សេដ្ឋកិច្ច
មន្ត្រីរំពឹងថា វិស័យឯកជននឹងចូលរួមចំណែកក្នុងការប្រើប្រាស់កិច្ចព្រមព្រៀងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងវិនិយោគ
លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានបង្ហាញពីក្ដីរំពឹងថា វិស័យឯកជនកម្ពុជានឹងចូលរួមចំណែកក្នុងការប្រើប្រាស់កិច្ចព្រមភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមឱ្យបានពេញលេញ ដើម្បីចូលរួមជំរុញកំណើនពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី។

លោកស្រី តឹករ៉េត កំរង បានលើកឡើងនៅក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE CEPA) នៅព្រឹកថ្ងៃទី ២០ ខែវិច្ឆិកានេះ នៅសណ្ឋាគារ ណូវ៉ូតែល ភ្នំពេញ។
លោកស្រីបានលើកឡើងពីសារៈសំខាន់នៃកិច្ចព្រមព្រៀង Cambodia-UAE CEPA ដែលបានចូលជាធរមានកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ដែលកិច្ចព្រមព្រៀងនេះជាសមិទ្ធិផលដែលកម្ពុជាសម្រេចបានក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី ជំរុញការធ្វើសមាហរណកម្មស៊ីជម្រៅក្នុងសកម្មភាពពាណិជ្ជកម្មទំនិញ សេវាកម្ម និងការទាក់ទាញវិនិយោគ និងការធ្វើពិពិធកម្មទីផ្សារនាំចេញទំនិញទៅកាន់ទីផ្សារអេមីរ៉ាតអារ៉ាប់រួម តំបន់អារ៉ាប់ និងតំបន់ក្បែរខាង។

លោកស្រី តឹករ៉េត កំរង បានបន្ថែមថា តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជាអាចនាំទំនិញទៅទីផ្សារអេមីរ៉ាតអារ៉ាប់រួមជាមួយអត្រាពន្ធសូន្យលើមុខទំនិញសំខាន់ៗ ដូចជា៖ កាបូបធ្វើដំណើរ, ស្បែកជើង, មុខទំនិញវាយនភណ្ឌ, សម្លៀកបំពាក់, កង់, បន្ទះសូឡា, គ្រឿងបង្គុំអេឡិចត្រូនិក, រថយន្តអគ្គិសនី, កៅស៊ូ (Latex), អង្ករ, ដំឡូងមី, គ្រាប់ស្វាយចន្ទី, ម្រេច, គ្រាប់កាហ្វេ, បន្ទះខ្លឹមចន្ទន៍, បន្លែ, ផ្លែឈើ, ម្ហូបអាហារកំប៉ុង អាហារកែច្នៃពីអង្ករ និងប្រភេទទំនិញកសិកម្មកែច្នៃជាច្រើនប្រភេទ។
បន្ថែមពីនេះ កិច្ចព្រមព្រៀងនេះក៏នឹងអនុញ្ញាតឱ្យកម្ពុជាអាចផ្គត់ផ្គង់សេវាពាណិជ្ជកម្មសំខាន់ៗ ដូចជា៖ សេវាកម្មអាជីពនិងធុរកិច្ច សេវាកម្មសំណង់និងវិស្វកម្ម និងសេវាកម្មបរិស្ថាន ផងដែរ។

លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ បានបង្ហាញពីក្ដីរំពឹងថា វិស័យឯកជនកម្ពុជានឹងចូលរួមចំណែកក្នុងការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយនេះឱ្យបានពេញលេញ ដើម្បីចូលរួមជំរុញកំណើនពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី ដែលការណ៍នេះស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១នៃរាជរដ្ឋាភិបាល ពោលគឺការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការពង្រឹងភាពប្រកួតប្រជែង ព្រមទាំងចូលរួមចំណែកគាំទ្រដល់ដំណើរការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជានាពេលខាងមុខផងដែរ។
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ក្នុងរយៈពេល ១០ខែ នៅក្នុងឆ្នាំ២០២៤នេះ មានប្រមាណ ៧៥លានដុល្លារអាម៉េរិក កើនឡើង៧% ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។
ក្នុងនោះ ទំនិញនាំចេញសំខាន់ៗគឺ សម្លៀកបំពាក់ ស្បែកជើង កាបូប យានយន្តនិងគ្រឿងបង្គុំ ផលិតផលកៅស៊ូ រីឯទំនិញនាំចូលសំខាន់ៗពីអេមីរ៉ាតអារ៉ាប់រួមរួមមាន៖ ប្រេង និងកៅស៊ូប៊ីទីម ថ្នាំជក់ ផលិតផលប្លាស្ទិក ម៉ាស៊ីន និងឧបករណ៍អគ្គិសនី ចំណីកែច្នៃសម្រាប់សត្វ និងគ្រឿងសង្ហារឹម៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?