ព័ត៌មានអន្ដរជាតិ
Elon Musk ត្រូវគេប្ដឹងពីបទបោកប្រាស់ ជុំវិញការចែកលុយ ១ លានដុល្លារ ដើម្បីជំរុញការគាំទ្រ ត្រាំ
លោក អេឡុន ម៉ាស់ក៍ (Elon Musk) ត្រូវបានគេប្ដឹងពីបទបោកប្រាស់ ជុំវិញករណីចែកលុយ «១ លានដុល្លារ/ថ្ងៃ» ពីក្រុមបុគ្គលមានសិទ្ធិបោះឆ្នោត ដែលបានចូលរួមចុះហត្ថលេខាសម្រាប់«ញត្តិគាំទ្រសេរីភាពបញ្ចេញមតិ និងសិទ្ធិកាំភ្លើង» របស់មហាសេដ្ឋីម្ចាស់ក្រុមហ៊ុន Tesla រូបនេះ ដើម្បីជាថ្នូរនឹងប្រាក់រង្វាន់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
យោងទៅតាមតុលាការសហព័ន្ធរដ្ឋតិចសាស់ ដើមបណ្ដឹងបានអះអាងថា លោក ម៉ាស់ក៍ និងអង្គការ America PAC បានក្លែងបន្លំអ្នកបោះឆ្នោតឱ្យចុះហត្ថលេខាលើញ្ញត្តិ ដោយបោកប្រាស់ថា ពួកគេមានឱកាសឈ្នះរង្វាន់លុយ១លានដុល្លារ «ដោយចៃដន្យ» ប៉ុន្តែតាមពិត អ្នកឈ្នះត្រូវបានគេកំណត់មុខរួចជាស្រេចហើយ។ America PAC ត្រូវបានលោក ម៉ាស់ក៍ បង្កើតឡើង ដើម្បីគាំទ្រយុទ្ធនាការបោះឆ្នោតរបស់បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណៈរដ្ឋ គឺ លោក ដូណាល់ ត្រាំ។
នាពេលកន្លងមក យុទ្ធសាស្រ្តចែកលុយ១លានដុល្លាររបស់លោក ម៉ាស់ក៍ បានរងការរិះគន់ថា គឺជាចេតនា «ខុសច្បាប់» ដើម្បីជំរុញសន្ទុះគាំទ្រលោក ត្រាំ ក្នុងបណ្ដារដ្ឋប្រទាញប្រទង់ (Swing States)។ លោកបានបើកយុទ្ធសាស្រ្តនេះ នៅក្នុងរដ្ឋប្រទាញប្រទង់ចំនួន៧។
ដើមបណ្ដឹង ក៏បានអះអាងផងដែរថា ចុងចោទទទួលបានផលចំណេញពីយុទ្ធសាស្រ្តចែកលុយ ដោយជំរុញចំណាប់អារម្មណ៍មនុស្សទៅលើបណ្ដាញសង្គម X (អតីតធ្វីតធឺរ) និងលោក ម៉ាស់ក៍ ខណៈថែមទាំងបានប្រមូលព័ត៌មានផ្ទាល់ខ្លួនដូចជាឈ្មោះ អាសយដ្ឋាន និងលេខទូរស័ព្ទរបស់អ្នកបោះឆ្នោត ដែលពួកគេអាចលក់បាន។
ការប្ដឹងលោក ម៉ាស់ក៍ ធ្វើឡើងតែ១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីចៅក្រមក្រុង Philadelphia «បានបដិសេធសំណើបញ្ចប់ការចែកលុយ» របស់មេធាវីក្រុងដដែល លោក Larry Krasner ដែលអះអាងថា ឆ្នោតផ្សងសំណាងរបស់លោក ម៉ាស់ក៍ រៀបចំឡើងដោយខុសច្បាប់។
មេធាវីលោក ម៉ាស់ក៍ ឬលោកផ្ទាល់ មិនទាន់ប្រតិកម្មយ៉ាងណានោះជុំវិញបណ្ដឹងកាលពីថ្ងៃអង្គារទេ ខណៈមេធាវីរបស់លោក ម៉ាស់ក៍ បាននិយាយប្រាប់តុលាការក្រុង Philadelphia ដើម្បីច្រានចោលការចោទប្រកាន់របស់លោក Krasner ថា អ្នកឈ្នះរង្វាន់ ១ លានដុល្លារ មិនត្រូវបានជ្រើសរើសដោយចៃដន្យនោះទេ ដោយ «យើងដឹងច្បាស់ថា អ្នកណានឹងត្រូវប្រកាសថាជាអ្នកទទួលរង្វាន់ ១ លានដុល្លារ នៅថ្ងៃនេះ និងថ្ងៃស្អែក»។
ការអះអាងរបស់មេធាវីលោក ម៉ាស់ក៍ ហាក់ស៊ីគ្នានឹងការចោទប្រកាន់របស់ដើមបណ្ដឹងកាលពីថ្ងៃអង្គារ ដែលទាមទារសំណង ៥ លានដុល្លារ សម្រាប់បុគ្គលម្នាក់ៗដែលបានចុះហត្ថលេខាលើញ្ញត្តិ ចំពោះការបោកប្រាស់។
គួរគូសបញ្ជាក់ថា លោក ម៉ាស់ក៍ គឺជាមហាសេដ្ឋីអាមេរិក ដែលនាំមុខគេខ្លាំងបំផុតលើជំហរគាំទ្រលោក ត្រាំ ដោយលោកតែងតែចេញសារវាយប្រហារគូប្រជែងរបស់អតីតប្រធានាធិបតីរូបនេះ គឺលោកស្រីអនុប្រធានាធិបតី ខាម៉ាឡា ហារីស នៅលើបណ្ដាញសង្គម X របស់លោក។ របាយការណ៍ថ្មីៗនេះពីមជ្ឈមណ្ឌលប្រឆាំងនឹងការស្អប់លើប្រព័ន្ធឌីជីថល (CCDH) បង្ហាញថា លោក ម៉ាស់ក៍ បានចែករំលែក «សារអំពីការបោះឆ្នោតដែលបង្កការភ័ន្តច្រឡំ» ជាច្រើន ដោយមានអ្នកឃើញរហូតដល់ ២ ប៊ីលាន ដង លើ X ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៤ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
ព័ត៌មានជាតិ៨ ម៉ោង ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា