ព័ត៌មានជាតិ
កម្ពុជាមានបំណុលសាធារណៈសរុបជាង១១,២៧ ប៊ីលានដុល្លារ និងបានទូទាត់សងបំណុលជាង ២៣១ លានដុល្លារ គិតត្រឹមត្រីមាសទី២ឆ្នាំនេះ
ប្រទេសកម្ពុជាមានបំណុលសាធារណៈសរុបចំនួន ១១,២៧ ប៊ីលានដុល្លារអាមេរិកត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៤ដោយគិតទាំងបំណុលមរតក និងបានទូទាត់សងបំណុលជាង ១៨១ លានដុល្លារ ខណៈបំណុលនេះ ត្រូវបានប្រើប្រាស់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចជាតិ។
បើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញផ្សាយកាលពីថ្ងៃទី១២ ខែកញ្ញាសម្រាប់សន្និធិបំណុលសរុបនេះ ក្នុងនោះមាន ៩៩% ត្រូវនឹង ប្រមាណ ១១,១៦ ប៊ីលានដុល្លារអាម៉េរិក ជាបំណុលសាធារណៈ ក្រៅប្រទេស (ក្របខ័ណ្ឌទ្វេភាគីប្រមាណ ៦៣% និងក្របខ័ណ្ឌ ពហុភាគីប្រមាណ ៣៧%) និង ១% ត្រូវនឹងប្រមាណ ១១៣ លានដុល្លារអាម៉េរិក ជាបំណុលសាធារណៈក្នុងប្រទេស។ សមាសភាគបំណុលសាធារណៈទាំងនេះ រួមមាន ៤៦% ជា ដុល្លារអាម៉េរិក, ១៩% ជាអេសដេអ៊ែ, ១១% ជាយ័នចិន, ១១% ជាយេនជប៉ុន, ៧% ជាអឺរ៉ូ, និង ៦% ទៀត ជារូបិយ វត្ថុជាតិនិងរូបិយប័ណ្ណផ្សេងៗ។
ជាមួយគ្នានេះដែរ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូ អភិវឌ្ឍនានាសរុបចំនួន ១៨១,៧២ លានដុល្លារអាម៉េរិក សមមូលនឹង ១៣៧,៥៧ លានអេសដេអ៊ែ។ ជារួមក្នុងឆមាសទី១ ឆ្នាំ២០២៤នេះរាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានថ្មី ជាមួយដៃគូរអភិវឌ្ឍនានា សរុបចំនួន ៣១៣,៧៨ លានដុល្លារអាម៉េរិក សមមូលនឹង ២៣៧,៥៥ លានអេសដេអ៊ែ ស្មើនឹងប្រមាណ ១៤% នៃពិតានដែលច្បាប់អនុញ្ញាត (១ ៧០០ លានអេសដេអ៊ែ) ក្នុងនោះ ក្របខ័ណ្ឌទ្វេភាគី ៨៩% និងក្របខ័ណ្ឌពហុភាគី ១១%។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ការចុះកិច្ច ព្រមព្រៀងឥណទានសម្បទានថ្មី នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ នេះ មានការថយចុះប្រមាណ ៦០%។
ក្រសួងបានបញ្ជាក់ថា៖«ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិត សម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៥៦%។ គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំង នេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាព របស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើន រយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាព ផលិតកម្ម»។
សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់កម្ពុជាថ្មីថា ចំនួនប្រាក់កម្ចីគឺមានកម្រិតខ្ពស់បើធៀបនឹង GDP ប្រចាំឆ្នាំ ដូច្នេះទាមទារឱ្យរាជរដ្ឋាភិបាលត្រូវខិតខំរៀបចំយុទ្ធសាស្រ្តថ្មីៗបន្ថែមទៀតដើម្បីទាក់ទាញឱ្យផ្នែកឯកជនទាំងក្នុងស្រុក និងក្រៅស្រុកឱ្យមកវិនិយោគផ្ទាល់នៅកម្ពុជាឱ្យបានកាន់តែច្រើន ពិសេសនៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមរយៈរូបមន្តសាងសង់ ប្រើប្រាស់ និងផ្ទេរ(BOT)។
លើសពីនេះ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបាន ទូទាត់សេវាបំណុលសរុបចំនួន ៤៩,៤៤ លានដុល្លារអាមេរិក។ ជារួម ក្នុងឆមាសទី១ ឆ្នាំ២០២៤ រដ្ឋាភិបាលបានទូទាត់ សេវាបំណុលសរុបចំនួន ២៣១ លានដុល្លារអាមេរិក រួមមាន ក្របខ័ណ្ឌបំណុលសាធារណៈ ក្រៅប្រទេសមាន ចំនួនប្រមាណ ២២៩,១០ លានដុល្លារអាមេរិក ក្នុងនោះ ប្រាក់ ដើម ១៧៦,៦៨លានដុល្លារអាមេរិក និង ការប្រាក់និងកម្រៃ ផ្សេងៗ ៥២,៤១ លានដុល្លារអាមេរិក និង ក្របខ័ណ្ឌ បំណុលសាធារណៈក្នុងប្រទេស មានចំនួនប្រមាណ ១,៩០ លាន ដុល្លារអាមេរិក ក្នុងនោះប្រាក់ដើម ០,៩៩ លានដុល្លារ និងការប្រាក់០,៩១លានដុល្លារ។
ក្រសួងបានគូសបញ្ជាក់បន្ថែមទៀតថា៖«លទ្ធផលបឋមនៃការវិភាគចីរភាពបំណុលរហូតដល់ ដំណាច់ឆ្នាំ២០២៤ បង្ហាញថា បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ទទួលរងនូវផលប៉ះពាល់ពី ការរីករាលដាលនៃវិបត្តិជំងឺកូវិដ ១៩ និងពីកត្តាខាងក្រៅផ្សេងទៀតក្តី ក៏ស្ថានភាពបំណុល សាធារណៈកម្ពុជា នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោល គឺ នៅតែមាន «ចីរភាព និង «ហានីភ័យកម្រិតទាប» ដដែល ដោយរាល់សូចនាករបំណុលគន្លឹះៗទាំងអស់ សុទ្ធតែស្ថិតក្រោម អនុបាតគោល ក្នុងនោះ អនុបាតតម្លៃបច្ចុប្បន្ន នៃបំណុល សាធារណៈក្រៅប្រទេសធៀបនឹងផលិតផលក្នុងស្រុកសរុប(ផសស) មានត្រឹមកម្រិត ១៩% ធៀបនឹងអនុបាតគោល ៤០%»។
លោកវណ្ណៈ បានបញ្ជាក់ថាកំណើនទឹកប្រាក់ដែលកម្ពុជាបានបញ្ចេញទៅលើការទូទាត់បំណុលបានបញ្ជាក់ពីសមត្ថភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលក្នុងអំឡុងពេលសេដ្ឋកិច្ចសកល រួមទាំងកម្ពុជា ស្ថិតក្នុងភាពមិនរឹងមាំដែលបណ្តាលមកពីវិបត្តិជាបន្តបន្ទាប់ក្នុងរយៈពេល ៣-៤ឆ្នាំចុងក្រោយនេះ។
លោកបានថ្លែងថា៖«កំណើនទឹកប្រាក់ទូទាត់បំណុល គឺមិនត្រឹមតែបញ្ជាក់ពីសមត្ថភាពរបស់រាជរដ្ឋាភិបាល និងកំណើនសេដ្ឋកិច្ចនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយឱ្យម្ចាស់កម្ចីទាំងអស់មានទំនុកចិត្តចំពោះការផ្តល់កម្ចីដល់កម្ពុជាផងដែរ។ ស្ថានភាពកំណើនសេដ្ឋកិច្ចរបស់កម្ពុជា គឺនៅតែរឹងមាំល្អ»៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាក់ស្ពាននៅវៀតណាម ធ្លាក់រថយន្តនិងម៉ូតូច្រើនគ្រឿងចូលទន្លេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រុមហ៊ុនរបស់កូរ៉េ គ្រោងនឹងបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផ្លូវមួយខ្សែ ប្រវែងជិត ១០ គីឡូម៉ែត្រ ក្នុងស្រុកបវេល កំពុងមានបញ្ហាយ៉ាងខ្លាំងដល់ការធ្វើដំណើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បន្លែឡើងថ្លៃ ក្រោយវៀតណាមទទួលរងឥទ្ធិពលព្យុះយ៉ាកជី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផុតពីព្យុះ យ៉ាកជី ព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា បានចូលមកបន្ត កម្ពុជា ក៏ត្រូវរងឥទ្ធិពលផងដែរចាប់ពីថ្ងៃទី១២ ដល់ទី១៤កញ្ញានេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មិនដល់១សប្ដាហ៍ផង សិល្បករ៣រូប ល្មើសច្បាប់បើកបរទាំងស្ថានភាពស្រវឹងខ្លាំង ផ្អើលអស់មហាជន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនត្រឹមទឹកជំនន់ ពេលនេះ ទីក្រុងហាណូយ ចេញការព្រមានអំពីរន្ទះបាញ់ ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
លើកដំបូងលើលោក! ចិន រកឃើញមេរោគស៊ីខួរក្បាលដ៏សាហាវ ឆ្លងមកមនុស្ស តាមសត្វចៃ