Connect with us

សេដ្ឋកិច្ច

ថ្នាក់ដឹកនាំកម្ពុជា និងមូល​និធិរូបិយវត្ថុអន្តរជាតិ បង្ហាញជំហរអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

បានផុស

នៅ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Kenji Okamura អនុប្រធានគ្រប់គ្រងនៃមូល​និធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្ហាញជំហររួមគ្នាក្នុងការបន្តនូវភាពជាដៃគូដ៏ល្អ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងកំណត់ក្របខ័ណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រសម្រាប់ពេលអនាគត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្ដេជ្ញាបែបនេះ បានធ្វើឡើងក្នុងពេលដែលសម្តេច ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យលោក Kenji Okamura អនុប្រធានគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ នៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៤។

លោក Kenji Okamura បានពិភាក្សាការងារលើចំណុចសំខាន់ៗពាក់ព័ន្ធទៅនឹងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច, ធនាគារ និងហិរញ្ញវត្ថុ នៃប្រទេសកម្ពុជា និងការពង្រឹងភាពជាដៃគូដ៏ល្អ រវាងកម្ពុជា និង IMF សម្រាប់ពេលអនាគត។ លោក លោក Kenji Okamura បានក៏គូសបញ្ជាក់ថា កម្ពុជាបានធានានូវភាពជាដៃគូដ៏ល្អជាមួយនឹង IMF, ជាពិសេសក្នុងមុខងារនៃការឃ្លាំមើល (Surveillance function), ការកំណត់នូវអនុសាសន៍គោលនយោបាយ, និងការចូលរួមក្នុងការជំរុញឱ្យស្ថានភាពសេដ្ឋកិច្ច និងប្រព័ន្ធធនាគាររបស់កម្ពុជាកាន់តែមានភាពល្អប្រសើរ និងភាពរឹងមាំ។

សម្ដេច ហ៊ុន ម៉ាណែ បានវាយតម្លៃខ្ពស់ចំពោះ IMF ដែលបានរួមចំណែកក្នុងការផ្ដល់ជំនួយបច្ចេកទេស, ការបណ្ដុះបណ្ដាល និងការកសាងសមត្ថភាពដល់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងវិស័យសេដ្ឋកិច្ច, សារពើពន្ធ, ហិរញ្ញវត្ថុ, និងវិស័យផ្សេងៗទៀត ដែលមានសារៈសំខាន់ក្នុងការរៀបចំគោលនយោបាយសេដ្ឋកិច្ច, ប្រែក្លាយប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា ពីប្រព័ន្ធសេដ្ឋកិច្ចផែនការទៅប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ, និងធានាបាននូវស្ថិរភាពផ្នែកធនាគារ និងហិរញ្ញវត្ថុ ដែលជាសសៃ​ឈាមដ៏សំខាន់សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា, និង ពង្រឹងការរៀបចំទិន្នន័យ និងបង្កើតប្រព័ន្ធទិន្នន័យនៅវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ដែលមានសារៈសំខាន់នៅក្នុងការកំណត់ក្របខ័ណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រ ប្រកបដោយភាពច្បាស់លាស់ និងឈានទៅរកការសម្រេចបាននូវចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា។

សម្ដេចបវរធិបតី បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់នូវអាទិភាពគន្លឹះមួយចំនួននៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែល IMF អាចចូលរួមគាំទ្រ និង ជួយជំរុញ ធ្វើយ៉ាងណាអាចឱ្យកម្ពុជាអាចអនុវត្តយុទ្ធសាស្រ្តខាងលើ ប្រកបដោយជោគជ័យ ឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

កម្ពុជាបាន និងកំពុងតែយកចិត្តទុកដាក់ក្នុងការកំណត់នូវក្របខ័ណ្ឌយុទ្ធសាស្ត្រ និងគោលនយោបាយច្បាស់លាស់ តាមរយៈការវាយតម្លៃអំពីស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ក៏ដូចជាតាមរយៈការពង្រឹងនូវឯករាជភាពផ្នែកសេដ្ឋកិច្ចហិរញ្ញវត្ថុរបស់ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម