ព័ត៌មានអន្ដរជាតិ
តើការប្រកាសច្បាប់អាជ្ញាសឹករបស់កូរ៉េខាងត្បូង នឹងប៉ះពាល់ដល់សេដ្ឋកិច្ចបែបណា?
ក្នុងជំហានដ៏គួរឱ្យភ្ញាក់ផ្អើលជាង ៤ ទសវត្សរ៍ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊កយល កាលពីរាត្រីថ្ងៃអង្គារឆ្លងចូលថ្ងៃពុធ បានប្រកាសច្បាប់អាជ្ញាសឹក ដោយប្រគល់អំណាចទៅឱ្យក្រុមយោធាជាអ្នកគ្រប់គ្រងប្រទេស ខណៈរឹតត្បឹតសកម្មភាពស៊ីវិល ដើម្បីបង្រ្កាបអ្វីដែលលោកហៅថា «ការគំរាមកំហែងពីកងកម្លាំងកូរ៉េខាងជើង» និង «កម្លាំងប្រឆាំងរដ្ឋដែលគាំទ្រកូរ៉េខាងជើង»។

ប៉ុន្មានម៉ោងក្រោយមក គណៈរដ្ឋមន្រ្តីរបស់លោក យូន បានលុបចោលច្បាប់អាជ្ញាសឹកវិញ ដោយមានការបោះឆ្នោតប្រឆាំងពីសមាជិកសភា ១៩០ រូប ខណៈប្រជាជនកូរ៉េខាងត្បូងក៏បានផ្អើលឆោឡោប្រមូលផ្ដុំគ្នានៅរដ្ឋសភាទាំងកណ្ដាលយប់ ដើម្បីបង្ហាញជំហរប្រឆាំងរបស់ខ្លួន។ គិតត្រឹមព្រឹកថ្ងៃពុធនេះ ស្ថានការណ៍បានស្រកស្រាន្តទៅវិញខ្លះៗ ប៉ុន្តែបាតុកម្មទាមទារឱ្យលោក យូន ចុះចេញពីតំណែងចាប់ផ្ដើមផ្ទុះឡើង ខណៈមន្ត្រីរបស់លោកមួយចំនួនក៏បានលាលែងចេញពីតួនាទីរបស់ខ្លួន។
គេមើលឃើញថា វិបត្តិនយោបាយនេះ មានផលប៉ះពាល់ដល់ស្ថិរភាពក្នុងស្រុករបស់កូរ៉េខាងត្បូង និងទំនាក់ទំនងក្នុងតំបន់ និងពិភពលោក ជាពិសេសជាមួយ «សត្រូវ» កូរ៉េខាងជើង និងសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក។ ជ្រុងមួយនៃការព្រួយបារម្ភនោះ គឺវិសាលភាពនៃផលប៉ះពាល់លើសេដ្ឋកិច្ចរបស់ប្រទេស ដែលពឹងផ្អែកខ្លាំងលើវិស័យឧស្សាហកម្មមួយនេះ។

បញ្ហាចុងក្រោយកើនឡើង ចំពេលដែលកំណើនសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង រំពឹងថានឹងដើរអូសជើងក្នុងអត្រាតិចជាង ២ ភាគរយ នៅឆ្នាំក្រោយ (តាមការព្យាកររបស់ធនាគារកណ្ដាលកូរ៉េខាងត្បូង) ខណៈតម្រូវការក្នុងស្រុកបានបង្ហាញសញ្ញាថមថយ ហើយកំណើននៃការនាំចេញប្រចាំខែវិច្ឆិកា បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ១៤ ខែ ត្រឹម ១,៤ ភាគរយ ដោយសារកម្សោយនៃការនាំចេញទៅអាមេរិក និងចិន។
ជាក់ស្ដែង ផលប៉ះពាល់នៃសេដ្ឋកិច្ចដែលបង្កមកពីច្បាប់អាជ្ញាសឹករបស់លោក យូន ចាប់ផ្ដើមមានជាបណ្ដើរៗរួចទៅហើយ។ ប្រាក់វ៉ុនរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះធៀបនឹងប្រាក់ដុល្លារអាមេរិក ដោយឈានដល់ចំណុចទាបបំផុតរាប់ចាប់តាំងពីឆ្នាំ ២០២២ ដល់ ១ ៤២០ វ៉ុន/ដុល្លារ ដែលនេះឆ្លុះបញ្ចាំងពីអស្ថិរភាពនៃទីផ្សារហិរញ្ញវត្ថុ។ ជាមួយគ្នានោះ សន្ទស្សន៍ផ្សារភាគហ៊ុនដ៏សំខាន់របស់កូរ៉េខាងត្បូង KOSPI បានធ្លាក់ចុះរហូតដល់ ១,៩៩ ភាគរយ សម្រាប់ការជួញដូរនៅព្រឹកថ្ងៃពុធនេះ។

ក្នុងជ្រុងមួយដ៏ធំ អ្នកវិភាគបានហៅច្បាប់អាជ្ញាសឹក ថាឆ្លុះបញ្ជាំងពី «អស្ថិរភាពនយោបាយក្នុងស្រុកធ្ងន់ធ្ងរ» ដែលអាចប៉ះពាល់ដល់ទំនុកចិត្តរបស់ក្រុមហ៊ុន និងដៃគូវិនិយោគទាំងក្នុង និងក្រៅប្រទេស ហើយការណ៍នេះ នឹងរារាំងដល់ការវិនិយោគថ្មីៗ ប៉ះពាល់ដល់វិស័យការងារ ផលិតកម្ម និងការនាំចេញ ដែលជាកត្តាសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេស។
អ្នកវិភាគបានលើកឡើងថា អស្ថិរភាពដែលអូសបន្លាយ អាចរំខានដល់សកម្មភាពសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង ប៉ះពាល់ដល់ដៃគូពាណិជ្ជកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ទាំងនៅអាស៊ី និងទូទាំងពិភពលោក ព្រោះប្រទេសនេះដើរតួនាទីជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ ជាពិសេសលើវិស័យបច្ចេកវិទ្យា ដូចជាបន្ទះឈីប ជាដើម។
ទោះជាយ៉ាងណាក៏ដោយ ភាពធ្ងន់ធ្ងរនៃផលប៉ះពាល់សេដ្ឋកិច្ច មិនទាន់អាចសន្និដ្ឋានថានៅកម្រិតណានៅឡើយទេ ខណៈអ្នកវិភាគបន្តរងចាំមើលស្ថានការណ៍នយោបាយសិន។ ប៉ុន្តែមានការលើកឡើងថា ក្រោមលទ្ធភាពដែលលោក យូន ត្រូវគេបណ្ដេញចេញពីតំណែង នោះវានឹងមានឥទ្ធិពលអវិជ្ជមានលើទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងអាជីវកម្ម ដែលនឹងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចក្លាយជាដើរយឺតយ៉ាវ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ