សេដ្ឋកិច្ច
កសិករជឿជាក់ថា តម្លៃគ្រាប់ស្វាយចន្ទីនឹងល្អប្រសើរនៅឆ្នាំ ២០២៥
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានលើកឡើងថា តម្លៃស្វាយចន្ទីនៅកម្ពុជា នឹងមានភាពល្អប្រសើរនៅឆ្នាំ ២០២៥ ខាងមុខនេះ ខណៈរូបលោកអំពាវនាវឱ្យកសិករដាំស្វាយចន្ទីពិនិត្យទៅលើគុណភាពគ្រាប់។ បច្ចុប្បន្នតម្លៃគ្រាប់ស្ងួតលក់បាន ៦០០០ រៀលក្នុងមួយគីឡូក្រាម។

លោក អួន ស៊ីឡុត បញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថា ស្វាយចន្ទីនៅឆ្នាំ ២០២៥ នឹងមានតម្លៃល្អ ប៉ុន្តែទន្ទឹមនឹងការទទួលបានតម្លៃល្អនេះ ខ្ញុំសូមឱ្យកសិករត្រូវពិនិត្យគុណភាពស្វាយចន្ទីរបស់ខ្លួន បើចង់បានតម្លៃល្អ ព្រោះនៅថ្ងៃទី ០៣ ខែវិច្ឆិកានេះ សមាគមស្វាយចន្ទី បានណាត់អ្នកទិញទាំងអស់មកជួបជុំគ្នា ដើម្បីចរចារជាមួយសហគមន៍ កសិកម្ម និងកសិករ បើត្រូវលក្ខខណ្ឌហើយ យើងនឹងចុះកិច្ចសន្យាទិញ-លក់»។
លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ទំហំផ្ទៃដីដាំដុះស្វាយចន្ទីមានទំនោរកើនឡើង ដោយសារកសិករមើលឃើញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជំរុញការកែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទី។

លោក តូច ប៊ុនហួរ បានលើកឡើងថា ប្រសិនបើទីផ្សារល្អ ហើយពុំមានឧបសគ្គអ្វីកើតឡើង កម្ពុជានឹងក្លាយទៅជាអធិរាជស្វាយចន្ទីនៅក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។
យោងតាមសមាគមស្វាយចន្ទីកម្ពុជា គិតត្រឹមរយៈពេល ៩ ខែ (មករា-កញ្ញា) ឆ្នាំ ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីចំនួន ៨៤ ម៉ឺនតោន កើន ២៦% ក្នុងនោះនាំចេញទៅវៀតណាមបានជាង ៧៩ ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ១ ពាន់ ១០ លានដុល្លារ កើន ៣៦% ខណៈតម្លៃកើន ៩% បើធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។
ទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជា បង្ហាញថា នៅក្នុងឆ្នាំ ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិចំនួន ៦៥ ម៉ឺន ៦ ពាន់តោន គិតជាទឹកប្រាក់ចំនួន ៨៣៧ លានដុល្លារ។

យោងតាមអគ្គនាយកដ្ឋានកសិកម្ម កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា (៥៨០ ១១៧) ក្នុងនោះខេត្តចំនួន ១០ របស់កម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនជាងគេរួមាន ខេត្តកំពង់ធំជិត ១៥ ម៉ឺនហិកតា (១៤៧ ៧០៣) ខេត្តក្រចេះ ជាង ១០ ម៉ឺនហិកតា (១០២ ៥២០) រតនគិរី ៩៧ ២៥៨ ហិកតា កំពង់ចាម ៤៦ ៥៨២ ហិកតា ស្ទឹងត្រែង ៤៤ ២៥០ ហិកតា ខេត្តត្បូងឃ្មុំ ៣៦ ៤០៣ ហិកតា ខេត្តសៀមរាប ៣៥ ៩១៤ ហិកតា ខេត្តព្រះវិហារ ២៨ ៩៦៥ ហិកតា ឧត្តរមានជ័យ ១៣ ៨១៨ ហិកតា និងមណ្ឌលគិរី ៩ ៨៥៨ ហិកតា៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ