ព័ត៌មានអន្ដរជាតិ
ឥទ្ធិពលទីហ្វុងយ៉ាកជីប៉ះពាល់ដល់ចង្វាក់ផ្គត់ផ្គង់សកល ខណៈប្រទេសផលិតកម្មមួយចំនួនក្នុងតំបន់កំពុងរងគ្រោះ
គិតត្រឹមល្ងាចថ្ងៃពុធ ចំនួនអ្នកស្លាប់ និងបាត់ខ្លួនក្នុងប្រទេសវៀតណាមដោយសារតែមហន្តរាយពាក់ព័ន្ធនឹងព្យុះទីហ្វុងយ៉ាកជី កាលពីពេលថ្មីៗនេះ ត្រូវបានរាយការណ៍ថាបានកើនឡើងដល់ប្រមាណ ៣២៤ នាក់។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ព្យុះយ៉ាកជីបានរលាយបាត់ទៅវិញហើយ ប៉ុន្តែឥទ្ធិពលរបស់វានៅតែមាន ដោយបង្កជាភ្លៀងធ្លាក់ខ្លាំងជោគជាំនៅតំបន់ភាគជើងនៃប្រទេសវៀតណាម ឡាវ និងថៃ បណ្ដាលឱ្យមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរ និងការរអិលបាក់ដី ដែលបន្តឆក់យកជីវិតមនុស្ស និងបង្កើតផលប៉ះពាល់ផ្សេងៗដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ និងសេដ្ឋកិច្ចក្នុងតំបន់។

អ្នកសង្កេតការណ៍មើលឃើញថា ទីហ្វុងយ៉ាកជី ដែលជាព្យុះដ៏កំណាចបំផុតដែលវាយប្រហារវៀតណាមក្នុងរយៈពេលជាង៣ទសវត្សរ៍នេះ បានផ្ដល់ផលប៉ះពាល់ទាំងអំឡុងពេលបក់បោក និងក្រោយពីនោះ។ មហន្តរាយមានទ្រង់ទ្រាយធំ ដែលលើសពីសង្គម និងសេដ្ឋកិច្ចក្នុងតំបន់ ដោយវាបង្កការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល ពីព្រោះភាគខាងជើងរបស់វៀតណាមមានផ្ដុំទៅដោយរោងចក្ររបស់ក្រុមហ៊ុនពហុជាតិជាច្រើន ដែលភាគច្រើននាំចេញផលិតផលទៅកាន់អាមេរិកខាងជើង អឺរ៉ុប និងទីផ្សារផ្សេងៗទៀត។
នាយកប្រតិបត្តិនៃក្រុមហ៊ុនដែលរងផលប៉ះពាល់ដោយព្យុះ បានឱ្យដឹងថា ទីហ្វុងយ៉ាកជីបានបង្ខូចបង្ខាតយ៉ាងធ្ងន់ធ្ងរដល់រោងចក្រមួយចំនួនធំ និងជនលិចឃ្លាំងស្តុកទំនិញជាច្រើន ក្នុងមជ្ឈមណ្ឌលឧស្សាហកម្មតម្រង់ទិសនាំចេញនៅភាគខាងជើងរបស់វៀតណាម ដោយបង្ខំឱ្យរោងចក្រជាច្រើនបិទទ្វារ ដោយខ្លះរំពឹងថានឹងចំណាយពេលច្រើនសប្តាហ៍ដើម្បីបន្តប្រតិបត្តិការរបស់ខ្លួនពេញលេញឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ស្ថាប័នគ្រប់គ្រងតំបន់ឧស្សាហកម្ម Haiphong បានឱ្យដឹងថា នៅក្នុងទីក្រុងឆ្នេរសមុទ្រ Haiphong ដែលជាតំបន់រងគ្រោះខ្លាំងបំផុតជាងគេមួយ អាជីវកម្មចំនួន ៩៥ ភាគរយ ត្រូវបានរំពឹងថានឹងចាប់ផ្តើមសកម្មភាពមួយចំនួនឡើងវិញនៅថ្ងៃអង្គារ។ ប៉ុន្តែស្ថាប័នដដែលបន្តថា៖ «កន្លែងអាជីវកម្មជាច្រើនបានបាក់ដំបូល ជញ្ជាំងខ្លះរហែក និងដួលរលំ ខណៈទ្វារ របង ផ្លាកសញ្ញា ប្រព័ន្ធកាមេរ៉ា យានដ្ឋាន និងទ្វារដែកក៏ត្រូវខូចខាត ហើយទឹកបានជន់លិចចូលទៅក្នុងរោងចក្រ»។
បើតាមរ៉យទ័រ ក្រុមហ៊ុនជាច្រើនបានអះអាងថា ទំនិញដែលត្រៀមរួចជាស្រេចសម្រាប់ការនាំចេញ ឬដឹកជញ្ជូនដល់អតិថិជន ត្រូវបានជន់លិចនៅតាមឃ្លាំងក្នុងតំបន់។
ក្រៅតែផលប៉ះពាល់បែបនេះ ទីហ្វុងយ៉ាកជីបានបង្កការបិទច្រកព្រំដែនអន្តរជាតិវៀតណាម និងចិន (Lao Cai-Hekou International Border Gate) ដែលមានរថយន្តនាំចូល និងនាំចេញពី ៥០០ ទៅ ៦០០ គ្រឿង ឆ្លងកាត់រៀងរាល់ថ្ងៃ ដោយភាគច្រើនដឹកកសិផល។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ព្រំដែនដដែលបានបើកដំណើរការវិញហើយ ប៉ុន្តែមុននោះ រថយន្តកុងតឺន័រខាងវៀតណាមប្រមាណ ១៦០ គ្រឿង និងរថយន្តខាងចិន ៦៩៥ គ្រឿង ត្រូវបានជាប់គាំង។
វិសាលភាពនៃផលប៉ះពាល់ក្រោយការវាយប្រហាររបស់យ៉ាកជី
ដូចលើកឡើងពីខាងដើម ឥទ្ធិពលរបស់វាបង្កការព្រមានពីទឹកជំនន់ធ្ងន់ធ្ងរ និងការរអិលបាក់ដីទាំងនៅភាគខាងជើងវៀតណាម ឡាវ និងថៃ។ ប៉ុន្តែមុនបក់បោកទៅដល់វៀតណាម យ៉ាកជីបានឆ្លងកាត់ហ្វីលីពីន និងកោះហៃណាន់របស់ចិន បង្កទឹកជំនន់ និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធរួមមានផ្លូវថ្នល់ និងបណ្ដាញអគ្គិសនី ក៏ដូចជាផ្ទះសម្បែង និងផលដំណាំតាមតំបន់រងគ្រោះយ៉ាងដំណំរួចទៅហើយ។ អាជ្ញាធរហ្វីលីពីន បានប៉ាន់ស្មានការបាត់បង់សេដ្ឋកិច្ចជិត ៦០ លានដុល្លារ ខណៈអាជ្ញាធរចិន បានដាក់តួលេខនេះរហូតដល់ទៅជាង ៩,២ ប៊ីលានដុល្លារ គិតតែនៅកោះហៃណាន់។

គេមិនទាន់ឃើញពីរបាយការណ៍ទំហំនៃខាតបង់សេដ្ឋកិច្ចនៅវៀតណាម ឡាវ និងថៃ ក៏ដូចជាមីយ៉ាន់ម៉ា នៅឡើយទេ ប៉ុន្តែមានសេចក្ដីរាយការណ៍ពីការជនលិចផលដំណាំ និងផ្ទះសម្បែង ក៏ដូចជាសត្វពាហនៈជាច្រើន ដែលនេះបង្ហាញពីការខូចខាតធ្ងន់ធ្ងរនៃសេដ្ឋកិច្ចមូលដ្ឋានរបស់ប្រទេសទាំងនេះ។
បើតាមកាសែត Viet Nam News តំបន់ជាច្រើននៅទូទាំងបណ្ដាទីក្រុង និងខេត្តភាគខាងជើងរបស់ប្រទេសវៀតណាម ត្រូវបានលិចលង់ ខណៈកម្ពស់ទឹកទន្លេក្នុងតំបន់ផ្សេងៗ រួចទាំងទន្លេក្រហម បានកើនឡើងស្រឺតៗដល់កម្រិតប្រកាសអាសន្ន។ សរុបជារួម យ៉ាកជីបានវាយលុកខេត្តភាគខាងជើងចំនួន ២៦ បណ្តាលឱ្យមនុស្ស ៣២៤ នាក់ ស្លាប់ និងបាត់ខ្លួន (ក្នុងនោះក្មេងៗ ២៤ នាក់) បំផ្លាញផ្ទះសម្បែងប្រមាណ ១៤១ ៤៦៩ ខ្នង មណ្ដលសុខភាពចំនួន ៥៥០ កន្លែង និងសាលារៀនចំនួន ៨០៥ កន្លែង។

កាសែតបាងកកប៉ុស្ត៍បានរាយការណ៍ថា ទឹកជំនន់បានបង្ខំឱ្យអាជ្ញាធរថៃបិទព្រលានយន្តហោះអន្តរជាតិឈៀងរ៉ៃនៅថ្ងៃព្រហស្បតិ៍នេះ ខណៈការិយាល័យធនធានទឹកជាតិថៃបានព្រមានថា ខេត្តជាង ៤០ នៅតែត្រូវរក្សាការប្រុងប្រយ័ត្នចំពោះទឹកជំនន់ដែលអាចកើតមានឡើងជាយថាហេតុ ខណៈព្យុះត្រូពិចបន្សល់ពីចំហាយរបស់ទីហ្វុងយ៉ាកជី នឹងបន្តរហូតដល់ថ្ងៃទី ១៨ ខែកញ្ញា។ នៅថៃទាំងមូល មនុស្សប្រហែល ៣៤ ០០០ គ្រួសារ ភាគច្រើននៅតំបន់ភាគខាងជើងប្រទេសបានរងផលប៉ះពាល់ដោយព្យុះទីហ្វុង យ៉ាកជី ហើយបើតាមរដ្ឋាភិបាល ចាប់តាំងពីថ្ងៃអង្គារមក មនុស្សយ៉ាងតិច ៩ នាក់បានស្លាប់ដោយសារទឹកជំនន់ក្នុងខេត្តភាគខាងជើងរួមមានឈៀងរ៉ៃ និងឈៀងម៉ៃ។
ប្រទេសឡាវវិញ បានរាយការណ៍ពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរក្នុងខេត្ត Luang Namtha ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងបង្កការបិទព្រលានយន្តហោះ មន្ទីរពេទ្យ សាលារៀន និងអាជីវកម្មក្នុងសហគមន៍ ខណៈផ្ទះជាច្រើនខ្នង និងដីកសិកម្មជាច្រើនហិចតារងការខូចខាតយ៉ាងដំណំ។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP មនុស្សជាង ៣០០ នាក់ ពីភូមិចំនួន ១៧ នៃស្រុក Luang Namtha របស់ខេត្ត ត្រូវបានជម្លៀសចេញ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ