ព័ត៌មានអន្ដរជាតិ
ធុរកិច្ចថៃដកខ្លួនចេញពីមីយ៉ាន់ម៉ា ពេលសេដ្ឋកិច្ចបន្តយ៉ាប់យឺន អូសបន្លាយដោយជម្លោះផ្ទៃក្នុងរ៉ាំរៃ
ប្រតិបត្តិករធុរកិច្ចថៃ បានដកការវិនិយោគរបស់ខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាជាបណ្ដើរៗ ខណៈសេដ្ឋកិច្ចរបស់ប្រទេសជិតខាងថៃមួយនេះបន្តធ្លាក់ចុះដោយគ្មានសញ្ញាពីភាពប្រសើរឡើង នៅពេលជម្លោះផ្ទៃក្នុងបន្តអូសបន្លាយរ៉ាំរៃស្ទើរតែ៤ឆ្នាំទៅហើយ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

សេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ាបានស្ថិតក្នុងនិន្នាការធ្លាក់ចុះរួចស្រាប់ទៅហើយនៅពេលវិបត្តិកូវីដ១៩បានផ្ទុះឡើង ហើយវាកាន់តែដុនដាបខ្លាំងថែមទៀត ក្រោយក្រុមយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតនៅដើមខែកុម្ភៈ ឆ្នាំ ២០២១។ បច្ចុប្បន្នជម្លោះបន្តប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច ដោយគេឃើញពីជម្លោះប្រដាប់អាវុធមិនឈប់ឈររវាងក្រុមយោធា និងក្រុមប្រដាប់អាវុធតស៊ូប្រឆាំងយោធា។
អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុនផលិតស៊ីម៉ងត៍ Siam Cement Group (SCG) លោក Thammasak Sethaudom បានឱ្យដឹងថា ក្រុមហ៊ុនបានផ្អាកប្រតិបត្តិការរោងចក្រចំនួន២ក្នុងប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាផែនការពង្រីកណាមួយក្នុងរយៈពេល២ឆ្នាំទៅមុខ ដោយសារតែអស្ថិរភាពនយោបាយ។ លោកបន្ថែមថា SCG បានវិនិយោគជាង ៨ ប៊ីលានបាត លើរោងចក្រទាំងនោះ ប៉ុន្តែគ្រឿងម៉ាស៊ីនប្រតិបត្តិការមួយចំនួនត្រូវបានគេលួច នៅពេលជម្លោះបន្តកើតមាន។
លោក Thammasak បន្តថា៖ «គ្មានសង្ឃឹមថានឹងបន្តប្រតិបត្តិការនេះឡើងវិញនៅពេលណាមួយឆាប់ៗទេ។ មីយ៉ាន់ម៉ាមានរោងចក្រស៊ីម៉ងត៍មួយទៀតនៅភាគខាងជើង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន និងយាមដោយយោធាចិន។ SCG មិនអាចធ្វើដូច្នេះបានទេ ហើយយើងនឹងមិនប្រថុយជីវិតបុគ្គលិករបស់យើងនោះទេ»។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនភេសជ្ជៈយក្ស Osotspa Plc (OSP) ថ្មីៗនេះ ក៏បានប្រកាសផងដែរ ថាខ្លួនកំពុងដាក់លក់ការវិនិយោគលើរោងចក្រ Myanmar Golden Eagle និង Myanmar Golden Glass តម្លៃ ១៣៦ លានបាត។
ប្រធានផ្នែកហិរញ្ញវត្ថុរបស់ OSP លោកស្រី Ratiporn Ratcharoen បាននិយាយថា ការលក់ដើមទុនវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានមូលដ្ឋាននៅមីយ៉ាន់ម៉ាទាំង២ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនក្នុងការពង្រឹងអាជីវកម្មស្នូលរបស់ខ្លួន និងការលក់ចេញនូវអាជីវកម្មមិនមែនស្នូល។ លោកស្រីបានបន្ថែមថា ការលក់ចេញ នឹងមិនប៉ះពាល់ដល់អាជីវកម្មភេសជ្ជៈរបស់ខ្លួនក្នុងប្រទេសមីយ៉ាន់ម៉ានោះទេ។

ក្រៅពីក្រុមហ៊ុនទាំង២ខាងលើ ក្រុមផលិតផលិតផលផ្លាស្ទិក និងវេចខ្ចប់ថៃ TPBI Public Company Limited បានជូនដំណឹងដល់ផ្សារហ៊ុនថៃ (SET) កាលពីខែកក្កដាថា ក្រុមប្រឹក្សាភិបាលរបស់ខ្លួនបានសម្រេចចិត្តបញ្ចប់គណនីទាក់ទងនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធនៅមីយ៉ាន់ម៉ា TPBI & Myanmar Star Company Limited ដែលបានផ្អាកប្រតិបត្តិការដោយសារតែភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចមីយ៉ាន់ម៉ា។
ក្រុមហ៊ុនទាំង៣នេះ ស្ថិតនៅក្នុងក្រុមហ៊ុនធំៗមួយចំនួនដែលបានដកអាជីវកម្មក្នុងប្រទេសមីយ៉ាន់ម៉ា។ យ៉ាងណាមិញ The Nation បានផ្សាយថា មិនមែនក្រុមហ៊ុនថៃទាំងអស់កំពុងដកខ្លួនចេញពីមីយ៉ាន់ម៉ានោះទេ។
ថ្មីៗនេះ ក្រុមហ៊ុន Thai Beverage Plc បានរាយការណ៍ពីការកើនឡើងនៃប្រាក់ចំណូលក្នុងអាជីវកម្មស្រារបស់ខ្លួននៅប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេល៩ខែកន្លងមកនេះ។ ក្រុមហ៊ុននេះ បានវិនិយោគជាង ៥០០ លានបាត លើរោងចក្រផលិតស្រាបៀរនៅមីយ៉ាន់ម៉ាផងដែរ។ ចំណែកឯក្រុមហ៊ុន Thai President Foods ដែលជាក្រុមហ៊ុនផលិតមីកញ្ចប់ «ម៉ាម៉ា» វិញ ក៏បន្តដំណើរការរបស់ខ្លួនផងដែរ។

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ