សេដ្ឋកិច្ច
អង្គការសង្គមស៊ីវិលអះអាងថា កម្លាំងពលកម្មផលិតកម្មកៅស៊ូ និងចេក មួយចំនួន មិនទាន់ទទួលបានប្រព័ន្ធគាំពារសង្គម
អង្គការសង្គមស៊ីវិលមួយចំនួន បានលើកឡើងថា កម្លាំងពលកម្ម នៅក្នុងវិស័យកសិ-ឧស្សាហកម្ម ដំណាំចេក និងកៅស៊ូ មួយចំនួន មិនទាន់ទទួលបានការគ្របដណ្ដប់គោលនយោបាយប្រព័ន្ធគាំពារសង្គមរបស់រាជរដ្ឋាភិបាល។
អង្គការអុកស្វាម និងអង្គការដៃគូរអនុវត្តគម្រោង សមភាពសម្រាប់ទាំងអស់គ្នា នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៤ បានរៀបចំកិច្ចសន្ទនាថ្នាក់ជាតិក្រោមប្រធានបទ “ប្រព័ន្ធគាំពារសង្គមដែលល្អប្រសើរសម្រាប់កម្មករ និងកសិករក្នុងខ្សែច្រវាក់ចេក និងកៅស៊ូ”។

កិច្ចសន្ទនានេះរៀបចំឡើងនៅរាជធានីភ្នំពេញក្នុងគោលបំណងចែករំលែកការអនុវត្តល្អៗរបស់អ្នកពាក់ព័ន្ធសំខាន់ៗពីស្ថាប័នរាជរដ្ឋាភិបាល និងវិស័យឯកជនក្នុងការផ្តល់ការគាំពារដល់កសិករ និងកម្មករ និងពិភាក្សារកដំណោះស្រាយរួមគ្នាលើបញ្ហាប្រឈមមួយចំនួនដែលនៅសេសសល់ ប្រកបដោយប្រសិទ្ធភាព។
កិច្ចសន្ទនាមានអ្នកចូលរួមប្រមាណ ១៣០ នាក់ មកពីស្ថាប័នក្រសួងពាក់ព័ន្ធថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងក្រុមហ៊ុនវិនិយោគ កម្មករ និងកសិករ ពាណិជ្ជករ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។
លោកស្រី ភាណ សោភ័ណ នាយិកានៃអង្គការអង្គការអុកស្វាមមានប្រសាសន៍ថា កម្មករនៅក្នុងវិស័យកសិ-ឧស្សាហកម្ម ដំណាំចេក និងកៅស៊ូ ជួបការលំបាកជាច្រើនទាំងការស្នាក់នៅ និងការបំពេញការងារដោយសារចម្ការភាគច្រើនស្ថិតនៅតំបន់ដាច់ស្រយាលពេលខ្លះមិនមានសេវាទូរស័ព្ទទៅដល់ ផ្លូវធ្វើដំណើរឆ្ងាយ និងលំបាក។

លោកស្រីបានឱ្យដឹងថា កម្មករប្រឈមដោយផ្ទាល់ពីការប្រើប្រាស់ថ្នាំគីមីកសិកម្ម ដែលអាចបង្កផលលំបាកដល់សុខភាពទាំងពេលកំពុងបំពេញការងារ និងឥទ្ធិពលរយៈពេលវែង ប្រសិនបើមិនមានការប្រើប្រាស់សម្លៀកបំពាក់ សំភារៈ និងឧបករណ៍ការពារឱ្យបានត្រឹមត្រូវ។
លោកស្រី ភាណ សោភ័ណបន្ថែមថា៖ «កម្មករទទួលបានការគាំពារមួយចំនួន តាមរយៈរបបសន្តិសុខសង្គម ដែលបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ប៉ុន្តែវិសាលភាពនៅមានកម្រិតនៅឡើយ»។
លោកស្រី ស៊ិន ពុទ្ធារី នាយិកាប្រតិបត្តិនៃអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា មានប្រសាសន៍ថាការចូលចំណែកដល់ការអភិវឌ្ឍគោលនយោបាយកិច្ចគាំពារសង្គម និងការងារសមរម្យសម្រាប់កម្មករ-និយោជិត ជាមួយរាជរដ្ឋាភិបាល គឺជាការដោះស្រាយបញ្ហាប្រឈមក្នុងការអភិវឌ្ឍទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោកស្រី សេង រាសី នាយិកានៃអង្គការសីលការមានប្រសាសន៍ថា ស្រ្តី ជាកម្មករ និងកសិករ ដើរតួនាទីយ៉ាងសំខាន់ក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម ដូច្នេះកិច្ចសន្ទនាពហុភាគីលើប្រព័ន្ធគាំពារសង្គម មានសារ:សំខាន់ណាស់ក្នុងការរកដំណោះស្រាយរួម ដែលធានាការរស់នៅរបស់ពួកគាត់ប្រកបដោយសេចក្ដីថ្លៃថ្នូរ។

លោក ខៀវ សាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ មានប្រសាសន៍ថា បញ្ហាប្រឈមពិតជាមាន ប៉ុន្តែសំខាន់គឺយើងរួមគ្នាដោះស្រាយ។
លោកថា កាលពីពេលថ្មីៗនេះ ក្រសួងក៏បានចាត់ក្រុមអធិការកិច្ចចុះទៅខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង និងបានណែនាំឱ្យបណ្ដាក្រុមហ៊ុន កែសម្រួលលក្ខខណ្ឌការងារឱ្យបានល្អប្រសើរ។
លោកបញ្ជាក់ថា ប្រាក់ឈ្មួល អប្បរមា រដ្ឋាភិបាលកំណត់បានតែក្នុងវិស័យកាត់ដេរ និងស្បែកជើង ដោយឡែកវិស័យកសិកម្ម និងវិស័យផ្សេងទៀត មិនទាន់បានកំណត់នៅឡើយ។

នៅក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៤ នេះ ការនាំចេញកៅស៊ូសម្រេចបានទឹកប្រាក់ចំនួន ២២៩ លានដុល្លារ កើនឡើង ១៩,៨៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានចំនួន ១៩១ លានដុល្លារ ទៅកាន់ទីផ្សារប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងចិន។ យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កម្ពុជាមានផ្ទៃដីដាំកៅស៊ូចំនួនជាង ៤០ ម៉ឺនហិកតា (៤០៧,១៧២) គិតត្រឹមឆ្នាំ ២០២៣។
ដោយឡែក សម្រាប់ដំណាំចេកអំបូងលឿង បើតាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ការនាំចេញចេកអំបូងលឿងរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល ៧ ខែឆ្នាំ ២០២៤ មានចំនួនជាង ១៤ ម៉ឺន ៣ ពាន់តោន ដោយទទួលបានទឹកប្រាក់ជាង ៩៦ លានដុល្លារ មានការធ្លាក់ចុះជាង ២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
កត្តាដែលនាំអោយមានការធ្លាក់ចុះនេះ គឺការប្រែប្រួលអាកាសធាតុ។ ផ្លែចេករបស់កម្ពុជាភាគច្រើននាំចេញទៅលក់នៅទីផ្សារវៀតណាម ថៃ ចិន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុបជាដើម ហើយក៏មានលក់លើទីផ្សារក្នុងស្រុកផងដែរ។ បើតាមក្រសួងកសិកម្ម ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះចេក ប្រមាណជាង ១៦ ពាន់ហិកតា និងផ្ទៃដីកំពុងប្រមូលផលជាង ១១ ពាន់ហិកតា នៅក្នុងឆ្នាំ ២០២២ និងអាចមានការកើនឡើងតិចតួច ក្នុងឆ្នាំ ២០២៣ ដោយក្នុងនោះខេត្តដែលមានដាំដុះចេកច្រើនជាងគេ រួមមានខេត្តរតនគិរី ក្រចេះ ស្ទឹងត្រែង កំពត កំពង់ចាម និងកំពង់ស្ពឺ៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?