Connect with us

សេដ្ឋកិច្ច

កម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីជាផ្លូវការជាង ៥៨ ម៉ឺន ហិកតា

បានផុស

នៅ

កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា (៥៨០ ១១៧) ក្នុងនោះ​ខេត្ត​ចំនួន ១០ របស់កម្ពុជា មានផ្ទៃដី​ដាំដុះ​ស្វាយ​​​​​ចន្ទីច្រើនជាងគេរួមាន ខេត្តកំពង់ធំជិត ១៥ ម៉ឺន​ហិកតា (១៤៧ ៧០៣) ខេត្តក្រចេះ ជាង ១០ ម៉ឺនហិកតា (១០២ ៥២០) រតនគិរី ៩៧ ២៥៨ ហិកតា កំពង់ចាម ៤៦ ៥៨២ ហិកតា ស្ទឹងត្រែង ៤៤ ២៥០ ហិកតា ខេត្ត​ត្បូងឃ្មុំ ៣៦ ៤០៣ ហិកតា ខេត្តសៀមរាប ៣៥ ៩១៤ ហិកតា ខេត្តព្រះវិហារ ២៨ ៩៦៥ ហិកតា ឧត្តរមានជ័យ ១៣ ៨១៨ ហិកតា និងមណ្ឌលគិរី ៩ ៨៥៨ ហិកតា។ នេះបើយោងតាមអគ្គនាយកដ្ឋានកសិកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន​កសិកម្ម មាន​ប្រសាសន៍នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឯកសារស្ដីពី តំបន់ដាំដុះដំណាំស្វាយ​ចន្ទី​​​នៅកម្ពុជា»​ នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤ នេះថា កម្ពុជាមានផ្ទៃដី​សមស្រប​សម្រាប់​ដាំដុះ​ស្វាយចន្ទីប្រមាណ ១,២៤ លានហិកតា និងមានប្រភេទពូជចន្ទីដែលផ្ដល់ទិន្នផលខ្ពស់ និង​ទំ​ហំគ្រាប់ធំ ដូចជាប្រភេទពូជ M23 ដែលសមស្របតាមតម្រូវការអន្តរជាតិ។

លោក ងិន ឆាយ បញ្ជាក់ថា ជាច្រើនឆ្នាំកន្លងមក ការវាយតម្លៃផ្ទៃដីដាំដុះស្វាយចន្ទី​មានប្រភព​ផ្សេងៗ​​គ្នា ដែលធ្វើឱ្យមានការប្រើប្រាស់ទិន្នន័យខុសៗគ្នា ដែលបង្អាក់ទៅដល់ការសម្រេច​ចិត្តផ្នែក​គោលនយោបាយ និងយុទ្ធសាស្ត្រសម្រាប់ដំណាំស្វាយចន្ទី។

លោក ងិន ឆាយ បន្តថា ចាប់តាំងពីដើមឆ្នាំ ២០២១ ក្រុមការងារបច្ចេកទេស​របស់នាយ​កដ្ឋាន​គ្រប់គ្រងធនធានដីកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយជំនាញ​ការ​ជាតិ និង​អន្តរជាតិ ក្នុងការកសាងសមត្ថភាពច្ចេកទេស លើកការប្រើប្រាស់​បច្ចេកវិទ្យា​ម៉ាស៊ីន​ស្វ័យ​សិក្សា (ML)  និងបញ្ញាសិប្បនិម្មិត (AI) ដោយប្រើម៉ូឌែល CNNs ដើម្បីផលិត​ផែនទីតំបន់​ដាំស្វាយ​ចន្ទី​កម្ពុជា។

លោក ងិន ឆាយ អះអាងថា ផលិតផលផែនទីដោយប្រើបច្ចេកវិទ្យានេះ បានផ្ដល់​អត្ថ​ប្រយោជន៍​ច្រើន ដូចជាការទទួលបានទិន្នន័យត្រឹមត្រូវសម្រាប់សេចក្ដី​សម្រេចចិត្តផ្នែកគោល​នយោបាយ ផ្នែក​​​​យុទ្ធសាស្ត្រ និងការវិភាគសក្ដានុពលផលិតកម្ម និងទីផ្សារ ព្រមទាំងជូយដល់ការវាយ​តម្លៃ​ប្រសិទ្ធ​ភាពកសិកម្ម លើសុខភាពដី។

ផ្ទៃដីដាំដុះស្វាយចន្ទីកម្ពុជាមានចំនួន ៥៨០ ១១៧ ហិកតា ដែលជាប់ចំណាត់ថ្នាក់លេខ ៣ បើ​ធៀប​ជាមួយប្រទេសដាំដុះចន្ទីនៅលើពិភពលោក។

លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា កន្លងមកយើងមានបញ្ហាច្រើនពីការកំណត់ផ្ទៃដីឱ្យបានច្បាស់លាស់ពីកសិកម្ម។ ការសិក្សា​តាម​រយៈ​ផ្កាយរណបនេះ គឺមានភាពសុក្រឹតខ្ពស់ ស្របជា​មួយគោលនយោបាយ​របស់​រាជ​​​រដ្ឋាភិបាល។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាយល់ឃើញថា កន្លងមកអង្គការ​ក្រៅរដ្ឋាភិ​បាល​ធ្វើការខុសគោលដៅ ដូច្នេះ ពេលមានផែនទីនេះ ទាំងដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុន​ដែលធ្វើការ​ពាក់ព័ន្ធ​នឹងវិស័យស្វាយចន្ទី គាត់នឹងអាចមាន​គោល​​ការណ៍ ឬប្ដូរយុទ្ធសាស្ត្រថ្មី អនុវត្ត​តាម​គោល​ដៅ។

លោក អួន ស៊ីឡុត៖ «ពីមុនមកយើងអត់ដឹង យើងចេះតែថា ស្វាយចន្ទីរបស់យើងមានតិច ទិន្ន​ផល​ក៏ទាប ប៉ុន្តែឥឡូវយើងរកឃើញជាក់ស្ដែងយើងមានទិន្នផលចន្ទី ដែលធ្វើឱ្យ​មាន​ទំនុក​​​ចិត្ត​ពីវិនិយោគិនជាតិ និងអន្តរជាតិ»។

យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅក្នុងរយៈពេល ៩ ខែ (មករា-កញ្ញា) ឆ្នាំ ២០២៤ កម្ពុជា​ផលិតបានស្វាយចន្ទី ៨៤ ម៉ឺនតោន ក្នុងនោះនាំចេញទៅវៀតណាមជាង ៧៩ ម៉ឺនតោន ស្មើនឹង​ទឹក​ប្រាក់ ១ ពាន់ ១០ លានដុល្លារ កើនឡើង ៣០%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម