ព័ត៌មានអន្ដរជាតិ
ត្រាំ បង្កើនវោហាសាស្រ្តពាណិជ្ជកម្មការពារនិយម ដោយជំរុញគោលនយោបាយបង្កើនពន្ធ
លោក ដូណាល់ ត្រាំ ដែលកំពុងត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាខែវិច្ឆិកាខាងមុខ បានបង្កើនវោហាសាស្រ្តរបស់ខ្លួនលើពាណិជ្ជកម្មការពារនិយម ដោយជំរុញជាបន្តបន្ទាប់នូវគោលនយោបាយបង្កើនពន្ធខ្ពស់កប់ពពកលើទំនិញ និងរថយន្តនាំចូល ជាពិសេសមកពីចិន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo Finance ។

អតីតប្រធានាធិបតីរូបនេះ បានថ្លែងកាលពីថ្ងៃអង្គារថា លោកអាចនឹងដាក់ពន្ធរហូតដល់ ២០០ ភាគរយ លើរថយន្តនាំចូលមកពីប្រទេសម៉ិកស៊ិក ហើយអាចនឹងកំណត់គោលដៅលើក្រុមហ៊ុនក្នុងស្រុក ប្រសិនបើពួកគេព្យាយាមផ្លាស់ប្ដូរកន្លែងផលិតកម្មរបស់ខ្លួននៅក្រៅសហរដ្ឋអាមេរិក។
លោក ត្រាំ បាននិយាយក្នុងសុន្ទរកថានៅទីក្រុង Savannah រដ្ឋ Georgia យ៉ាងដូច្នេះថា៖ «ពាក្យពន្ធ ដែលត្រូវបានប្រើប្រាស់យ៉ាងត្រឹមត្រូវ គឺជាពាក្យដ៏ល្អបំផុត។ នេះជាគោលនយោបាយដែលកសាងអាមេរិក ហើយនេះជាគោលនយោបាយដែលជួយសង្គ្រោះអាមេរិក»។
បើតាម Yahoo Finance នេះគ្រាន់តែជាវោហាសាស្រ្តចុងក្រោយរបស់លោកប៉ុណ្ណោះក្នុងសប្ដាហ៍នេះ ដែលលោក ធ្វើឡើងដើម្បីរកសម្លេងឆ្នោត ចំពេលដែលប្រជាប្រិយភាពរបស់គូប្រជែងក្នុងការបោះឆ្នោត គឺលោកស្រី កាមេឡា ហារ៊ីស មកពីគណបក្សប្រជាធិបតេយ្យ កាន់តែមានសន្ទុះខ្លាំង។

ពេញមួយយុទ្ធនាការរកសម្លេងឆ្នោតរបស់ខ្លួន អតីតប្រធានាធិបតីរូបនេះ បានសន្យាថានឹងយកពន្ធពី ១០-២០ ភាគរយ លើដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និង ៦០ ភាគរយ ទៅលើទំនិញរបស់ចិន ប្រសិនបើលោកឈ្នះឆ្នោត ក្លាយជាប្រធានាធិបតីម្ដងទៀត។
កាលពីថ្ងៃចន្ទ លោកបានសន្យាថានឹងដំឡើងពន្ធ ២០០ ភាគរយ លើការនាំចូលរបស់ក្រុមហ៊ុនផលិតកម្ម John Deere (DE) ប្រសិនបើក្រុមហ៊ុនផ្លាស់ទីផលិតកម្មទៅប្រទេសម៉ិកស៊ិក។ នាពេលកន្លងមក លោកបានពិភាក្សាអំពីពន្ធលើរថយន្តនាំចូលពីម៉ិកស៊ិករួចមកហើយ ប៉ុន្តែនៅសប្ដាហ៍នេះ លោកបានពង្រីកការគំរាមកំហែងដល់ក្រុមហ៊ុននេះជាពិសេស ដោយនិយាយថា ក្រុមហ៊ុននឹងរងការដាក់លើទំនិញគ្រប់មុខដែលខ្លួនដាក់លក់លើទឹកដីអាមេរិក។
ក្នុងសុន្ទរកថាកាលពីថ្ងៃអង្គារ លោក ត្រាំ ក៏បានលើកឡើងផងដែរពីក្រុមហ៊ុនមួយចំនួនផ្សេងទៀត ដែលបានផ្លាស់ប្ដូរប្រតិបត្តិការទៅបរទេស ដោយលោកថានឹងធ្វើឱ្យពួកគេរើផលិតកម្មរបស់ខ្លួនចូលស្រុកវិញ។

ក្នុងសប្ដាហ៍នេះ លោក ត្រាំ បានបញ្ជាក់ជាថ្មីនូវផែនការរបស់លោក ក្នុងការសម្រេចចិត្តជាឯកតោភាគីលើការផ្លាស់ប្ដូរដោយនិយាយថា៖ «ខ្ញុំមិនត្រូវការសភាទេ ប៉ុន្តែពួកគេនឹងអនុម័តវា។ ខ្ញុំនឹងមានសិទ្ធិដាក់វាចេញដោយខ្លួនឯង ប្រសិនបើពួកគេមិនធ្វើ»។
ជាមួយគ្នានោះ លោកថ្លែងក្នុងសុន្ទរកថាដដែល ដោយបង្ហាញពីការពិភាក្សាបន្ថែមអំពីផែនការរបស់លោក ក្នុងការកាត់បន្ថយអត្រាពន្ធសាជីវកម្មដល់ ១៥ ភាគរយ ដើម្បីទាក់ទាញក្រុមហ៊ុនបរទេសឱ្យនាំយករោងចក្រផលិតកម្មរបស់ខ្លួនចូលសហរដ្ឋអាមេរិក។
ជុំវិញគោលនយោបាយការពារនិយមរបស់លោក ត្រាំ ដែលជាបេក្ខភាពមកពីគណបក្សសាធារណរដ្ឋ ក្រុមយុទ្ធនាការរបស់លោកស្រី ហារ៊ីស បានលើកឡើងថា វាអាចនាំទៅរកវិបត្តិសេដ្ឋកិច្ច ខណៈមហាសេដ្ឋីវិនិយោគិន លោក Mark Cuban ហៅវាថា «អាក្រក់គួរឱ្យអស់សំណើច និងបំផ្លិចបំផ្លាញ»។ គោលនយោបាយដដែល ក៏រងការរិះគន់ពីសេដ្ឋវិទូជាច្រើនផងដែរ ដោយហេតុថា វាអាចបង្កើនតម្លៃ និងជំរុញអតិផរណា៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ