សេដ្ឋកិច្ច
កសិករបារម្ភទីផ្សារមៀនប៉ៃលិន ខណៈការបញ្ជាទិញធ្លាក់ចុះ
កសិករដាំមៀននៅខេត្តប៉ៃលិន បានបង្ហាញការព្រួយបារម្ភពីទីផ្សារផ្លែមៀនធ្លាក់ចុះ ខណៈការបញ្ជាទិញមានកំណត់នៅឆ្នាំនេះ ពោលគឺការបញ្ជាទិញមានការធ្លាក់ចុះ បើប្រៀបធៀបនឹងឆ្នាំមុនៗ។
លោក ជាប វិចិត្រ កសិករដាំមៀនប៉ៃលិន នៅក្រុងប៉ៃលិន បានប្រាប់ថា ស្ថានភាពទិន្នផលផ្លែមៀននៅឆ្នាំនេះ មានភាពល្អប្រសើរ ដោយរំពឹងថា នឹងទទួលបានផលច្រើនជាងឆ្នាំមុន ប៉ុន្តែលោកបារម្ភពីទីផ្សារនៅពេលខាងមុខ ដោយសារការបញ្ជាទិញពីក្រុមហ៊ុនធ្លាក់ចុះ។

លោក ជាប វិចិត្រ បញ្ជាក់ថា៖ «ឆ្នាំនេះហាងឆេងពិបាកដែរ រាល់ឆ្នាំពេលមៀនចេញក្ដឹប យើងទៅចុះកុងត្រាជាមួយសៃឡូចិន យើងអាចបានលុយកក់ ១០ លាន ហើយដល់ឥឡូវមៀនយើងចេញផ្កាហើយអោយគេមើលកក់លុយ គេថា មៀនគេគ្រប់តោននាំចេញទៅចិនហើយផ្អាកទទួលទិញសិន»។
លោក ជាប វិចិត្រ បញ្ជាក់ថា ការមិនទទួលបានប្រាក់កក់ នៅពេលនេះ ប្រឈមនឹងការធ្លាក់ចុះតម្លៃមៀនដោយបង្ខំលក់ឱ្យឈ្មូញកណ្ដាលក្នុងតម្លៃទាប ឬក៏ចាល់លក់មិនចេញក៏អាចថាបាន។

អ្នកស្រី អ៊ុង សុផល កសិករដាំមៀន ១០ ហិកតា នៅភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ខេត្តប៉ៃលិន បានប្រាប់ថា ការប្រមូលផលមៀនប៉ៃលិនបានចាប់ផ្ដើមបណ្ដើៗ នៅចម្ការជិតចម្ការមៀនអ្នកស្រី។
ចម្ការមៀនអ្នកស្រី បានចុះកុងត្រាជាមួយក្រុមហ៊ុនចិនក្នុងតម្លៃ ៣០០០ ពាន់រៀលក្នុងមួយគីឡូក្រាម ទាបជាងឆ្នាំមុន ៥០០ រៀល។
ក្រុមហ៊ុន ឆាយណា ជីនវ័រយាន និងតំណាងសហគមន៍ផ្លែមៀនប៉ៃលិនកាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៤ បានចុះកិច្ចសន្យាទិញផ្លែមៀនប៉ៃលិនក្នុងតម្លៃ ៣០០០ រៀល ក្នុងមួយគីឡូក្រាម សម្រាប់រដូវកាលថ្មី ឆ្នាំ ២០២៤ ពោលគឺមានតម្លៃទាបជាងឆ្នាំមុនបន្តិច។

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិនប្រាប់កម្ពុជាថ្មីថា ក្រុមហ៊ុន ឆាយណាជីនវ័រយាន បានចុះកិច្ចសន្យាទិញផ្លែមៀនប៉ៃលិនរដូវកាលថ្មី ដោយធ្វើកិច្ចសន្យាពីរដំណាក់កាល ពោលគឺដំណាក់កាលទី១ ចាប់ពីខែសីហា ដល់ខែវិច្ឆិកា ក្រុមហ៊ុនទិញក្នុងតម្លៃ ៣០០០ រៀល ក្នុងមួយគីឡូក្រាម ដំណាក់កាលទី២ ចាប់ពីខែធ្នូ រហូតដល់ខែមិថុនា ឆ្នាំ ២០២៥ ក្រុមហ៊ុនទិញក្នុងតម្លៃ ៣៥០០ រៀល ក្នុងមួយគីឡូក្រាម។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៤ ការនាំចេញផ្លែមៀនស្រស់របស់កម្ពុជាទៅទីផ្សារអន្តរជាតិ សម្រេចបានជាង ១ ម៉ឺន ៤ ពាន់តោន កើនឡើងជាង ១២០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការនាំចេញផ្លែមៀនប៉ៃលិនក្នុងទំហំទឹកប្រាក់ប្រមាណ ២២ លានដុល្លារ ការកើនឡើង ១២៩ ភាគរយ នៅក្នុងឆមាសទី១ឆ្នាំនេះ។
នៅក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញផ្លែមៀនស្រស់មានបរិមាណ ១ ម៉ឺន ៧ ពាន់តោន គិតជាទឹកប្រាក់សរុបចំនួន ២៤,៧៥ លានដុល្លារ៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?