ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល បន្តលើកទឹកចិត្តក្រុមហ៊ុនអាម៉េរិកមកវិនិយោគនៅកម្ពុជា
វ៉ាស៊ីនតោនឌីស៊ី៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាអាត្លង់ទិក ដឹកនាំដោយលោក Frederick Kempe ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមប្រឹក្សា ដែលជាអង្គការឯករាជ្យមួយនៅសហរដ្ឋអាម៉េរិកធ្វើការពាក់ព័ន្ធនឹងវិស័យការងារអន្តរជាតិ។

ក្នុងកិច្ចប្រជុំពិភាក្សាការងារនាឱកាសនេះ ក៏មានការអញ្ជើញចូលរួមពីលោក Jim Jones នាយកប្រតិបត្តិនៃក្រុមហ៊ុន Jones Group International, លោក William Heidt អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជាចន្លោះពីឆ្នាំ២០១៥-២០១៨, លោក Patrick Murphy អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជាក្នុងឆ្នាំ២០១៩-២០២៤ និងតួអង្គសំខាន់ៗជាច្រើនទៀតផងដែរ។
ក្នុងកិច្ចពិភាក្សានាឱកាសនេះ ឧបនាយករដ្ឋមន្រ្តី បានគូសរំលេចអំពីទំនាក់ទំនងទ្វេរភាគីរវាងកម្ពុជាសហរដ្ឋអាម៉េរិក និងកិច្ចខិតខំរបស់គ្រប់ភាគីពាក់ព័ន្ធ មានជាអាទិ៍ក្នុងវិស័យវិនិយោគ បានបន្តឥតដាច់ដើម្បីរក្សាបាននូវកំណើនការវិនិយោគដោយផ្ទាល់ពីសហរដ្ឋអាម៉េរិកមកកម្ពុជា។
ជាថ្មីម្ដងទៀតក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី បានរំលេចជូនអង្គពិធីទាំងមូលអំពី កំណើននៃការវិនិយោគឯកជននៅកម្ពុជាក្នុងនីតិកាលទី៧នៃរដ្ឋសភា ដែលកើនឡើងរហូតដល់៧៥% ដែលគិតជាគម្រោងមានចំនួន១៦៨គម្រោង។

លោក ស៊ុន ចាន់ថុល បញ្ជាក់ថា៖«កម្ពុជាបានបន្តខិតខំប្រឹងប្រែងក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាមិនត្រឹមតែសម្រាប់បម្រើប្រយោជន៍ពលរដ្ឋដោយផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សម្រួលការដឹកជញ្ជូនរបស់វិនិយោគិនផងដែរ»។ គម្រោងនានាមានជាអាទិ៍ដូចជាគម្រោងពង្រីកកំពង់ផែអន្តរជាតិទឹកជ្រៅក្រុងព្រះសីហនុ និងគម្រោងព្រែកជីកជាដើម ដែលសុទ្ធសឹងតែនឹងចូលរួមបង្កើនតម្លៃប្រកួតប្រជែងផ្នែកភស្ដុភារកម្មរបស់កម្ពុជា។
ដោយហេតុថាកម្ពុជាស្ថិតនៅចំកណ្ដាលនៃតំបន់អាស៊ាន មានប្រជាពលរដ្ឋប្រមាណ១៧លាននាក់ ដោយក្នុងនោះប្រជាពលរដ្ឋវ័យក្មេងមានប្រមាណជាង៦០% ច្រើនជាងប្រទេសផ្សេងៗទៀតក្នុងតំបន់។
បើតាមលោក ស៊ុន ចាន់ថុល សហរដ្ឋអាម៉េរិកនៅតែជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា ហើយស្របតាមទឡ្ហីករនេះចំពោះកិច្ចការងារវិនិយោគ កម្ពុជាលើកទឹកចិត្តជូនវិនិយោគិនអាម៉េរិកមកបណ្ដាក់ទុននៅកម្ពុជាបន្ថែមទៀត។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការងារវិនិយោគឯកជន បានខិតខំរិះរកវិធីសាស្រ្តនានា ដើម្បីធានានូវប្រសិទ្ធភាពនៃតួអង្គរដ្ឋនិងឯកជន ដោយរក្សាបាននូវការអនុវត្តស្របច្បាប់ និងមានភាពបត់បែនដល់វិនិយោគិន មានជាអាទិ៍ការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងការបន្តអនុវត្តកិច្ចសន្ទនាដៃគូរវាងរដ្ឋនិងឯកជនជាដើម។

ជាការឆ្លើយតបលោក Frederick Kempe បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឧបនាយករដ្ឋមន្រ្តី និងបានសង្កត់ធ្ងន់ថា តាមរយៈអង្គប្រជុំនេះ គ្រប់ភាគីនឹងខិតខំបន្ថែមទៀតចូលរួមផ្សព្វផ្សាយអំពីសក្ដានុពលជាវិជ្ជមានរបស់កម្ពុជា ដើម្បីពង្រឹងបន្ថែមកិច្ចការងារវិនិយោគផ្ទាល់លើវិស័យមានជាអាទិ៍បច្ចេកវិទ្យាទូរគមនាគមន៍ និងចំណីអាហារជាដើម។
សូមជម្រាបជូនថា ក្រុមប្រឹក្សាអាត្លង់ទិកត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦១ គឺជាអង្គការឯករាជ្យមួយនៅសហរដ្ឋអាម៉េរិកធ្វើការពាក់ព័ន្ធនឹងវិស័យការងារអន្តរជាតិ ជំរុញកិច្ចសហប្រតិបត្តិការឆ្លងកាត់អាត្លង់ទិក ការពារសន្តិសុខអន្តរជាតិ ជាពិសេសជំរុញនិងរក្សាវិបុលភាពសេដ្ឋកិច្ចពិភពលោក៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ