ព័ត៌មានអន្ដរជាតិ
ប្រាក់ចំណេញឧស្សាហកម្មចិន ធ្លាក់ចុះនៅខែកញ្ញា ធ្ងន់ធ្ងរបំផុតរាប់តាំងពីវិបត្តិកូវីដ១៩
ទិន្នន័យពីការិយាល័យស្ថិតិជាតិចិន បានបង្ហាញថា ប្រាក់ចំណេញឧស្សាហកម្មរបស់ចិនបានធ្លាក់ចុះកាលពីខែកញ្ញា ក្នុងល្បឿនដ៏លឿនបំផុតរាប់ចាប់តាំងពីជំងឺវិបត្តិកូវីដ១៩ ខណៈប្រទេសនេះកំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិលនៃសេដ្ឋកិច្ច ដែលញាំញីដោយកំណើនយឺតយ៉ាវ កង្វះតម្រូវការក្នុងស្រុក និងវិបត្តិអចលនទ្រព្យជាដើម។

ទិន្នន័យបង្ហាញថា ប្រាក់ចំណេញឧស្សាហកម្មបានធ្លាក់ចុះ ២៧,១ ភាគរយ នៅខែកញ្ញា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលវាជាការបន្តធ្លាក់ចុះពីការធ្លាក់ចុះ ១៧,៨ ភាគរយ នៅខែសីហា និងធ្ងន់ធ្ងរបំផុតរាប់តាំងពីខែមីនា ឆ្នាំ ២០២០ (៣៤,៩ ភាគរយ)។
ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៤ ប្រាក់ចំណេញនៃវិស័យដដែលបានថយចុះ ៣,៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទិន្នន័យដដែល មិនរាប់បញ្ចូលតួលេខនៅខែភាគច្រើនក្នុងឆ្នាំ ២០២២ នោះទេ។ ២០២២ ជាឆ្នាំដែលទីក្រុងសៀងហៃ និងតំបន់ផ្សេងៗទៀតនៃប្រទេសចិន ដែលជាតំបន់ឧស្សាហកម្មធំៗ បានរឹតត្បឹតយ៉ាងតឹងរ៉ឹងលើវិធានការទប់ស្កាត់ការរីករាយដាលនៃជំងឺកូវីដ១៩ ដោយកម្រិតសកម្មភាពអាជីវកម្ម។

ប្រាក់ចំណេញក្នុងឧស្សាហកម្ម បង្ហាញពីសុខភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនចិន ហើយការធ្លាក់ចុះវា អាចប៉ះពាល់ដល់ការសម្រេចចិត្តវិនិយោគរបស់ចិន។ ភាពកម្សោយនៃប្រាក់ចំណេញដដែល បានក្លាយជានិមិត្តរូបនៃបញ្ហាប្រឈមដែលចិនកំពុងប្រឈមផ្នែកសេដ្ឋកិច្ច ដោយជំរុញឱ្យមានវិធានការជំរុញសេដ្ឋកិច្ចផ្សេងៗពីរដ្ឋាភិបាល ដូចជាការកាត់បន្ថយអត្រាការប្រាក់ និងបន្ធូរបន្ថយលក្ខខណ្ឌទិញផ្ទះដើម្បីគាំទ្រវិស័យអចលនទ្រព្យជាដើម។
ជុំវិញបញ្ហាសេដ្ឋកិច្ចនេះ សភាចិនបានកំណត់ពេលកិច្ចប្រជុំមួយនៅដើមខែក្រោយ ដោយបង្កើនការរំពឹងថា រដ្ឋាភិបាលចិនអាចនឹងដាក់វិធានការជំរុញសេដ្ឋកិច្ចបន្ថែមទៀត។ អ្នកជំនាញលើកឡើងថា ទិន្នន័យចុងក្រោយបង្ហាញអំពីតម្រូវការនៃគោលនយោបាយបន្ថែម ចំពេលតម្រូវការក្នុងស្រុកបន្តខ្សោយ ហើយសម្ពាធបរិត្តផរណាក៏អូសបន្លាយ។
គួរគូសបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើង ៤,៦ ភាគរយ នៅត្រីមាសទី ៣ ដែលជាកំណើនយឺតបំផុតរាប់តាំងពីដើមឆ្នាំ ២០២៣។ ការណ៍នេះ បង្កក្ដីបារម្ភថា កំណើនសេដ្ឋកិច្ចចិនអាចនឹងបរាជ័យក្នុងការសម្រេចបានអត្រាគោលដៅ ៥ ភាគរយ របស់រដ្ឋាភិបាល៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង