Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញ៖ ត​ម្លៃប្រេង​នឹង​បន្ត​ធ្លាក់​ចុះ​ ដោយសារ​តម្រូវការ​សកល​ខ្សោយ​

បានផុស

នៅ

ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) លោក Fatih Birol បានព្យាករ​ថា តម្លៃប្រេងទំនងជានឹងបន្តធ្លាក់ចុះ ដោយ​សារតែ​ប្រទេស​ផលិតប្រេង​បង្កើន​ទិន្នផល​លើស​ពី​តម្រូវ​ការ​សកល​ ដែល​ចុះ​ខ្សោយ​រួច​ទៅ​ហើយ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Financial Times កាល​ពីថ្ងៃ​ព្រហស្បតិ៍​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Birol ​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​​៖ «យើងអាចឃើញ​តម្លៃ​ធ្លាក់​ចុះ​ ដោយសារតម្រូវការទន់ខ្សោយនាពេលបច្ចុប្បន្ន និងការ​បង្កើន​ផលិតកម្ម​ប្រេង​របស់​ប្រទេសក្រៅ​អង្គការ​ OPEC ដែល​ភាគច្រើនមកពីសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត»។

ការ​លើក​ឡើង​បែប​នេះ​ ​ធ្វើ​ឡើង​​ក្រោយ​តម្លៃ​ប្រេង​ជួប​នូវ​ភាព​ចលាចល​ពេញ​មួយ​​សប្ដាហ៍​​ ​ដោយ​តម្លៃ​ប្រេងនាពេល​អនាគត​ ម៉ាក Brent ​បានធ្លាក់ចុះជាង ១០ ដុល្លារ​/បារ៉ែល​ ដែល​ធ្វើ​ឱ្យ​តម្លៃ​ជួញដូរ​ធ្លាក់​ចុះ​ក្រោយ​ ៧០ ដុល្លារ​/បារ៉ែល​ ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ជិត​ ៣ ឆ្នាំ​។ ​បើ​​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​​ តម្លៃ​ប្រេង​ម៉ាក​ Brent បាន​កើន​ឡើង​មកវិញហើយ​ ​ត្រឹម​ ៧២,៣១ ដុល្លារ​/បារ៉ែល សម្រាប់​ការ​ជួញដូរ​​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​​ ខណៈ​ប្រេង​អាមេរិក​ម៉ាក​ West Texas Intermediate (WTI) បាន​កើន​ឡើង​មក​វិញ​ត្រឹម​ ៦៩,៣៥ ដុល្លារ​/បារ៉ែល​។

​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​​លោក​ Birol ​បាន​​មើល​ឃើញ​ពី​និន្នាការ​ជ្រួលច្របល់នៃ​ទំនុក​ចិត្ត​ក្នុង​ចំណោមពាណិជ្ជករ និង​អ្នកវិនិយោគលើ​វិស័យ​ប្រេង​​ នា​រយៈ​ពេល​ប៉ុន្មានសប្តាហ៍ថ្មីៗនេះ ​ដោយសារ​តែ​កំណើនខ្សោយនៅ​ចិន និងសហរដ្ឋអាមេរិក ដែលជំរុញឱ្យអង្គការនៃ​ប្រទេស​នាំ​ចេញ​ប្រេង​កាត​ (OPEC) ពន្យារពេលផែនការតម្លើង​ការ​ទាញ​យក​ប្រេង​ជា​ថ្មី​។​ ជាមួយ​នឹង​ការ​លើក​ឡើង​របស់​លោក​ Birol ទីភ្នាក់ងារ​ IEA បាន​ចេញផ្សាយរបាយការណ៍ប្រចាំខែចុងក្រោយរបស់ខ្លួនស្តីពីទីផ្សារប្រេង ដែលបានកត់សម្គាល់ថា តម្រូវការប្រេងក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ បានកើនឡើងក្នុងល្បឿនយឺតបំផុត រាប់​ចាប់តាំង​ពី​វិបត្តិកូវីដ​១៩។

លោក Birol ​បន្ត​ថា មូលហេតុ​ចម្បង​ដែល​បណ្ដាល​ឱ្យ​មាន​កំណើន​ទីផ្សារ​ប្រេង​យឺត​​យ៉ាវ​ គឺ​​ប្រទេស​ចិន ដោយ​ «​ក្នុង​រយៈ​ពេល ១០ ឆ្នាំចុងក្រោយនេះ ចិន​រួម​ចំណែក​ប្រហែល ៦០ ភាគរយនៃកំណើនតម្រូវការប្រេងពិភពលោក។​ តែ​ឥឡូវនេះ សេដ្ឋកិច្ចចិនកំពុងធ្លាក់ចុះ» ខណៈ​ការ​ងាក​ទៅ​រក​ថាមពលស្អាតរបស់ប្រទេសនេះ​យ៉ាងឆាប់រហ័ស ក៏កំពុង​ដាក់​សម្ពាធ​ទៅលើតម្រូវការឥន្ធនៈហ្វូស៊ីលផងដែរ។

អ្នក​ជំនាញ​ដដែល​កត់​សម្គាល់​ថា​ ​ទីផ្សារប្រេងបានធ្លាក់​ចុះ​ ​ទោះ​បី​​​មាន​ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការបិទផលិតកម្ម ដែល​បញ្ហា​នេះ​ជា​ធម្មតា​តែ​ង​តែ​ជំរុញតម្លៃ​ប្រេង​ឱ្យ​កើន​ឡើង​។ ​លោក​គូស​ភ្ជាប់បញ្ហា​នេះ​ ទៅ​​នឹង​ការ​ព្យាករ​របស់​ IEA ដែល​ថា​ តម្រូវការ​របស់​ប្រេង​សកល​ នឹងឈាន​ដល់​ចំណុច​កំពូល​នៅ​ឆ្នាំ​នេះ។ ​ ​IEA ជឿជាក់ថា តម្រូវការប្រេងកំពុងកើនឡើងក្នុងអត្រាទាប​ជាមធ្យម​ ត្រឹម​ ៩០០ ០០០ បារ៉ែល/ថ្ងៃ​ នៅ​ឆ្នាំ ២០២៤ ធៀប​នឹង​ ២ លាន​ បារ៉ែល/ថ្ងៃ​ កាល​ពី​ឆ្នាំ ២០២៣ ​ខណៈ​ការប្រើប្រាស់ប្រេងសរុប នឹងឈានដល់ ១០៣ លាន​បារ៉ែល​/ថ្ងៃ​ នៅ​ឆ្នាំ​នេះ​។ ​

លោក Birol បាននិយាយថា តម្លៃប្រេងទាបអាចធ្វើ​ឱ្យ​តម្រូវការកើន​ឡើងវិញនៅឆ្នាំក្រោយ ប៉ុន្តែវានឹងនៅតែ​ជួប​បញ្ហា​ដោយ​សារ​តែ​កំណើនសេដ្ឋកិច្ច​យឺតយ៉ាវ​នៅ​ចិន និង​កំណើន​​នៃ​ការ​ងាក​ទៅ​ប្រើ​រថយន្តអគ្គិសនី​នៅទូទាំងពិភពលោក។ ជាមួយ​គ្នានោះ​ ការផ្គត់ផ្គង់លើស​ក្នុងទីផ្សារនឹងបន្ត ដោយសារ​ប្រទេស​ផលិត​ប្រេង​ក្រៅ​អង្គការ OPEC នឹងបន្តបូមប្រេងលើសពីអត្រា​តម្រូវការ​ ដូច​ជា​នៅ សហរដ្ឋ​អាមេរិក​ ប្រេស៊ីល ហ្គីយ៉ាណា និង​កាណាដា ជា​ដើម៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម