សេដ្ឋកិច្ច
អ្នកជំនាញអះអាងថា ទីផ្សារអចលទ្រព្យចាប់ផ្ដើមកម្រើកឡើងវិញ ខណៈតម្លៃធ្លាក់ចុះ
អ្នកជំនាញវិស័យអចលនទ្រព្យបានលើកឡើងថា ស្ថានភាពទីផ្សារទិញ-លក់អចលនទ្រព្យបានចាប់ផ្ដើម កម្រើកឡើងវិញនៅក្នុងឆ្នាំ ២០២៤ បន្ទាប់ពីបានឆ្លងកាត់ដោយសារជំងឺកូវីដ១៩ និងសង្គ្រាម។
លោកបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង បានលើកឡើងថា វិបត្តិដែលបានកើតឡើងនៅចុងឆ្នាំ ២០១៩ បានបញ្ចប់នៅក្នុងឆ្នាំ ២០២៤ នេះ ដែលលោកចាត់ទុកថា ជាឆ្នាំចុងក្រោយនៃវិបត្តិ។

លោកបណ្ឌិត គីម ហ៊ាងបញ្ជាក់ថា៖ «រឿងអាក្រក់បានកើតឡើងរួចហើយ បើនិយាយពីក្រុមហ៊ុន ឬបុគ្គលដែលពាក់ព័ន្ធនឹងវិស័យដីធ្លី អ្នកណា ដែលត្រូវក្ស័យធន គឺគាត់ក្ស័យរួចហើយ អ្នកណាដែលលំបាកគឺលំបាកហើយ អញ្ចឹងវាដល់ពេលមួយដែលញែកដាច់ថាតើនរណា ជាមនុស្សដែលអាចឈរជើងបាន ហើយនរណាដែលត្រូវក្ស័យធន អញ្ចឹងនរណាដែលអាចឈរជើងដល់បច្ចុប្បន្ន អ្នកនោះគឺគាត់ឆ្លងផុតវិបត្តិរួចហើយ»។
គម្រោង បុរី ខុនដូ ដែលដំណើរការដល់បច្ចុប្បន្ន មានន័យថា គម្រោងហ្នឹងគាត់ដើរទៅមុខហើយ ពីព្រោះគម្រោង ដែលប្រឈមបំផុតគាត់បានបិទហើយហ្នឹង។
លោកបណ្ឌិត គីម ហ៊ាង មើលឃើញថា ក្នុងឆ្នាំ ២០២៤ ការទិញ លក់ អចលនទ្រព្យ ចាប់ផ្ដើមកម្រើកឡើងវិញ ប៉ុន្តែមិនច្រើនដូចមុនពេលកូវីដ១៩ នោះទេ។

លោកបណ្ឌិត គីម ហ៊ាងថ្លែងថា៖ «បើយើងលក់ដីមួយកន្លែង ១ លានដុល្លារ ចង់ មិនចង់ គឺមានគេសួរ ហើយគេតថ្លៃ លក់តម្លៃប៉ុណ្ណា គឺអាស្រ័យលើតម្រូវការរៀងៗខ្លួន ខ្ញុំមើលឃើញថា ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៤ ការលក់ដូរដីធ្លី មានសកម្មភាពឡើងវិញក្នុងកម្រិតមួយដែលថា អាចលក់បានអាស្រ័យលើតម្លៃ»។
លោកបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា តម្លៃបុរីនីមួយៗ មានស្ថានភាពខុសគ្នា និយាយពីម្ចាស់បុរី ប្រសិនបើចរន្តសាច់ប្រាក់របស់គាត់អាចទប់បាន គឺគាត់មិនចុះថ្លៃទេ ប៉ុន្តែបុរីមួយចំនួន ចរន្តសាច់ប្រាក់មានបញ្ហា ដូច្នេះចង់មិនចង់ គាត់អាចនឹងចុះថ្លៃក្នុងកម្រិតមួយច្រើន ហើយក៏មានបុរីខ្លះក៏ដំណើរការតាមដំណើរ។

លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ បានលើកឡើងថា ការទិញ លក់ ចាប់ផ្ដើមមានសញ្ញាកម្រើកឡើងវិញ ប៉ុន្តែមិនច្រើនទេ។ ជាទូទៅនៅពេលដែលមានការផ្គត់ផ្គង់ច្រើន នោះតម្លៃនឹងល្អ ហើយអ្នកដែលមានលទ្ធភាពនៅពេលបច្ចុប្បន្ន អ្នកខ្លះក៏ចាប់យកឱកាស ហ៊ានវិនិយោគ ប៉ុន្តែក៏មានអ្នកប្រឈមនឹងជាប់គាំងក្នុងការលក់ចេញច្រើន ដោយសារតែទំហំនៃការផ្គត់ផ្គង់នៅលើទីផ្សារ ដូចជា ផ្ទះ ដី និងសំណង់អាគារ គឺសម្បូរមានអ្នកលក់។
លោក ង៉ែត ជូ ថ្លែងថា៖ «ប្រតិបត្តិការទិញ លក់ ចាប់ផ្ដើមមានដង្ហើមខ្លះ គឺជាការចាប់យកឱកាសរបស់អ្នកដែលមានលទ្ធភាពហិរញ្ញវត្ថុ ឧទាហរណ៍ថា មុនពេលកូវីដ១៩ មួយម៉ែត្រ ការ៉េ ៥០០ ដុល្លារ អញ្ចឹងដើម្បីបានលុយយកទៅប្រើប្រាស់គាត់សុខចិត្តលក់ចុះថ្លៃ ៥០% ឬ ២៥០ ដុល្លារ អញ្ចឹងមានការទិញ លក់ និងអាចមានអ្នកចាប់យកឱកាស នោះទីផ្សារហ្នឹងចាប់ផ្ដើមដំណើរការឡើងវិញ»។
លោក ង៉ែត ជូ បន្តថា នៅតំបន់ជាយក្រុង មានការដាក់លក់អចលនទ្រព្យច្រើន ខណៈតម្លៃបានធ្លាក់ចុះពី ៤០ ទៅ ៥០% ទើបមានប្រតិបត្តិការទិញ-លក់ ប៉ុន្តែក៏អាស្រ័យលើប្រភពហិរញ្ញវត្ថុរបស់ម្ចាស់អចលទ្រព្យទី១ រឿងកម្រិតបំណុលរបស់គាត់ប្រសិនបើមានបំណុលតិច វាអត់បញ្ហាទេ ម្យ៉ាងទៀតប្រភពនៃបំណុល ប្រសិនបើធនាគារ អាចជែកគ្នាអាចរៀបចំឥណទានឡើងវិញបាន ចំណុចនេះ ហើយដែលធ្វើឱ្យអ្នកខ្លះ ដីគាត់ធ្លាប់លក់បាន ១ ការ៉េ ៥០០ ដុល្លារ បើឱ្យគាត់ ៣០០ ដុល្លារ គាត់អត់លក់ទេ គាត់សុខចិត្តទៅរៀបចំឥណទានឡើងវិញ។
ប៉ុន្តែប្រសិនបើម្ចាស់ដីគាត់មានប្រភពកម្ចីច្រើន លើសពីធនាគារ ឧទាហរណ៍ថា គាត់ចងការប្រាក់ពីឈ្មួញឯកជន អាហ្នឹងបំណុលធ្ងន់ហើយ អញ្ចឹងចុះ ៥០% ឬ ៦០ ក៏លក់ដែរ ពីព្រោះគាត់មានសម្ពាធច្រើន។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE នៅត្រីមាសទី៣ ឆ្នាំ ២០២៤ បង្ហាញថា វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាមានកំណើនយឺត ដោយការវិនិយោគភាគច្រើនបានហូរចូលទៅក្នុងវិស័យឧស្សាហកម្ម ទេសចរណ៍ និងកសិកម្ម។ ចំណែកទំហំវិនិយោគក្នុងឆ្នាំ២០២៤ ត្រូវបានគេព្យាករណ៍ថា នឹងមានកំណើនខ្ពស់បំផុតដល់ ៥,៥ពាន់លានដុល្លារអាម៉េរិក៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?