សេដ្ឋកិច្ច
ក្រសួងប្រៃសណីយ៍ ណែនាំឱ្យបញ្ឈប់ផ្ដល់សេវាអ៊ីនធឺណិត ដោយគ្មានអាជ្ញាបណ្ណ
ក្រសួងប្រៃសណីយ៍ នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៤ បានចេញសារចរមួយណែនាំឱ្យបញ្ឈប់សកម្មភាពនៃការផ្តល់សេវាអ៊ីនធឺណិតដោយគ្មានអាជ្ញាបណ្ណ ការលក់ដុំសេវា អ៊ីនធឺណិតដល់បុគ្គលដែលគ្មានអាជ្ញាបណ្ណ និងការផ្តល់សេវាអ៊ីនធឺណិតផ្តាច់មុខ។
កន្លងមក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចាត់ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅក្នុងរាជធានីភ្នំពេញចំនួន ៩ ក្រុម ដើម្បីចុះត្រួតពិនិត្យ និងរកដំណោះស្រាយពង្រឹងគុណភាពសេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណិត នៅតាមបុរី ទីប្រជុំជន និងអគារខ្ពស់ៗក្នុងរាជធានីភ្នំពេញ និងបានចាត់ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅ ទូទាំងប្រទេស ដោយបែងចែកជា ៥ តំបន់។
តាមរយៈបេសកកម្មនេះ ក្រុមការងារបានរកឃើញថា ប្រតិបត្តិករ ទូរគមនាគមន៍មួយចំនួន បានសហការនិងលក់ដុំ (Wholesaler) សេវាអ៊ីនធឺណិត ទៅឱ្យក្រុមហ៊ុន ឬបុគ្គល យកទៅ ធ្វើអាជីវកម្មបន្ត ឬចែកចាយបន្ត (Reseller) នៅតាមបុរី អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារខ្ពស់ ផ្សារទំនើប ជាដើម ដោយគ្មានអាជ្ញាបណ្ណប្រតិបត្តិការសេវាអ៊ីនធឺណិត (ISP) ពីនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) ហើយទីតាំងមួយចំនួនទៀត ក៏នៅតែបន្តមានការផ្តល់សេវាផ្តាច់មុខដោយប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិតតែមួយ ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ និងមានការប្រកួតប្រជែងមិនស្មោះត្រង់ក្នុងវិស័យទូរគមនាគមន៍។ ក្នុងន័យនេះ និយ័តករទូរគមនាគមន៍កម្ពុជា សូមណែនាំ ដូចខាងក្រោម៖
១. ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ត្រូវបញ្ឈប់ទាំងស្រុងរាល់ការលក់ដុំ (Wholesaler) សេវាអ៊ីនធឺណិត ទៅឱ្យក្រុមហ៊ុន ឬបុគ្គល យកទៅធ្វើអាជីវកម្មបន្ត ឬចែកចាយបន្ត (Reseller) ទៅដល់អ្នកប្រើប្រាស់ ដោយគ្មានអាជ្ញាបណ្ណប្រតិបត្តិការសេវាអ៊ីនធឺណិត (ISP) ពីនិយ័តករទូរគមនាគមន៍កម្ពុជា។
២. ក្រុមហ៊ុន ឬបុគ្គល ដែលកំពុងធ្វើអាជីវកម្មបន្ត ឬចែកចាយបន្ត (Reseller) ទៅដល់អ្នកប្រើប្រាស់ ដោយគ្មានអាជ្ញាបណ្ណប្រតិបត្តិការសេវាអ៊ីនធឺណិត (ISP) ពីនិយ័តករទូរគមនាគមន៍កម្ពុជា ត្រូវបញ្ឈប់សកម្មភាពនេះជាបន្ទាន់។ ផ្អែកតាមមាត្រា១៤ មាត្រា១៧ មាត្រា៩១ និងមាត្រា៩២ នៃច្បាប់ស្តីពីទូរគមនាគមន៍ ការធ្វើប្រតិបត្តិការ ដោយគ្មានអាជ្ញាបណ្ណពី ន.ទ.ក. ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ៥ ០០០ ០០០ រៀល ទៅ ១០ ០០០ ០០០ រៀល ហើយចំពោះនីតិបុគ្គលដែលប្រព្រឹត្តបទល្មើសនេះ ត្រូវរង ពិន័យជាប្រាក់ពី ៥០០ ០០០ ០០០ រៀល ទៅ ១ ០០០ ០០០ ០០០ រៀល ព្រមទាំងទោសបន្ថែមដូចដែល មានចែងក្នុងមាត្រា១៦៨ (ទោសបន្ថែមអនុវត្តចំពោះនីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ។ បន្ថែមពីនេះ ក្រុមហ៊ុន ឬបុគ្គលទាំងនោះ ត្រូវប្រឈមមុខនឹងការផាកពិន័យធ្ងន់ធ្ងរទៅតាមទំហំនៃប្រតិបត្តិការអាជីវកម្ម និងពី សកម្មភាពល្មើសច្បាប់នានារបស់ខ្លួន។
៣. ក្រុមហ៊ុន ឬបុគ្គលដែលកំពុងមានកិច្ចសន្យាផ្តាច់មុខជាមួយប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត ត្រូវតែបញ្ឈប់ រាល់កិច្ចសហការ ឬបញ្ចប់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិត។ ផ្អែកតាមមាត្រា៦២ មាត្រា១០២ និង មាត្រា១០៣ នៃច្បាប់ស្តីពីទូរគមនាគមន៍ ប្រតិបត្តិករទូរគមនាគមន៍ ឬបុគ្គលពាក់ព័ន្ធ នឹងវិស័យទូរគមនាគមន៍ដែលធ្វើការប្រកួតប្រជែងមិនស្របច្បាប់ ត្រូវរងការព្រមានជាលាយលក្ខណ៍អក្សរ ដោយភ្ជាប់នូវលក្ខខណ្ឌកែតម្រូវសម្រាប់រយៈពេលកំណត់ណាមួយ ដោយ ន.ទ.ក. ហើយក្នុងករណីដែល នៅតែមិនគោរពតាមការព្រមានខាងលើ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ៥០ ០០០ ០០០ រៀល ទៅ ១០០ ០០០ ០០០ រៀល។ ចំពោះនីតិបុគ្គលដែលប្រព្រឹត្តបទល្មើសនេះ ត្រូវ ពិន័យជាប្រាក់ពី ៥០០ ០០០ ០០០ រៀល ទៅ ១ ០០០ ០០០ ០០០ រៀល ព្រមទាំងទោសបន្ថែមណាមួយ ឬច្រើន ដូចដែលមានចែងក្នុងមាត្រា ១៦៨ (ទោសបន្ថែមអនុវត្តចំពោះនីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ។ ប្រតិបត្តិករទូរគមនាគមន៍ និងក្រុមហ៊ុន ឬបុគ្គលដែលពាក់ព័ន្ធ ត្រូវប្រឈមមុខនឹងការផាកពិន័យធ្ងន់ធ្ងរ ទៅតាមទំហំនៃប្រតិបត្តិការអាជីវកម្ម និងពីសកម្មភាពល្មើសច្បាប់នានារបស់ខ្លួន។
និយ័តករទូរគមនាគមន៍កម្ពុជា នឹងបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះករណីល្មើសច្បាប់នេះ ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីធានាសណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងវិស័យទូរគមនាគមន៍ ការពង្រឹង គុណភាពសេវាអ៊ីនធឺណិត ការលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាពនិងស្របច្បាប់ ព្រមទាំងធានានូវតម្លៃ សមស្របជូនដល់អ្នកប្រើប្រាស់៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៣ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
សន្តិសុខសង្គម៥ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ