Connect with us

ព័ត៌មានជាតិ

តំណាងវិស័យឯកជនសា​ទរ ចំពោះការអនុម័ត​គម្រោងវិនិយោគវិស័យអគ្គិសនីចំនួន ២៣ ​នឹងជួយកាត់បន្ថយថ្លៃថាមពល និងជំរុញផលិតកម្ម

បានផុស

នៅ

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា​ អ្នកឧកញ៉ា លោក លឹម ហេងបានលើកឡើងថា ជាមួយនឹងការអនុម័តនូវគម្រោងវិនិយោគវិស័យអគ្គិសនីចំនួន ២៣គម្រោង ដែលមានទុនវិនិ​ សរុបចំនួន ៥,៧៩០ ពាន់លានដុល្លារអាម៉េរិកដោយរដ្ឋាភិបាល ​​នឹងជួយពង្រឹងសន្តិសុខថាមពលនៃប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់​កម្ពុជា តាមរយៈការកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពល និងបង្កើនការអភិវឌ្ឍប្រភពថាមពលក្នុងស្រុកបង្កើនការអភិវឌ្ឍថាមពលស្អាត ជាពិសេសដើម្បីឈានទៅសម្រេចគោលដៅវិស័យថាមពលឆ្នាំ២០៣០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអនុម័តនូវគម្រោងវិនិយោគអគ្គិសនីទាំង២៣នេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៧ កញ្ញា។​

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៧ កញ្ញា​ បានឲ្យដឹងថា គម្រោងវិនិយោគវិស័យអគ្គិសនីចំនួន ២៣គម្រោង សម្រាប់ឆ្នាំ២០២៤-២០២៩ ធ្វើឡើងក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមខ្វះប្រភពអគ្គិសនី ដោយសារការផ្លាស់ប្តូរសភាពការណ៍នៃការអភិវឌ្ឍគម្រោងប្រភពអគ្គិសនីដែលបានគ្រោងទុក។ 

គម្រោងអភិវឌ្ឍវិស័យអគ្គិសនីទាំង ២៣គម្រោង ខាងលើនេះមាន៖ គម្រោងថាមពលពន្លឺព្រះអាទិត្យ ចំនួន ១២គម្រោង គម្រោងថាមពលខ្យល់ ចំនួន ៦គម្រោង គម្រោងជីវម៉ាស (Biomass) ផ្តុំជាមួយថាមពលពន្លឺព្រះអាទិត្យ ចំនួន ១គម្រោង គម្រោងផលិតអគ្គិសនីដើរដោយឧស្ម័ន (LNG) ចំនួន ១គម្រោង គម្រោងវារីអគ្គិសនី ចំនួន ១គម្រោង និងគម្រោងស្ថានីយស្តុកថាមពល ចំនួន ២គម្រោង។

ក្នុងគម្រោងអភិវឌ្ឍន៍សរុបចំនួន ២៣ខាងលើ មានគម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនី ចំនួន ២១គម្រោង ដែលមានអានុភាពសរុប ៣ ៩៥០មេហ្គាវ៉ាត់ និងមានគម្រោងអភិវឌ្ឍស្ថានីយស្តុកថាមពល ចំនួន ២គម្រោង ដែលមានអានុភាព ២ ០០០មេហ្គាវ៉ាត់។ ​

«តាមការពិនិត្យ និងវិភាគលើលក្ខណៈបច្ចេកទេស សេដ្ឋកិច្ច និងសង្គម ការអភិវឌ្ឍគម្រោង ២៣ខាងលើ មានផលប្រយោជន៍ចំពោះ​កម្ពុជា ក្នុងការបំពេញប្រភពអគ្គិសនីឱ្យបានគ្រប់គ្រាន់និងទាន់ពេលតាមកំណើននៃតម្រូវការអគ្គិសនីដែលកើនឡើង ផ្តល់ប្រភពអគ្គិសនីដល់ប្រព័ន្ធបណ្តាញជាតិ ដើម្បីអាចធ្វើការផ្គត់ផ្គង់អគ្គិសនីមួយដែលអាចទុកចិត្តបាន និងមានតម្លៃសមរម្យ ដល់អ្នកប្រើប្រាស់គ្រប់ប្រភេទនៅគ្រប់ទីកន្លែងនៃព្រះរាជាណាចក្រកម្ពុជា»។ នេះបើយោងតាមតាម​សេចក្ដីប្រកាសព័ត៌មាន។

អ្នកឧកញ៉ា លឹម ហេងបានថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃទី៣០ ខែកញ្ញាថា គម្រោងទាំងនេះ នឹងជួយពង្រឹងសន្តិសុខថាមពលនៃប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់​កម្ពុជា តាមរយៈការកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពល និងបង្កើនការអភិវឌ្ឍប្រភពថាមពលក្នុងស្រុកបង្កើនការអភិវឌ្ឍថាមពលស្អាត។

អ្នកឧកញ៉ា ថាប្រទេសកម្ពុជាមានលទ្ធភាពច្រើនក្នុងការទាញយកប្រយោជន៍ពីការផលិតថាមពលស្អាតមានដូចជា​ថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ ថាមពលជីវម៉ាស ថាមពលវារីអគ្គិសនី ដែលថាមពលទាំងនេះអាចជួយកាត់បន្ថយថ្លៃអគ្គិសនី និងរក្សាបាននូវស្ថេរភាពផ្គត់ផ្គង់ដែលជារឿងសំខាន់ក្នុងការទាក់ទាញវិនិយោគិន។

អ្នកឧកញ៉ា បានថ្លែងថា៖«គម្រោងវិនិយោគទាំង២៣ដែលរាជរដ្ឋាភិបាលបានអនុម័តនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់លទ្ធភាពបន្ថែមដល់ប្រទេសកម្ពុជាយើងក្នុងការធានាបាននូវស្ថេរភាពផ្គត់ផ្គង់ និងការចូលរួមចំណែនកាត់បន្ថយថ្លៃថាមពលដែលជារឿងចាំបាច់ចូលរួមដល់ការជំរុញផលិតកម្ម និងការកាត់បន្ថយថ្លៃដើមផលិតផលផងដែរ»។

យោងតាមសេចក្តីប្រកាសព័ត៌មាន​ គម្រោងទាំងនេះ ​​កម្ពុជា អាចកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពល និងបង្កើនការអភិវឌ្ឍប្រភពថាមពលក្នុងស្រុកបង្កើនការអភិវឌ្ឍថាមពលស្អាត ដែលរួមមាន ថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ ថាមពលជីវម៉ាស ថាមពលវារីអគ្គិសនី ឱ្យបានជាអតិបរមា ដោយរក្សាភាពអាចទុកចិត្តបាន និងតម្លៃសមរម្យ នៃការផ្គត់ផ្គង់អគ្គិសនីឱ្យនៅដដែល ដើម្បីឈានទៅសម្រេចគោលដៅវិស័យថាមពលឆ្នាំ២០៣០ ឱ្យមានប្រភពថាមពលស្អាតយ៉ាងតិច ៧០% នៅក្នុងប្រភពថាមពលក្នុងស្រុកសរុប និងចូលរួមចំណែកក្នុងការសម្រេចឱ្យបាននូវគោលដៅបរិស្ថានរបស់កម្ពុជានិងការប្តេជ្ញាចិត្តជាសកលរបស់កម្ពុជាក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

 ​

ជាមួយគ្នានេះដែរ គម្រោងនេះ នឹងផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ ជាពិសេសដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តព្រៃវែង នៅក្នុងដំណាក់កាលសាងសង់ ដំណើរការ និងថែទាំ នាំមកនូវបច្ចេកវិទ្យាថ្មី ទំនើប ។ ជាពិសេសរដ្ឋនឹងទទួលបានចំណូលពន្ធពីគម្រោងវិនិយោគទាំង ២៣គម្រោង ដែលរួមមាន ពន្ធលើប្រាក់ចំណូល ពន្ធបន្ថែមលើការបែងចែកមុនពន្ធកាត់ទុកលើការប្រាក់ និងពន្ធកាត់ទុកលើការបែងចែកភាគលាភ ក្នុងរយៈពេលនៃប្រតិបត្តិការគម្រោងតាមកិច្ចព្រមព្រៀង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម