ព័ត៌មានអន្ដរជាតិ
សហភាពអឺរ៉ុបសម្រេចបង្កើនពន្ធលើ EV ចិន ក្រោយស៊ើបអង្កេតជាង១ឆ្នាំ
សហភាពអឺរ៉ុបបានសម្រេចចិត្តដំឡើងពន្ធលើរថយន្តអគ្គិសនីចិនជាផ្លូវការ រហូតដល់ទៅ ៤៥,៣ ភាគរយ ក្រោយបើកការស៊ើបអង្កេត«ប្រឆាំងការឧបត្ថម្ភធន» ជាង១ឆ្នាំ ដោយកំណត់ថា ការផ្ដល់ជំនួយរបស់រដ្ឋាភិបាលចិនសម្រាប់ក្រុមហ៊ុនក្នុងស្រុកបានបង្កើតភាពមិនស្មើគ្នាក្នុងការប្រកួតប្រជែងទីផ្សារនៅអឺរ៉ុប។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការសម្រេចចិត្តនេះ ធ្វើឡើងទោះបីជាមានការជំទាស់ពីប្រទេសសមាជិកក្នុងប្លុកដូចជាអាល្លឺម៉ង់ និងហុងគ្រី ហើយបង្កើនហានិភ័យនៃការសងសឹកពីចិន និងធ្វើឱ្យខូចទ្រង់ទ្រាយពាណិជ្ជកម្មសកលក៏ដោយក្ដី។ បើតាមរ៉យទ័រ គណៈកម្មាការអឺរ៉ុបនឹងកំណត់ពន្ធបន្ថែមចាប់ពី ៧,៨ ភាគរយ សម្រាប់រថយន្ត Tesla ដែលផលិតនៅចិន និង ៣៥,៣ ភាគរយ សម្រាប់រថយន្តអគ្គិសនីចិនរបស់ក្រុមហ៊ុន SAIC ដោយបន្ថែមពីលើពន្ធស្ដង់ដារ ១០ ភាគរយ ដែលមានស្រាប់របស់សហភាពអឺរ៉ុប។
ពន្ធបន្ថែមត្រូវបានអនុម័តជាផ្លូវការ និងបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិផ្លូវការរបស់សហភាពអឺរ៉ុបកាលពីថ្ងៃអង្គារ ហើយនឹងចូលជាធរមាននៅថ្ងៃពុធនេះ។ គណៈកម្មការអឺរ៉ុប ដែលទទួលបន្ទុកលើគោលនយោបាយពាណិជ្ជកម្មរបស់ប្លុក បានលើកឡើងថា វិធានការពន្ធរបស់ខ្លួនធ្វើឡើងដើម្បីប្រឆាំងនឹងការឧបត្ថម្ភធនរបស់រដ្ឋាភិបាលសម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីក្នុងស្រុករបស់ខ្លួន ដែលអាចឱ្យពួកគេលក់រថយន្តក្នុងតម្លៃទាបជាងគូប្រជែងនៅលើទីផ្សារ។
គណៈកម្មការបានបន្តថា សមត្ថភាពផលិតរថយន្តរបស់ចិន ៣ លានគ្រឿង/ឆ្នាំ មានទំហំធំជាងតម្រូវការទីផ្សារសហភាពអឺរ៉ុបទ្វេដង ហើយអឺរ៉ុបកាន់តែក្លាយជាទិសដៅទីផ្សារដ៏ធំរបស់ចិន ក្រោយពេលប្រទេសនេះរងវិធានការពន្ធ ១០០ ភាគរយ ពីសហរដ្ឋអាមេរិក និងកាណាដា។

ប្រតិកម្មទៅនឹងបញ្ហានេះ ក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅថ្ងៃពុធនេះថា៖ «ប្រទេសចិនមិនយល់ព្រមជាមួយ ឬទទួលយកសេចក្តីសម្រេចនេះនោះទេ»។ ក្រសួងសង្ឃឹមថា សហភាពអឺរ៉ុបនឹងស្វែងរក «ដំណោះស្រាយដែលអាចទទួលយកបានសម្រាប់ភាគីទាំង២ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបានដើម្បីជៀសវាងការបង្កើនផលប៉ះពាល់ផ្នែកពាណិជ្ជកម្ម»។
ចំណែកឯសភាពាណិជ្ជកម្មចិនប្រចាំសហភាពអឺរ៉ុបបាននិយាយថា ខ្លួនមានការខកចិត្តយ៉ាងខ្លាំងចំពោះវិធានការ «ការពារនិយម» និង «តាមអំពើចិត្ត» របស់សហភាពអឺរ៉ុប ហើយមានការខកចិត្តចំពោះកង្វះវឌ្ឍនភាពក្នុងការចរចាដើម្បីរកដំណោះស្រាយជំនួសវិធានការពន្ធ។
ជុំវិញបញ្ហាពន្ធនេះ អ្នកវិភាគបានសម្ដែងព្រួយបារម្ភពីការធ្លាក់ចុះនៃពាណិជ្ជកម្មសកល និងសេដ្ឋកិច្ចសកលជារួម ដោយវាទាក់ទាញវិធានការសងសឹកពីចិន ដែលកន្លងមកបានកំណត់គោលដៅស៊ើបអង្កេតប្រឆាំងការលក់បង្ខូចតម្លៃជាច្រើនរួចហើយ លើផលិតផលនាំចូលពីអឺរ៉ុប។ ការដាក់វិធានការពន្ធ ក៏បើកផ្លូវដល់ប្រទេសផ្សេងៗទៀត ឱ្យកំណត់វិធានការដូចគ្នា ដើម្បីទប់ទល់នឹងលំហូរទំនិញចិន ខណៈបង្កើតជាឱកាសដល់ប្រទេសមួយចំនួន ដែលទទួលបានការវិនិយោគពីក្រុមហ៊ុនចិន ដើម្បីគេចពីការដំឡើងពន្ធរបស់អឺរ៉ុប៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ