ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនប្រេងយក្សពិភពលោកពីអារ៉ាប៊ីសាអូឌីត ចង់វិនិយោគនៅវៀតណាម
ក្រុមហ៊ុនប្រេងរដ្ឋរបស់អារ៉ាប៊ីសាអូឌីត Aramco ដែលជាក្រុមហ៊ុនប្រេង និងឧស្ម័នដ៏ធំបំផុតមួយរបស់ពិភពលោក បានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅប្រទេសវៀតណាម រួមទាំងការសាងសង់រោងចក្រចម្រាញ់ប្រេងជាដើម។ នេះបើតាមការចុះផ្សាយរបស់កាសែត The Investor កាលពីចុងសប្ដាហ៍កន្លងទៅ។

ការបង្ហាញចំណាប់អារម្មណ៍នេះ ធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំនាពេលថ្មីៗ រវាងគណៈប្រតិភូរបស់ក្រុមហ៊ុន Aramco និងក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន Petrolimex ដែលជាក្រុមហ៊ុនរដ្ឋលក់រាយប្រេងធំបំផុតរបស់វៀតណាម។
Aramco ដែលជាក្រុមហ៊ុនយក្សរបស់អារ៉ាប៊ីសាអូឌីត ផ្តល់ប្រេងឆៅសម្រាប់អាជីវកម្មក្នុងប្រទេសវៀតណាម ប៉ុន្តែមិនទាន់បានដាក់ការវិនិយោគនៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះនៅឡើយទេ។
ក្នុងកិច្ចប្រជុំ ប្រធានក្រុមហ៊ុន Petrolimex លោក Pham Van Thanh បានកត់សម្គាល់ថា ក្រុមហ៊ុនរបស់លោកដែលឈានមុខគេ មានបណ្តាញស្ថានីយ៍ចាក់សាំងប្រមាណ ៥ ៥០០ កន្លែងទូទាំងប្រទេស ហើយគ្រប់គ្រងចំណែកទីផ្សារជិត ៥០ ភាគរយ។ លោក Thanh បានស្នើឱ្យក្រុមហ៊ុន Aramco ពិចារណាលើកាលានុវត្តភាពសហប្រតិបត្តិការក្នុងវិស័យគីមីឥន្ធនៈ ការផលិត និងការចែកចាយផលិតផលគីមីឥន្ធនៈ ដូចជាឧស្ម័នពង្រាវ ឧស្ម័ន និងប្រេងរំអិល ក្នុងចំណោមការវិយោគផ្សេងៗទៀត។

ចំណែកឯលោក Ziyad Juraifani ដែលជាអនុប្រធានផ្នែកលក់រាយរបស់ក្រុមហ៊ុន Aramco វិញ បានសម្តែងក្តីសង្ឃឹមថា ភាពជាដៃគូយុទ្ធសាស្ត្រដ៏មានសក្តានុពលរវាងក្រុមហ៊ុន Aramco និង Petrolimex នឹងនាំទៅរកការប្រកួតប្រជែងដ៏សន្ធឹកសន្ធាប់ក្នុងប្រទេសវៀតណាម។
គួររំឭកថា កាលពីខែតុលា ឆ្នាំ ២០២៣ ក្នុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្រ្តីវៀតណាមលោក ផាម មិញ ឈិញ (Pham Minh Chinh) ដែលកាលនោះកំពុងចូលរួមកិច្ចប្រជុំកំពូលក្រុមប្រឹក្សាសហប្រតិបត្តិការអាស៊ាន-ឈូងសមុទ្រពែក្ស (GCC) នៅអារ៉ាប៊ីសាអូឌីត អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន Aramco លោក Yasser M.Mufti បានបង្ហាញពីចេតនារបស់ក្រុមហ៊ុនក្នុងការកសាងរោងចក្រគីមីឥន្ធនៈនៅវៀតណាម។ កិច្ចប្រជុំជាថ្មីរវាងក្រុមហ៊ុនទាំង២បង្ហាញថា កិច្ចសហកិច្ចប្រតិបត្តិការវៀតណាម និងអារ៉ាប៊ីសាអ៊ូឌី ដែលជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំបំផុតមួយរបស់ពិភពលោក កំពុងដើរទៅមុខដោយរលូន៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា