ព័ត៌មានអន្ដរជាតិ
ត្រាំ គំរាមតម្លើងពន្ធ «២០០ ឬ ៥០០ ភាគរយ» លើរថយន្តនាំចូលពីម៉ិកស៊ិក បើលោកជាប់ឆ្នោត
បេក្ខជនឈរឈ្មោះបោះឆ្នោតប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានបង្កើនវោហាសាស្រ្តរបស់ខ្លួនជាថ្មីលើគោលនយោបាយការពារនិយម ដោយលើកឡើងថា លោកនឹងតម្លើងពន្ធលើសពី ២០០ ភាគរយ ប្រសិនបើជាប់ឆ្នោតកាន់អំណាចជាថ្មីនាខែវិច្ឆិកាខាងមុខ។ នេះបើតាមការចុះផ្សាយបន្តរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
អតីតប្រធានាធិបតីរូបនេះ បានថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News ដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា៖ «អ្វីដែលខ្ញុំនឹងធ្វើ គឺថា «ខ្ញុំនឹងដាក់ពន្ធ ២០០ (ភាគរយ) ឬ ៥០០។ ខ្ញុំមិនខ្វល់ទេ។ ខ្ញុំនឹងកំណត់លេខ(ពន្ធ) ដើម្បីកុំឱ្យពួកគេអាចលក់ឡានបានសូម្បីតែមួយគ្រឿង»។ លោកបន្តថា៖ «ខ្ញុំមិនចង់ឱ្យពួកគេ បង្កការខូចខាតដល់ក្រុមហ៊ុនរថយន្តក្នុងស្រុករបស់យើងនោះទេ»។
គេមើលឃើញថា គោលនយោបាយតម្លើងពន្ធលើផលិតផលនាំចូលបរទេស ជាពិសេសចិន និងម៉ិកស៊ិក គឺជាស្នូលវោហាសាស្រ្តមួយរបស់លោក ត្រាំ ដែលកំពុងរងការប្រកួតប្រជែងយកដំណែងកំពូលយ៉ាងស្វិតស្វាញពីអនុប្រធានាធិបតីបច្ចុប្បន្ន លោកស្រី កាម៉ាឡា ហារីស ។
នាពេលកន្លងមក អ្នកនយោបាយវ័យ ៧៨ ឆ្នាំរូបនេះ បានសន្យាដាក់ពន្ធ ១០០ ភាគរយ លើរថយន្តនាំចូល និងរថយន្តដឹកទំនិញ ដើម្បី «ការពារឧស្សាហកម្មរថយន្តក្នុងស្រុក»។ ក្នុងអំឡុងការប្រមូលផ្តុំជាមួយអ្នកគាំទ្រកាលពីសប្តាហ៍មុននៅទីក្រុង Juneau រដ្ឋ Wisconsin លោក ត្រាំ បានបង្កើនទ្វេដងនូវតួលេខដែលលោកធ្លាប់បានសន្យានេះ។
ជាថ្មីម្ដងទៀត លោកប្រាប់ Fox News បន្តថា៖ «២០០ ភាគរយ ខ្ញុំនឹងប្រើវាជាតួលេខ។ ខ្ញុំមិនចង់បានរថយន្តរបស់ពួកគេ។ ពួកគេនឹងមិនអាចលក់រថយន្តក្នុងស្រុកយើងបានទេ។ ខ្ញុំនឹងមិនឱ្យពួកគេសាងសង់រោងចក្រនៅក្រៅស្រុក ហើយលក់រថយន្តរាប់លានគ្រឿងក្នុងទឹកដីសហរដ្ឋអាមេរិកនោះទេ»។
លោក ត្រាំ ធ្លាប់បានគំរាមយកពន្ធដ៏ធំលើរថយន្តពីម៉ិកស៊ិកពេលលោកក្លាយជាប្រធានាធិបតី និងជាបេក្ខជនឈរឈ្មោះ ក្រោយពេល និងមុនពេលការបោះឆ្នោតឆ្នាំ ២០១៦។ ជុំវិញបញ្ហានេះ ក្រុមហ៊ុនផលិតរថយន្តជាច្រើន ធ្លាប់បាននិយាយថា ការដាក់ពន្ធរហូតដល់ ២៥ ភាគរយ លើរថយន្ត និងគ្រឿងបន្លាស់ពីម៉ិកស៊ិក អាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្ម និងតម្លើងថ្លៃរថយន្ត៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់