សេដ្ឋកិច្ច
ពីអ្នកលក់អីវ៉ាន់តាមផ្សារ ក្លាយម្ចាស់សិប្បកម្មផលិតកេសក្រដាសដ៏ធំមួយក្នុងរាជធានីភ្នំពេញ
សហគ្រិនស្រ្ដីវ័យក្មេងម្នាក់ ផ្ដើមការងារដំបូងពីអ្នកលក់អីវ៉ាន់តាមផ្សារ មកក្លាយជាម្ចាស់សិប្បកម្មផលិតកេសក្រដាសដ៏ធំមួយក្នុងរាជធានីភ្នំពេញ ស្របពេលដែលតម្រូវកេសក្រដាសនៅក្នុងស្រុកកំពុងតែមានតម្រូវការខ្ពស់ពីម្ចាស់សហគ្រាស និងរោងចក្រនានា។

ស្ថិតក្នុងវ័យត្រឹមតែ ២៩ឆ្នាំ កញ្ញា វង្ស វត្តី ជាសហគ្រិនឆ្នើមម្នាក់ ដែលហ៊ានចាយដើមទុនជាង ២លានដុល្លារ បើកដំណើរការសិប្បកម្មផលិតកេសក្រដាស ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក កាន់បន្ថយការនាំចូលពីក្រៅប្រទេស។

ជាម្ចាស់សិប្បកម្មផលិតកេសក្រដាសមេគង្គ ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កញ្ញា វង្ស វត្តី បានប្រាប់ កម្ពុជាថ្មី ថា សិប្បកម្មផលិតកេសក្រដាសនេះ បានបើកដំណើរការតាំងពីដើមឆ្នាំ ២០១៨ មកម្ល៉េះ។ កញ្ញា បន្តថា ដំបូងឡើយការបើកដំណើរការសិប្បកម្មមួយនេះ ក៏បានជួបឧបសគ្គបន្ដិចបន្ដួចផងដែរ ពោលគឺស្ថិតនៅត្រង់ថា ការចំណាយដើមទុនច្រើនក្នុងការទិញម៉ាស៊ីនមកពីបរទេស និងការប្រើប្រាស់ម៉ាស៊ីន ហាក់មិនទាន់ស្ទាត់ជំនាញនៅឡើយ។

កញ្ញា វង្ស វត្ដី បានប្រាប់ឱ្យដឹងថា ទាក់ទងនឹងបច្ចេកទេសផលិតជារឿងមួយ ចំណែកឯការស្វែងរកទីផ្សារសម្រាប់លក់ចេញជារឿងមួយទៀតដោយឡែកដាច់ពីគ្នា។ ជាក់ស្ដែង ដំបូងឡើយការស្វែងទីផ្សារក៏មានការលំបាកបន្ដិចបន្ដួចផងដែរ ខណៈដែលអតិថិជន ម្ចាស់សហគ្រាស និងរោងចក្រខ្លះ ក៏នៅពុំទាន់ដឹង និងបានស្គាល់ច្បាស់ថា ខ្មែរក៏អាចផលិតកេសក្រដាសបាន ដោយគិតថាក្រដាសកេសទាំងនេះ សុទ្ធតែបាននាំចូលមកពីក្រៅប្រទេស។

កញ្ញា វង្ស វត្ដី បានបន្ថែមទៀតថា សម្រាប់ពេលបច្ចុប្បន្ននេះ សិប្បកម្មផលិតកេសឡាំងក្រដាសរបស់កញ្ញា កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថជនក្នុងស្រុក ជាពិសេសម្ចាស់រោងចក្រ និងសហគ្រាស ដែលមានតម្រូវការទិញកេសក្រដាសរបស់សិប្បកម្មកញ្ញា ដើម្បីយកទៅរៀបចំដាក់ផលិតផ្សេងៗ ក្នុងនោះមានដូចជា៖ ឡាំងដាក់ខោអាវនាំចេញទៅក្រៅប្រទេស ឡាំងដាក់ផលិតផលសាប៊ូ ឡេ និងម្សៅ ឡាំងដាក់សាច់ជ្រូកខ្វៃ និងកេសឡាំងក្រដាសសម្រាប់ដាក់ស្បែកជើង ជាដើម។

សហគ្រិនវ័យក្មេងរូបនេះ បានបន្តទៀតថា ដោយមានការជំរុញពីក្រុមគ្រួសារ រួមផ្សំនឹងជំនាញផ្នែកទីផ្សាររបស់ខ្លួនដែលមានស្រាប់ ទើបជំរុញទឹកចិត្តកញ្ញា ពីបុគ្គលិកផ្នែកទីផ្សារមកជាម្ចាស់សិប្បកម្មដ៏ធំមួយនាពេលបច្ចុប្បន្ននេះ និងកំពុងទទួលបានភាពជោគជ័យយ៉ាងឆាប់រហ័ស ផងដែរ។

កញ្ញា បានប្រាប់ឱ្យដឹងទៀតថា សម្រាប់សង្វាក់ផលិតកម្មក្នុងសិប្បកម្មផ្ទាល់ជាមធ្យម សិប្បកម្មអាចផលិតប្រភេទក្រដាសកេស បានជាង ៥០០កេស ដោយចំណាយពេលត្រឹមតែ៣ម៉ោង នៃចំនួនម៉ាស៊ីនផលិតចំនួន៤ធំៗ តែអ្វីដែលកាន់តែពិសេសនោះ បើគិតជារយៈពេលក្នុងមួយខែវិញ សិប្បកម្មដែលមានបុគ្គលិកបម្រើការត្រឹមតែ ២០នាក់នេះ អាចផលិតកេសក្រដាសសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក បានចំនួនរាប់ម៉ឺនកេស ផងដែរ។

កញ្ញា វង្ស វត្ដី ក៏បានបញ្ជាក់ទៀតដែរថា សម្រាប់ចក្ខុវិស័យទៅថ្ងៃអនាគតវិញ សិប្បកម្មរបស់កញ្ញា ក៏គ្រោងនឹងពង្រីកខ្លួនឱ្យកាន់តែធំជាងនេះ ឬអាចបានត្រឹមជាសហគ្រាសខ្នាតធំមួយ ទោះបីមិនមានលទ្ធភាពវិវត្តខ្លួនទៅជារោងចក្រដែលមានស្ដង់ដាក៏ដោយ ការធ្វើបែបនេះ គឺដើម្បីជួយជំរុញសេដ្ឋកិច្ចក្នុងស្រុកឱ្យកាន់តែរីកចម្រើន និងកាន់សម្បូរបែប កាត់បន្ថយការនាំចូលផលិតផលមួយចំនួនពីក្រៅប្រទេស ផងដែរ៕
អត្ថបទ ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?