតិផរណាខ្ពស់ ការថយចុះទុនបំរុងរូបិយប័ណ្ណបរទេស ដែលជាបញ្ហាដ៏ធំអស់រយៈពេលជិត២ឆ្នាំមកហើយ។
អតិផរណាបន្តខ្ពស់ក្នុងខែកក្កដា ដល់ ១១,៦៦ ភាគរយ ខណៈអតិផរណាម្ហូបអាហារនៅខែកក្កដា បានហក់លើស ១៤ ភាគរយ ខ្ពស់បំផុតក្នុងរយៈពេលជាង ១០ ឆ្នាំ។ ទន្ទឹមនឹងនេះ ទុនបំរុងអន្តរជាតិរបស់បង់ក្លាដែស ដែលមានចំនួនជាង ៤០ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២២ បានធ្លាក់ចុះស្ទើរតែពាក់កណ្ដាលត្រឹម ២០,៥ ប៊ីលានដុល្លារ គិតត្រឹមថ្ងៃ ២១ ខែសីហា។ រដ្ឋាភិបាលបណ្តោះអាសន្នបានចាត់វិធានការមួយចំនួនដើម្បីដោះស្រាយស្ថានការណ៍ ដូចជាការដំឡើងអត្រាការប្រាក់ និងការអនុវត្តវិធានការតឹងរ៉ឹងមួយចំនួនសម្រាប់វិស័យធនាគារ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត