ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ៖ ឥណ្ឌូណេស៊ីត្រូវដាក់គោលនយោបាយឱ្យស៊ីនឹងថ្នាក់ដឹកនាំអាមេរិកថ្មី
អ្នកជំនាញទំនាក់ទំនងអន្តរជាតិឥណ្ឌូណេស៊ី បានលើកឡើងថា ប្រទេសឥណ្ឌូណេស៊ីត្រូវដាក់គោលនយោបាយឱ្យស៊ីនឹងគោលនយោបាយថ្នាក់ដឹកនាំថ្មីណាមួយរបស់សហរដ្ឋអាមេរិក ដើម្បីទាញយកផលប្រយោជន៍ និងកាត់បន្ថយហានិភ័យផ្សេងៗ។ នេះបើតាមការចុះផ្សាយកាសែត Jakarta Globe។

គិតត្រឹមរសៀលថ្ងៃពុធ (ម៉ោងនៅកម្ពុជា) សហរដ្ឋអាមេរិកនៅតែបន្តរាប់សន្លឹងឆ្នោតនៅឡើយ ប៉ុន្តែលទ្ធផលបឋមបានរំពឹងថា លោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណៈរដ្ឋ នឹងឈ្នះការបោះឆ្នោតជាថ្មីក្លាយជាប្រធានាធិបតីទី ៤៧ របស់សហរដ្ឋអាមេរិក។
ខណៈការឈ្នះមិនទាន់ត្រូវបានប្រកាសជាផ្លូវការ អ្នកជំនាញច្បាប់អន្តរជាតិ លោក Hikmahanto Juwana បាននិយាយសង្កត់ធ្ងន់ មុនពេលអាចព្យាករលទ្ធផលបឋម ថា ឥណ្ឌូណេស៊ីត្រូវតែកែសម្រួលផលប្រយោជន៍ជាតិរបស់ខ្លួនឱ្យស៊ីនឹងគោលនយោបាយរបស់ លោក ត្រាំ ឬលោកស្រី ខាម៉ាឡា ហារីស ដើម្បីរក្សាទំនាក់ទំនងការទូតដ៏រឹងមាំ។ លោក Hikmahanto បានប្រាប់សារព័ត៌មាន Beritasatu.com ថា៖ «យើងមិនអាចជ្រើសរើសអ្នកណាឈ្នះ ឬចាញ់នោះទេ។ មិនថាលទ្ធផលយ៉ាងណានោះទេ យើងត្រូវតែសម្របតាមគោលនយោបាយរបស់រដ្ឋបាលថ្មី»។

លោក Hikmahanto បានចង្អុលបង្ហាញថា ជំហរ «អាមេរិកមុនគេ» ឬ «America First» និងការគាំទ្រសម្រាប់ការលក់សម្ភារៈយោធារបស់លោក ត្រាំ អាចផ្តល់អត្ថប្រយោជន៍ដល់តម្រូវការការពារជាតិរបស់ឥណ្ឌូណេស៊ី។ លោកបានពន្យល់ថា៖ បើ ត្រាំ ឈ្នះ ឥណ្ឌូណេស៊ីអាចកាន់តែងាយស្រួលក្នុងការទិញឧបករណ៍ការពារជាតិពីសហរដ្ឋអាមេរិក»។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានសម្តែងការព្រួយបារម្ភថា គោលនយោបាយការបរទេសរបស់លោក ត្រាំ អាចនាំឱ្យមានអស្ថិរភាពពិភពលោកកាន់តែខ្លាំង ជាពិសេសនៅក្នុងតំបន់ដូចជា ហ្គាហ្សា និងអ៊ុយក្រែន ដែលអាចរារាំងដល់គោលដៅកំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ី។
លោកបានបន្ថែមថា៖ «ភាពចលាចលភូមិសាស្ត្រនយោបាយ អាចធ្វើឱ្យគោលដៅរបស់ប្រទេសឥណ្ឌូណេស៊ីក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ច ៨ ភាគរយកាន់តែពិបាក»។ លោកថ្លែងបែបនេះ ដោយសំដៅទៅលើចក្ខុវិស័យរបស់ប្រធានាធិបតី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) សម្រាប់អនាគតសេដ្ឋកិច្ចរបស់ប្រទេសនៅពេលលោកកាន់អំណាច។

លើសពីនេះ អ្នកជំនាញទំនាក់ទំនងអន្តរជាតិម្នាក់ទៀត គឺលោកស្រី Suzie Sudarman បានព្រមានថា ប្រសិនបើ ត្រាំ ជាប់ឆ្នោត ឥណ្ឌូណេស៊ីត្រូវតែមានការប្រុងប្រយ័ត្នចំពោះសកម្មភាពរបស់ខ្លួនក្នុងប្លុក BRICS ដែលឥណ្ឌូណេស៊ីទើបចូលជាសមាជិកនាពេលថ្មីៗ»។ លោកស្រីបានបន្តគូសបញ្ជាក់ថា ការប្រឆាំងរបស់លោក ត្រាំ ចំពោះ BRICS ជាពិសេសលើកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិករបស់ប្លុកនេះ អាចធ្វើឱ្យស្មុគស្មាញដល់ជំហររបស់ឥណ្ឌូណេស៊ី។
លោកស្រីបានលើកឡើងថា៖ «លោកប្រធានាធិបតី ប្រាបូវូ ត្រូវតែចេះបត់បែន និងមានយុទ្ធសាស្រ្ត ក្នុងការធ្វើឱ្យមានតុល្យភាពរវាងទំនាក់ទំនងជាមួយ BRICS និងសហរដ្ឋអាមេរិក» ដោយសមាជិកភាព BRICS មិនមែនជាឧបករណ៍ធ្វើឱ្យទំនាក់ទំនងជាមួយអាមេរិកធ្លាក់ចុះនោះទេ ប៉ុន្តែធានាផលប្រយោជន៍ផ្សេងៗ ដូចជាការនាំចូលប្រេងថោកៗពីរុស្ស៊ីជាដើម៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ