ព័ត៌មានជាតិ
កម្ពុជាស្នើជប៉ុនជំរុញការនាំចេញកសិផលសក្តានុពលដាក់លក់នៅទីផ្សារកាន់តែច្រើន
លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានស្នើដល់អង្គភាពជំរុញពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំទីក្រុងអូសាកា (JETRO) លើការងារជំរុញកិច្ចសហប្រតិបត្តិការ និងការជំរុញការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា ស្របពេលដែលផលិតផលកសិផលកែច្នៃមួយចំនួនកំពុងទទួលបានការពេញនិយមពីសំណាក់ប្រជាពលរដ្ឋជប៉ុនលើគុណភាព និងសុវត្ថិភាពនៃការប្រើប្រាស់។

ការស្នើសុំរបស់លោក សំហេង បូរ៉ា ក្នុងឪកាសដែលលោកបានជួបពិភាក្សាការងារជាមួយ លោក SHO Hideki អគ្គនាយកនៃJETRO) នៅទីស្នាក់ការ JETRO ទីក្រុងអូសាកាកាលពីថ្ងៃទី១៨ ខែកញ្ញាកន្លងទៅនេះ។
លោកក៏បានថ្លែងអំណរគុណ ចំពោះ JETRO ទាំងនៅភ្នំពេញ និងអូសាកា សម្រាប់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អប្រសើរនាពេលកន្លងមក ព្រមទាំងបានបង្ហាញអំពីសកម្មភាពអាទិភាពមួយចំនួនរបស់ក្រសួងពាណិជ្ជកម្មក្នុងការជំរុញការនាំចេញ និងផលិតផលសក្តានុពលរបស់កម្ពុជា ជាពិសេសស្វាយចន្ទី និងស្វាយ ជាដើម។
លោក SHO Hideki បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញការនាំចេញផលិតផលរបស់កម្ពុជា។
លោក Hideki ក៏បានបង្ហាញពីការគាំទ្រ និងបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និង JETRO ទាំងនៅភ្នំពេញ និងអូសាកា ក្នុងការជំរុញការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា តាមរយៈការបង្កើតបណ្តាញទំនាក់ទំនង និងឱកាសផ្គូរផ្គងធុរកិច្ចរវាងវិស័យឯកជននៃប្រទេសទាំងពីរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៦ខែសីហា បានជួបពិភាក្សា លោកស្រី Mio Kawada អនុប្រធាន JETRO នៅទីក្រុងតូក្យ៉ូ ដោយបានណែនាំដល់បណ្តាក្រសួងឬស្ថាប័នរបស់រដ្ឋនានាបង្កើតក្រុមការងារ ដើម្បីសម្របសម្រួលដល់ JETRO និងក្រុមហ៊ុនជប៉ុនក្នុងគោលបំណងដើម្បីទាក់ទាញការវិនិយោគនិងជំរុញការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
លោក ហ្វូគុហារ៉ា ខូជិ (FUKUHARA KOJI) ប្រធានសមាគមធុរកិច្ចជប៉ុនប្រចាំកម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មីកន្លងមកថា គិតមកដល់បច្ចុប្បន្នក្រុមហ៊ុនជប៉ុនសរុបប្រមាណ ៥០០ កំពុងធ្វើការវិនិយោគនៅកម្ពុជា ក្នុងនោះក្រុមហ៊ុនដែលចូលជាសមាជិកសមាគម (JBAC) មានចំនួន ២៥០ ក្រុមហ៊ុន និងក្រុមហ៊ុនផ្សេងទៀត ដែលបានធ្វើការវិនិយោគក្នុងវិស័យផលិតកម្មប្រមាណ ២៣ ភាគរយ និងផ្នែកសាងសង់ប្រមាណ ២០ ភាគរយ។

លោក ហ្វូគុហារ៉ា ខូជិ បានលើកឡើងថា៖« កម្ពុជាមានសក្ដានុពលច្រើនក្នុងការវិនិយោគ ខណៈក្រុមហ៊ុននៅក្នុងសមាគមរបស់លោកកំពុងធ្វើសហប្រតិបត្តិការជាមួយប្រទេសចិន វៀតណាមបូក១ និងថៃបូក១ ផងដែរ»។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុនសម្រេចបានទឹកប្រាក់ជាង ៩៥០ លានដុល្លារ កើនឡើង ១០,៥%។ការនាំចេញរបស់កម្ពុជា សម្រេចបានទឹកប្រាក់ជាង ៦០០ លានដុល្លារកើនឡើង ១៥,៤%។ ចំណែកឯការនាំចូលមកវិញ មានទំហំទឹកប្រាក់ជាង ៣២១ លានដុល្លារ កើនឡើង ២ ភាគរយ។ កាលពីឆ្នាំ ២០២៣ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុនសម្រេចបានជាង ១,៧៩ ពាន់លានដុល្លារ ធ្លាក់ចុះ ៧,២ ភាគរយ៕

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់