ព័ត៌មានជាតិ
កម្ពុជា-ម៉ាឡេស៊ីដាក់ឱ្យដំណើរការជាផ្លូវការគម្រោងទូទាតឆ្លងដែន
ធនាគារជាតិនៃកម្ពុជា (NBC) និងធនាគារកណ្តាលម៉ាឡេស៊ី (BNM) នៅព្រឹកថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២៤បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការគម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) រវាងប្រទេសទាំងពី ដោយមានធនាគារ មេឃប៊ែង ជាធនាគារប្រតិបត្តិការ។
លោកស្រី បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីនាឱកាសនោះថា« ព្រឹត្តិការណ៍នាថ្ងៃនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងធនាគារកណ្តាលទាំងពីរ និងដៃគូសហការរបស់យើងនៅប្រទេសទាំងពីរ។ គម្រោងទូទាត់ឆ្លងដែននេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម និងបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសទាំងពីរ ដែលបង្ហាញពីជំហានដ៏សំខាន់មួយឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន លើការតភ្ជាប់ប្រព័ន្ធទូទាត់រាយ ដែលមានភាពរហ័ស ប្រសិទ្ធភាព និងសុវត្ថិភាព និងដែលត្រូវបានតភ្ជាប់ទូទាំងតំបន់»។
លោកស្រីបានបន្តថាការតភ្ជាប់គម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូតនេះ សម្រេចទៅបានដោយមាន កិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំពីសំណាក់ដៃគូសំខាន់ៗ ពីប្រទេសទាំងពីរ រួមមាន ប្រព័ន្ធទូទាត់បាគង របស់ធនាគារជាតិនៃកម្ពុជា និង Payment Network Malaysia (PayNet) និង ធនាគារ មេយប៊ែង ដែលជាធនាគារប្រតិបត្តិការ។
លោកស្រីបានបន្តទៀតថាប្រទេសកម្ពុជាបានដាក់ឱ្យដំណើរការជាផ្លូវការគម្រោងទូទាត់ឆ្លងដែនរួចមកហើយនៅប្រទេសមួយចំនួនដូចជាថៃ វៀតណាម ឡាវ ចិននិងកូរ៉េខាងត្បូងហើយនឹងមានគម្រោងពង្រីកនៅតាមបណ្តាប្រទេសមួយចំនួនទៀតដើម្បីសម្រួលដល់ប្រពលរដ្ឋក្នុងការទូទាត់ពេលធ្វើដំណើរទៅកាន់បណ្តាប្រទេសទាំងនោះក៏ដូចជាភ្ញៀវទេសចរមកពីប្រទេសជាដៃគូមកកំសាន្យនៅកម្ពុជា។
លោក Dato’ Khairussaleh Ramli ប្រធាន និងនាយកប្រតិបត្តិ នៃសម្ព័ន្ធធនាគារ មេយប៊ែង មានប្រសាសន៍ថា«ការតភ្ជាប់គម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូតនេះ នឹងពង្រីកវិសាលភាពនៃ សេវាកម្មទូទាត់ឆ្លងប្រទេស របស់ធនាគារ មេយប៊ែង ហើយក៏នឹងរួមចំណែកដល់ការសម្រេចបាននូវទំនើបកម្ម ក៏ដូចជាការអភិវឌ្ឍកាន់តែរីកចម្រើន នៅក្នុងតំបន់អាស៊ាន។ គំនិតផ្តួចផ្តើមនេះក៏ស្របតាមយុទ្ធសាស្ត្រ M25+ របស់យើងក្នុងការពង្រឹងវត្តមានរបស់ធនាគារ មេយប៊ែង នៅក្នុងតំបន់ ដោយផ្តល់នូវដំណោះស្រាយអាជីវកម្ម និងសេវាកម្មដែលមានភាពខុសប្លែកពីគេ ជូនដល់អតិថិជនរបស់យើង។ ទាំងនេះបានឆ្លុះបញ្ចាំងពី ទំនើបកម្មនៃប្រព័ន្ធបច្ចេកវិទ្យា របស់ធនាគារ មេយប៊ែង នៅគ្រប់បណ្តាប្រទេសជាគោលដៅសំខាន់»។
ចំណែក លោក Farhan Ahmad នាយកប្រតិបត្តិនៃ PayNet Group មានប្រសាសន៍ថា «PayNet មានសេចក្តីសោមនស្សរីករាយ ក្នុងការស្វាគមន៍ ព្រះរាជាណាចក្រកម្ពុជា ជាដៃគូ សម្រាប់គម្រោងតភ្ជាប់ប្រព័ន្ធទូទាត់ឌីជីថលក្នុងតំបន់អាស៊ានរបស់យើង។ ចាប់ពីឥឡូវនេះតទៅ អ្នកដំណើរពីព្រះរាជាណាចក្រកម្ពុជា នឹងអាចទូទាត់នៅប្រទេសម៉ាឡេស៊ីបានយ៉ាងងាយស្រួល និងសុវត្ថិភាពខ្ពស់»។
លោកបានបន្ថែមថា «តាមរយៈការផ្សាភ្ជាប់ អ្នកដំណើរកម្ពុជា ជាមួយនឹងពាណិជ្ជករដែលមានឃ្យូអរកូត DuitNow QR ជាង ២លានកន្លែងក្នុងប្រទេសម៉ាឡេស៊ី យើងរំពឹងថា សកម្មភាពទេសចរណ៍ និងពាណិជ្ជកម្មអន្តរអាស៊ាន នឹងត្រូវបានសម្រួល និងពន្លឿនបានមួយកម្រិតទៀត»។
ចាប់ពីឥឡូវនេះ អ្នកដំណើរមកពីព្រះរាជាណាចក្រកម្ពុជាអាចប្រើប្រាស់កម្មវិធីទូទាត់បាគង (Bakong) និងកម្មវិធីធនាគារចល័តរបស់ធនាគារ មេយប៊ែង (M2U KH) ដើម្បីស្កេន និងទូទាត់ប្រាក់ទៅកាន់ទីតាំងពាណិជ្ជករជាងពីរលានកន្លែង ដូចជានៅតាមភោជនីយដ្ឋាន ផ្សារទំនើប មន្ទីរពេទ្យ និងកន្លែងលក់ដូរផ្សេងៗ ដែលបង្ហាញឃ្យូអរកូត DuitNow QR ដែលជាឃ្យូអរកូត ថ្នាក់ជាតិរបស់ប្រទេសម៉ាឡេស៊ី។ ការពង្រីកបណ្តាញទូទាត់យ៉ាងទូលំទូលាយនេះ នឹងធានាថាអ្នកប្រើប្រាស់កម្មវិធីទូទាត់បាគង និងកម្មវិធី M2U KH អាចទទួលបានបទពិសោធន៍ទូទាត់យ៉ាងរលូន និងងាយស្រួលនៅទូទាំងប្រទេសម៉ាឡេស៊ី។
នៅក្នុងដំណាក់កាលទី១នៃគម្រោងតភ្ជាប់នេះ ប្រជាជនកម្ពុជាអាចប្រើប្រាស់កម្មវិធីទូទាត់បាគង និងកម្មវិធី M2U KH សម្រាប់ទូទាត់នៅប្រទេសម៉ាឡេស៊ី ដោយស្កេនឃ្យូអរកូត DuitNow QR នៅតាមទីតាំងពាណិជ្ជករដោយផ្ទាល់ បានយ៉ាងងាយស្រួល។ ប្រជាជនកម្ពុជាដែលមានគណនីជាប្រាក់រៀល អាចធ្វើការទូទាត់ដោយប្រើរូបិយប័ណ្ណរៀលខ្មែរ (KHR) ជារូបិយប័ណ្ណគោល ខណៈរូបិយប័ណ្ណទូទាត់ជា រីងហ្គីតម៉ាឡេស៊ី (MYR)។ គម្រោងទូទាត់ឆ្លងដែននេះនឹងផ្តល់នូវភាពងាយស្រួល រហ័ស និងសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជា ក្នុងការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែន នៅពេលធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី។
ប្រព័ន្ធទូទាត់ឆ្លងដែនតាមឃ្យូអរកូត រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសម៉ាឡេស៊ី ជាសមិទ្ធផល ក្រោមកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរ។ ដំណើរឆ្ពោះទៅរកការទូទាត់ឆ្លងដែនដ៏រលូនរវាងប្រទេសទាំងពីរនេះ បានចាប់ផ្តើមនៅឆ្នាំ២០២១ នៅពេល ធនាគារជាតិនៃកម្ពុជា និងធនាគារ មេយប៊ែង បានដាក់សម្ពោធឱ្យដំណើរការសេវាផ្ទេរប្រាក់ឆ្លងដែនដំបូងគេបង្អស់រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសម៉ាឡេស៊ី ដោយតភ្ជាប់ប្រព័ន្ធធនាគារ មេយប៊ែង ទៅនឹងប្រព័ន្ធបាគង។ បន្ទាប់មក នៅដើមឆ្នាំ២០២៤នេះ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាឡេស៊ី បានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ដោយផ្តោតទៅលើការតភ្ជាប់ការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរ ឱ្យកាន់តែងាយស្រួល សុវត្ថិភាព ឆាប់រហ័ស និងតម្លៃសមរម្យ៕
អត្ថបទ៖សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៦ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ