ព័ត៌មានអន្ដរជាតិ
វៀតណាមឃើញពីវិជ្ជមានក្នុងវិស័យវាយនភណ្ឌ បើមើលលើការបញ្ជាទិញពីប្រទេសអតិថិជន
សមាគមវាយនភ័ណ្ឌ និងសម្លៀកបំពាក់វៀតណាម (VITAS) បានឱ្យដឹងថា ក្រុមហ៊ុនវាយនភណ្ឌវៀតណាមជាច្រើនបានទទួលបាននូវការបញ្ជាទិញរហូតដល់ដំណាច់ឆ្នាំ ២០២៤ ហើយកំពុងចរចាបន្ថែមទៀតសម្រាប់ការបញ្ជាទិញនៅដើមឆ្នាំក្រោយ ដែលវាគឺជាសញ្ញាវិជ្ជមានសម្រាប់វិស័យវាយនភណ្ឌក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីថ្ងៃអង្គារ។

តម្រូវការទីផ្សារនាំចេញសំខាន់ៗសម្រាប់វាយនភណ្ឌរបស់វៀតណាម រួមទាំងសហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង និងចិន បានបង្ហាញពីកំណើនវិជ្ជមាន។ គិតតែក្នុងខែកក្កដា ចំណូលពីការនាំចេញវាយនភណ្ឌបានឈានដល់ ៣,៧២ ប៊ីលានដុល្លារ ពោលគឺកើនឡើង ១៧,៦ ភាគរយ ធៀបនឹងខែមិថុនា។
យោងតាមទិន្នន័យគយវៀតណាម ចាប់ពីខែមករាដល់ខែកក្កដា ការនាំចេញវាយនភណ្ឌរបស់វៀតណាម មានទំហំប្រមាណ ២០,៣ ប៊ីលានដុល្លារ ដោយកើនឡើង ៦,៣ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ ពោលគឺធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
VITAS បានព្យាករថា ការនាំចេញវាយនភណ្ឌរបស់វៀតណាមនឹងបន្តរឹងមាំ ដែលវាជំរុញដោយកំណើនតម្រូវការរបស់ទីផ្សារនាំចូលក្នុងប៉ុន្មានខែចុងក្រោយនៃឆ្នាំនេះ។ កំណើនតម្រូវការនេះ គឺជាផ្នែកមួយនៃពិធីបុណ្យ/ព្រឹត្តិការណ៍សកលធំៗផ្សេងៗ ដូចជាកីឡាអូឡាំពិក ឬរដូវបុណ្យណូអែល ឬឆ្លងឆ្នាំជាដើម។

ប៉ុន្តែបច្ចុប្បន្ន អ្នកជំនាញមើលឃើញថា កំណើនក៏មានការរួមចំណែកផងដែរពីអស្ថិរភាពក្នុងប្រទេសបង់ក្លាដែស ដែលបង្កការបិទទ្វាររោងចក្រជាបណ្ដោះអាសន្នជាច្រើន ហើយជំរុញឱ្យអតិថិជនទូទាំងពិភពលោកស្វែងរកជម្រើសបញ្ជាទិញផ្សេងៗទៀត ដូចជាប្រទេសវៀតណាមជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ ខណៈមាននិន្នាការវិជ្ជមានក្នុងការបញ្ជាទិញក៏ដោយ ប្រាក់ចំណេញរបស់ឧស្សាហកម្មវាយនភណ្ឌវៀតណាម នៅតែស្ថិតក្រោមសម្ពាធដោយសារតែការកើនឡើងនៃតម្លៃពលកម្ម។ ប្រាក់ឈ្នួលអប្បបរមាក្នុងប្រទេសវៀតណាម បានកើនឡើង ៧ ភាគរយ ក្នុងខែកក្កដា ដែលជាបញ្ហាប្រឈមសម្រាប់ក្រុមហ៊ុនជាច្រើន។ ក្នុងចំណោមក្រុមហ៊ុនវាយនភណ្ឌចំនួន ៣០ ដែលបានចុះបញ្ជីក្នុងផ្សារហ៊ុនចំនួន២ មានតែប្រហែលពាក់កណ្តាលប៉ុណ្ណោះ ដែលបានរាយការណ៍ពីកំណើនប្រាក់ចំណេញក្នុងត្រីមាសទី២៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល