សេដ្ឋកិច្ច
គម្រោងព្រែកជីកហ្វូណនតេជោ បើកដំណើរការសាងសង់ធម្មតា នឹងអាចបញ្ចប់តាមការគ្រោងទុក ឬមុនផែនការ
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា គម្រោងព្រែកជីកហ្វូណនតេជោ បើកដំណើរការសាងសង់ធម្មតា នឹងអាចបញ្ចប់មុនផែនការ ឬតាមការគ្រោងទុក។

លោក ស៊ុន ចាន់ថុល បានលើកឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធcdcIPM) នៅព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ បន្ទាប់ពីការផ្សព្វផ្សាយព័ត៌មានមិនពិតថា គម្រោងព្រែកជីកហ្វូណនតេជោ មិនដំណើរការសាងសង់ ដោយសារគ្មានថវិកា។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា៖«ប៉ុន្មានថ្ងៃនេះ មានសារព័ត៌មានបរទេសមួយចំនួន បានបញ្ចេញមតិ ខុសទាំងស្រុង មិនដឹងថា សារព័ត៌មាននោះ យកព័ត៌មានប្រភពពីណាទេ។ មនុស្ស មាន ៤ ប្រភេទ មានអ្នកថា មានអ្នកធ្វើ មានអ្នកឈរមើល មានអ្នកតិះទៀន ប៉ុន្តែប្រហែលជាគាត់សួរ អ្នកថា អាអ្នកថា អត់ដឹងអីទេ សួរអ្នកឈរមើល អត់ដឹងអីទៀត សួរអ្នកតិះទៀន អត់ដឹងអីទៀត អ្នកធ្វើមិនសួរ ហើយសរសេរថា គម្រោងនេះ លែងទៅមុខហើយ បោះបង់ចោល គ្មានការគាំទ្រពីដៃគូរបស់យើង ទាំងដៃគូរដ្ឋ និងឯកជន»។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា គម្រោងព្រែកជីកហ្វូណននឹងធ្វើចប់ជាស្ថាពរ តាមការគ្រោងទុក ឬមុនការគ្រោងទុក។
បើតាមលោក ស៊ុន ចាន់ថុល គិតត្រឹមម៉ោងនេះ រដ្ឋាភិបាលមិនទាន់យកដីប្រជាពលរដ្ឋមួយចំអាមនៅឡើយទេ ដោយ សាររង់ចាំទឹកស្រក ដើម្បីចុះទៅបោះនិយាមការឱ្យបានត្រឹមត្រូវ បោះហើយ ក្រសួងសេដ្ឋកិច្ច នឹងធ្វើដំណើរតាមក្រោយ ទៅពិនិត្យឱ្យច្បាស់លាស់លើអ្វីៗ ដែលយើងបានធ្វើ។
លោក ឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា ពេលសិក្សាបឋមប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១ ៥៨៥ ខ្នង ប៉ុន្តែឥឡូវ យើងបានកែខ្សែផ្លូវទឹកខ្លះ ឥឡូវប៉ះពាល់ផ្ទះកើនដល់ប្រមាណ ២ ៣០៥ ផ្ទះ ក្នុងនោះមានតែ ៤០០ ផ្ទះ ដែលប៉ះច្រើនត្រូវរើ ក្រៅពីនេះ ប៉ះរបងផ្ទះ ខណៈរដ្ឋាភិបាលបាន ជួលក្រុមហ៊ុនឯកជនមួយទៀត សិក្សារ EIA។

ចំណែកដើមឈើដែលប៉ះពាល់មានចំនួន ១៤៩ ពាន់ ១៦៣ ដើម ដែលមានដើមត្នោត ដើមដូង ដើមស្វាយ ល្ហុងក៏យើងរាប់ដែរ។
លោក ស៊ុន ចាន់ថុល លើកឡើងថា៖ «មកតិះទៀនថា អត់មានធ្វើអ្វីសោះ ខ្ញុំសូមជំរាបថា ធ្វើរហូតប៉ុន្តែមិនទាន់ដល់ពេល យើងដោះស្រាយហើយ យើងនឹងចាប់ដំណើរការ»។
ព្រែកជីកហ្វូណនតេជោ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៤ មានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្ដាល តាកែវ កំពត និងខេត្តកែប។
គម្រោងព្រែកជីកនេះ សាងសង់ស្ទើទាំងស្រុង លើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកតាំងពីសម័យហ្វូណន ក្នុងនោះផ្លូវទឹកធម្មជាតិដែលមានស្រាប់មានប្រវែង ១៣៥ គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីប្រវែង ៧ គីឡូម៉ែត្រ និងផ្លូវទឹកជីកតម្រង់ប្រវែង ៣៨ គីឡូម៉ែត្រ។

គម្រោងព្រែកជីកហ្វូណនតេជោនឹងសាងសង់សន្ទះផ្លូវទឹក ៣ កន្លែង ស្ថិតនៅខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធិភាពក្នុងការទប់ស្កាត់ ការជ្រាបចូលនៃទឹកប្រៃ ទៅក្នុងបណ្ដាផ្លូវទឹកសាប និងអាចកំណត់បរិមាណ នៃអត្រាលំហូរទឹកសាប ដែលត្រូវហូរចេញទៅសមុទ្រ។
គម្រោងនេះ នឹងត្រូវប្រើពេលសាងសង់ ៤៨ ខែ នឹងគ្រោងបញ្ចប់នៅឆ្នាំ ២០២៨ ដែលប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១,៧ ពាន់លានដុល្លារ។
កំណាត់ទី១ ចម្ងាយ ២៦ គីឡូម៉ែត្រ (ព្រែកតាកែវ ទៅទន្លេបាសាក់) នឹងត្រូវវិនិយោគ ១០០% ដោយសហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក រីឯកំណាត់ទី ២ ដែលមានចម្ងាយ ១៥៩ គីឡូម៉ែត្រ (ពីទន្លេបាសាក់ខេត្តតាកែវ រហូតដល់ខេត្តកែប) នឹងត្រូវវិនិយោគរួមគ្នា រវាងសហគ្រាសសាធារណៈ ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនសារជីវកម្មស្ពាន និងថ្នល់ (CRBC)៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ចរាចរណ៍៧ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម២ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានជាតិ១៥ ម៉ោង ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត