ព័ត៌មានជាតិ
វិស័យអប់រំ សុខាភិបាល និងការលើកកម្ពស់ភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចនៅតែជារបៀបវារៈសំខាន់របស់ធនាគារពិភពលោកនៅកម្ពុជា
ធនាគារពិភពលោកបានដាក់ចេញនូវក្របខ័ណ្ឌភាពជាដៃគូថ្មីប្រចាំប្រទេស (CPF) សម្រាប់កម្ពុជា ឆ្នាំ២០២៥-២០២៩ ដើម្បីចូលរួមដោះស្រាយលើវិស័យធំៗបីពាក់ព័ន្ធនឹង ការកែលម្អសុខភាព និងការអប់រំឱ្យប្រសើរឡើង, ការលើកកម្ពស់ភាពប្រកួតប្រជែង និងការពង្រឹងភាពធន់នៃក្រុមគ្រួសារដែលងាយរងគ្រោះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកនៅថ្ងៃទី១៦ខែតុលា ឯកសារក្របខ័ណ្ឌភាពជាដៃគូប្រចាំប្រទេសនេះ បានគូសបញ្ជាក់អំពីបណ្តាអាទិភាពសម្រាប់កម្មវិធីនានារបស់ក្រុមធនាគារពិភពលោក សម្រាប់ជួយដល់កម្ពុជាក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ ក្របខ័ណ្ឌនេះត្រូវបានរៀបចំឡើងដោយផ្អែកលើឯកសារវិភាគអំពីបញ្ហាប្រឈមនានានៅក្នុងកិច្ចអភិវឌ្ឍន៍របស់ប្រទេស, យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា និងកិច្ចពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធជាច្រើន។
លោកស្រី ម៉ារីយ៉ាម ស្ហ៊ឺមែន (Mariam Sherman) នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា ឡាវ និងវៀតណាម មានប្រសាសន៍ថាការផ្តោតជាគន្លឹះសម្រាប់ការចូលរួមរបស់ខ្លួនគឺការលើកកម្ពស់មូលធនមនុស្ស ជាពិសេសគឺការអប់រំជាមូលដ្ឋាន និងមូលដ្ឋានគ្រឹះនៃជំនាញ។
លោកស្រីមានប្រសាសន៍ថែមទៀតថា៖ “កម្មវិធីថ្មីនេះក៏នឹង សង្កត់ធ្ងន់លើការកាត់បន្ថយភាពក្រីក្រតាមរយៈការជំរុញការវិនិយោគលើវិស័យសុខាភិបាល និងការអប់រំ, ជួយបង្កើតការងារ និងការការពារជីវភាពរស់នៅរបស់ក្រុមគ្រួសារដែលងាយរងគ្រោះ រួមទាំងការពង្រឹងភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ។”

លោកស្រី Kim-See Lim នាយក IFC ប្រចាំតំបន់អាស៊ីបូព៌ា និង ប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថាIFC និងក្រុមធនាគារពិភពលោកកំពុងតែជំរុញឱ្យមានការចូលរួមរបស់វិស័យឯកជននៅកម្ពុជា ឱ្យបានស្វាហាប់ និងប្រកបដោយការប្រកួតប្រជែង។
លោកស្រីមានប្រសាសន៍បន្ថែមថា៖ «យើងនឹងបន្តការគាំទ្ររបស់យើងដល់ការពង្រឹងកិច្ចការពារអ្នកប្រើប្រាស់ហិរញ្ញវត្ថុ និងការផ្តល់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវ, ជំរុញដល់ការរៀបចំបង្កើតទីផ្សារហិរញ្ញប្បទានបៃតង, និងជួយកម្ពុជាក្នុងការទាក់ទាញទុនឯកជនសម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចជាថាមពល និងការដឹកជញ្ជូន ជាពិសេសតាមរយៈភាពជាដៃគូសាធារណៈនិងឯកជន»។
ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ផ្នែកទាំងបីរបស់ក្រុមធនាគារពិភពលោក — មានទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ (IDA) សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និងទីភ្នាក់ងារពហុភាគីធានាការវិនិយោគ (MIGA) — នឹងបន្តជំរុញដល់ការវិនិយោគនៅកម្ពុជា និងលើកកម្ពស់ភាពជាដៃគូសាធារណៈ និងឯកជន ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។

បើតាមធនាគារពិភពលោក ក្របខ័ណ្ឌថ្មីនេះបានពិភាក្សាដោយក្រុមធនាគារពិភពលោកកាលពីថ្ងៃអង្គារនេះ។ ផែនការសកម្មភាពយេនឌ័រដែលបានធ្វើបច្ចុប្បន្នភាពនឹងផ្តល់ជាមូលដ្ឋានសម្រាប់ដោះស្រាយគម្លាតយេនឌ័រក្នុងការឈានទៅការអប់រំមធ្យមសិក្សា និងលើកកម្ពស់ទិន្នន័យយេនឌ័រឱ្យកាន់តែប្រសើរឡើង។ ក្របខ័ណ្ឌថ្មីនេះក៏នឹងផ្តោតដែរទៅលើការកសាងគណនេយ្យភាពសម្រាប់បណ្តាគម្រោងផ្តល់សេវា ការពង្រឹងស្តង់ដាធានាការទុកចិត្តលើវិស័យសាធារណៈ, និងផ្តោតលើការបន្តការត្រួតពិនិត្យពីលើ និងផ្តល់ប្រឹក្សាអំពីយន្តការសម្រាប់ដោះស្រាយបណ្តឹងតវ៉ា/បណ្តឹងសាទុក្ខនានា ដែលអាចកើតមាន៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ