ព័ត៌មានជាតិ
AMRO៖ ផលិតកម្មបន្ទះសូឡានៅប្រទេសអាស៊ាន៤ រួមទាំងកម្ពុជាកំពុងប្រឈមនឹងការបិទទ្វារ
អ្នកជំនាញសេដ្ឋកិច្ចនៃអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដែលមានមូលដ្ឋាននៅសិង្ហបុរីបានលើកឡើងថា ផលិតកម្មបន្ទះសូឡានៅកម្ពុជា និងប្រទេសអាស៊ាន៣ផ្សេងទៀតរួមមាន ម៉ាឡេស៊ី ថៃ និងវៀតណាម អាចនឹងប្រឈមនឹងការបិទទ្វារនាពេលខាងមុខ បន្ទាប់ពីរដ្ឋាភិបាលអាមេរិកកាលពីខែមិថុនាបានលុបចោលការលើកលែងពន្ធនាំចូលដល់ប្រទេសបួននៅអាស៊ានដែលរួមមានកម្ពុជា។
បើយោងតាមរបាយការណ៍រួមគ្នាមួយរបស់អ្នកជំនាញសេដ្ឋកិច្ចនៃស្ថាប័ននេះ គឺលោក ទេព វណ្ណសុភាឧត្តម និងអ្នកនាង យ៉ាង ជុនយូ នៅក្នុងឆ្នាំ ២០២២ ការនាំចេញបន្ទះសូឡារបស់កម្ពុជាបានកើនឡើង ២,៨ ដងធៀបនឹងឆ្នាំ២០២១ ដែលសម្រេចបានទឹកប្រាក់នៃការនាំចេញរហូតដល់ ១ ពាន់លានដុល្លារ។ ចំពោះចំណែកនៃការនាំចេញបន្ទះសូឡាធៀបទៅនឹងការនាំចេញសរុបបានកើនឡើងដល់ ៤,៦ ភាគរយកើនពី ១,៤ ភាគរយ។ ក្នុងអំឡុងពេលដូចគ្នា ការនាំចូលបន្ទះសូឡារបស់កម្ពុជាបានកើនឡើងយ៉ាងឆាប់រហ័សផងដែរ ដោយមានអត្រាទ្វេរដងដែលមានទឹកប្រាក់រហូតដល ២៧២លានដុល្លារ ប៉ុន្តែបរិមាណនេះគឺទាបជាងការនាំចេញបន្ទះសូឡាសរុប។
អ្នកជំនាញទាំងពីរនេះបានលើកឡើងថា គំរូពាណិជ្ជកម្មនេះបង្ហាញថា មួយផ្នែកធំនៃការនាំចេញបន្ទះសូឡារបស់កម្ពុជាអាចត្រូវបានតំឡើងក្នុងស្រុកជាជាងការនាំចូល និងនាំចេញឡើងវិញ។ និន្នាការកើនឡើងនៃការនាំចេញបានបន្តរហូតដល់ឆ្នាំ ២០២៣ដោយតម្លៃនៃការនាំចេញឈានដល់ទឹកប្រាក់ចំនួន ២,១ ពាន់លានដុល្លារ ដែលកើនឡើងទ្វេដងធៀបនឹងឆ្នាំមុន។
«កំណើនយ៉ាងឆាប់រហ័សក្នុងការនាំចេញបន្ទះសូឡារបស់កម្ពុជាបានគូសបញ្ជាក់ពីតួនាទីដែលកំពុងលេចធ្លោរបស់ខ្លួននៅក្នុងខ្សែសង្វាក់តម្លៃសកល។ ការកើនឡើងនេះស្របពេលជាមួយនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីខែមិថុនា ឆ្នាំ ២០២២ ក្នុងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនពីប្រទេសចិន និងលើកលែងពន្ធជាបណ្តោះអាសន្នលើការនាំចូលបន្ទះសូឡា ពីប្រទេសកម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាម»។ នេះបើយោងតាមអ្នកជំនាញទាំងពីរ។
អ្នកទាំងពីរបានគូសបញ្ជាក់ថា ការនាំចេញបន្ទះសូឡាទៅកាន់សហរដ្ឋអាមេរិកពីប្រទេសអាស៊ានទាំងបួននេះបានកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំ ២០២៣ ដែលមានកំណើនស្មើនឹង ៧៥ ភាគរយនៃការនាំចូលបន្ទះសូឡាសរុបរបស់សហរដ្ឋអាមេរិក។
«កម្ពុជាជាប្រទេសមួយដែលមានការនាំចេញដ៏លេចធ្លោជាង ដែលការនាំចេញបន្ទះសូឡារបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៣ មានចំនួនជាង ៩០ ភាគរយនៃការនាំចេញបន្ទះសូឡាសរុបទៅកាន់ប្រទេសផ្សេងៗទៀត»។
គួរកត់សម្គាល់ថាជាង ៩០ ភាគរយនៃការនាំចូលបន្ទះសូឡារបស់កម្ពុជាបាននាំចូលមកពីប្រទេសចិនទាំងនៅក្នុងឆ្នាំ ២០២២និង ២០២៣ ។ អត្រាចំណែកទីផ្សារដ៏ធំនេះបង្ហាញពីការផ្លាស់ប្តូរការនាំចេញរបស់ចិនតាមរយៈប្រទេសកម្ពុជាដើម្បីចៀសវាងការរឹតបន្តឹងពាណិជ្ជកម្ម ឬឆ្លុះបញ្ចាំងពីការវិនិយោគដ៏ច្រើនរបស់ចិននៅក្នុងឧស្សាហកម្មផលិតបន្ទះសូឡានៅកម្ពុជាដែលជាប្រទេសទទួលបានការអនុគ្រោះពន្ធនាំចូលពីសហរដ្ឋអាមេរិក។ នេះបើយោងតាមអ្នកជំនាញទាំងពីរ។
បន្ទាប់ពីកំណើនដ៏ខ្ពស់ក្នុងរយៈពេលខ្លីក្នុងឆ្នាំ ២០២២-២០៣ ការនាំចេញបន្ទះសូឡារបស់កម្ពុជាបានឈានទៅដល់ចំណុចរបត់មួយនៅឆ្នាំ ២០២៤ ដោយប្រឈមមុខនឹងបញ្ហាសំខាន់ៗមួយចំនួន។ ក្តីបារម្ភចម្បងមួយគឺថា ការនាំចេញបន្ទះសូឡាទៅកាន់សហរដ្ឋអាមេរិក នឹងត្រូវប្រឈមមុខនឹងការបង់ពន្ធនាំចូលចន្លោះពី ៥០% ទៅ ២៥០% បន្ទាប់ពីការផុតកំណត់នៃការលើកលែងពន្ធរបស់សហរដ្ឋអាមេរិកក្នុងខែមិថុនា ឆ្នាំ ២០២៤កន្លងទៅនេះ។ នេះបើយោងតាមរបាយការណ៍នេះ។
អ្នកជំនាញទាំងពីរនេះបានគូសបញ្ជាក់ថា៖«រោងចក្រផលិតបន្ទះសូឡាមួយចំនួនបានបញ្ឈប់ការផលិតនៅមុនខែមិថុនា ដោយលើកឡើងថាពួកគេ«កំពុងធ្វើការកែលម្អបរិក្ខារ»ឬ «ការថែទាំ» ។ អ្នកខ្លះកំពុងពិចារណាបិទរោងចក្ររបស់ពួកគេនៅអាស៊ីអាគ្នេយ៍ ដោយបង្ហាញពីភាពងាយរងគ្រោះរបស់វិស័យនេះ។ ជាលទ្ធផល ការនាំចេញរបស់កម្ពុជាបានជួបប្រទះនឹងការធ្លាក់ចុះយ៉ាងខ្លាំងនៅប៉ុន្មានខែដើមឆ្នាំ ២០២៤នេះ ជាមួយនឹងការធ្លាក់ចុះស្រដៀងគ្នានេះក៏ឃើញកើតមាននៅក្នុងប្រទេសម៉ាឡេស៊ី ថៃ និងវៀតណាមផងដែរ»។
«ឧស្សាហកម្មបន្ទះសូឡារបស់កម្ពុជាកំពុងប្រឈមនឹងការផ្គត់ផ្គង់អគ្គិសនីមិនមានស្ថេរភាព និងថ្លៃដឹកជញ្ជូនខ្ពស់។ តម្លៃឯកតានៃការនាំចេញបន្ទះសូឡារបស់ខ្លួននៅតែខ្ពស់ជាងប្រទេសចំនួនបីម៉ាឡេស៊ី ថៃ និងវៀតណាម ដែលឆ្លុះបញ្ចាំងពីតម្រូវការសម្រាប់កម្ពុជាក្នុងការដោះស្រាយបញ្ហារាំងស្ទះផ្នែកហេដ្ឋារចនាសម្ព័ន្ធដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម និងរក្សាការប្រកួតប្រជែងឱ្យកាន់តែមានភាពប្រសើរឡើង»។ នេះបើយោងតាមអ្នកជំនាញសេដ្ឋកិច្ចទាំងពីរ៕
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២៤ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន