សេដ្ឋកិច្ច
រាជធានីភ្នំពេញទទួលបានគម្រោងសាងសង់ជាង ៥០០ ជាមួយទុនវិនិយោគជាង ១ ពាន់លាដុល្លារ ក្នុងរយៈពេល ១០ ខែ
គិតត្រឹមរយៈពេល ១០ ខែ ឆ្នាំ ២០២៤ រាជធានីភ្នំពេញទទួលបានគម្រោងសាងសង់ចំនួន ៥១៦ គម្រោងជាមួយទុនវិនិយោគប្រមាណ ១ ពាន់លានដុល្លារអាមេរិក។ នេះបើតាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងនៅក្នុងពិធីបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៤ នៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៤ថា វិស័យសំណង់នៅរាជធានីភ្នំពេញ មានការរីកចម្រើន ដែលមានអាគារពាណិជ្ជកម្ម សណ្ឋាគារ ខុនដូប្រណីត ត្រូវបានសាងសង់ឡើងបន្តបន្ទាប់ ដែលសរុបជាសំណង់បុរី និងផ្ទះល្វែងចំនួន ៤៤៨ កន្លែង និងអាគារខ្ពស់ៗ ចំនួន ១ ៨៤៩ អាគារ។
បើតាមលោក ឃួង ស្រេង វិស័យឧស្សាហកម្មសំណង់នៅកម្ពុជា ចាប់ផ្ដើមងើបឡើងវិញ ដែលថ្នាក់ដឹកនាំកម្ពុជា និងភាគីពាក់ព័ន្ធ ត្រូវរួមគ្នាសិក្សា ដោះស្រាយឈរលើលក្ខខណ្ឌបច្ចេកទេស និងគុណភាព ខណៈម្រូវការគ្រឿងសំណង់មានការកើនឡើង។

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានជំរុញឱ្យអ្នកវិនិយោគ និងក្រុមហ៊ុនអភិវឌ្ឍន៍វិស័យសំណង់ និងអចលនទ្រព្យ ធ្វើទំនើបកម្មវិស័យសំណង់ឱ្យសមស្របទៅនឹងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច សំដៅឱ្យសំណង់មានគុណភាព សុវត្ថិភាព សោភណភាព និងបង្ការហានិភ័យ។
លោកបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង បានលើកឡើងថា ស្ថានភាពទីផ្សារទិញ-លក់អចលនទ្រព្យបានចាប់ផ្ដើម កម្រើកឡើងវិញនៅក្នុងឆ្នាំ ២០២៤ បន្ទាប់ពីបានឆ្លងកាត់វិបត្តិជំងឺកូវីដ១៩ និងសង្គ្រាម។

លោកបណ្ឌិត គីម ហ៊ាងបញ្ជាក់ថា៖ «រឿងអាក្រក់បានកើតឡើងរួចហើយ បើនិយាយពីក្រុមហ៊ុន ឬបុគ្គលដែលពាក់ព័ន្ធនឹងវិស័យដីធ្លី អ្នកណា ដែលត្រូវក្ស័យធន គឺគាត់ក្ស័យរួចហើយ អ្នកណាដែលលំបាកគឺលំបាកហើយ អញ្ចឹងវាដល់ពេលមួយដែលញែកដាច់ថាតើនរណា ជាមនុស្សដែលអាចឈរជើងបាន ហើយនរណាដែលត្រូវក្ស័យធន អញ្ចឹងនរណាដែលអាចឈរជើងដល់បច្ចុប្បន្ន អ្នកនោះគឺគាត់ឆ្លងផុតវិបត្តិរួចហើយ»។
អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យលោក ង៉ែត ជូ បានលើកឡើងថា ការទិញ លក់ ចាប់ផ្ដើមមានសញ្ញាកម្រើកឡើងវិញ ប៉ុន្តែមិនច្រើនទេ។ ជាទូទៅនៅពេលដែលមានការផ្គត់ផ្គង់ច្រើន នោះតម្លៃនឹងល្អ ហើយអ្នកដែលមានលទ្ធភាពនៅពេលបច្ចុប្បន្ន អ្នកខ្លះក៏ចាប់យកឱកាស ហ៊ានវិនិយោគ ប៉ុន្តែក៏មានអ្នកប្រឈមនឹងជាប់គាំងក្នុងការលក់ចេញច្រើន ដោយសារតែទំហំនៃការផ្គត់ផ្គង់នៅលើទីផ្សារ ដូចជា ផ្ទះ ដី និងសំណង់អាគារ គឺសម្បូរមានអ្នកលក់។

លោក ង៉ែត ជូ ថ្លែងថា៖ «ប្រតិបត្តិការទិញ លក់ ចាប់ផ្ដើមមានដង្ហើមខ្លះ គឺជាការចាប់យកឱកាសរបស់អ្នកដែលមានលទ្ធភាពហិរញ្ញវត្ថុ ឧទាហរណ៍ថា មុនពេលកូវីដ១៩ មួយម៉ែត្រ ការ៉េ ៥០០ ដុល្លារ អញ្ចឹងដើម្បីបានលុយយកទៅប្រើប្រាស់គាត់សុខចិត្តលក់ចុះថ្លៃ ៥០% ឬ២៥០ ដុល្លារ អញ្ចឹងមានការទិញ លក់ និងអាចមានអ្នកចាប់យកឱកាស នោះទីផ្សារហ្នឹងចាប់ផ្ដើមដំណើរការឡើងវិញ»។
យោងតាម CBRE នៅត្រីមាសទី៣ ឆ្នាំ ២០២៤ បង្ហាញថា វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាមានកំណើនយឺត ដោយការវិនិយោគភាគច្រើនបានហូរចូលទៅក្នុងវិស័យឧស្សាហកម្ម ទេសចរណ៍ និងកសិកម្ម។
ចំណែកទំហំវិនិយោគក្នុងឆ្នាំ២០២៤ ត្រូវបានគេព្យាករណ៍ថា នឹងមានកំណើនខ្ពស់បំផុតដល់ ៥,៥ពាន់លានដុល្លារអាម៉េរិក៕


អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី