Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគសណ្ឋាគារផ្កាយ៥ជាមួយទុន ៧០លានដុល្លារនៅស្វាយរៀង

បានផុស

នៅ

សណ្ឋាគារលំដាប់ផ្កាយ​៥ ដែលមានទុនវិនិយោគរហូតដល់៧០លានដុល្លារត្រូវបាន​រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តនៅក្នុងខែវិច្ឆកាកន្លងទៅនេះ ដែលឆ្លុះបញ្ចាំងអំពីភាពប្រសើរឡើងនៃលំហូរភ្ញៀវទេចរអន្តរជាតិចូលមកាន់ខេត្តស្វាយរៀង ជាពិសេសពីប្រទេសវៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសព័ត៌មានពី CDC កាលពីថ្ងៃទី៦ ខែធ្នូ ខ្លួនបានអនុម័តនូវគម្រោង​វិនិយោគសម្រាប់ការសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ ដែលមានទីតាំងនៅក្រុងបាវិត នៃខេត្តស្វាយរៀង។​ សម្រាប់គម្រោងវិនិយោគនេះនឹងបង្កើតការងារថ្មីជាពិសេស​ប្រជាពលរដ្ឋនៅមូលដ្ឋានោះរហូតដល់ជាង៨០០កន្លែង។​ ប៉ុន្តែ CDC ពុំបានបង្ហាញឈ្មោះរបស់ក្រុមហ៊ុន និងថាតើមកពីប្រទេសណានោះទេ។​

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាបានសាទរជាមួយនិងគម្រោងវិនិយោគនេះ ដែលបង្ហាញអំពីទំនុកចិត្តរបស់វិនិយោគិនមកលើកម្ពុជា​ ជាពិសេសវិស័យទេចរណ៍នៅភាគខាងកើតនៃប្រទេស។

លោកបានគូសបញ្ជាក់ថា៖«សម្រាប់ការសម្រេចចិត្តវិនិយោគនេះ បង្ហាញឱ្យឃើញអំពីវឌ្ឍនភាពថ្មីមួយទៀតសម្រាប់វិស័យទេចរណ៍របស់យើង ក្រោយពីបានញាំញីដោយការរីករាលដាល់នៃជំងឺកូវីដ១៩នាប៉ុន្មានឆ្នាំមកនេះ ដែលវិស័យនេះកំពុងងើបឡើងវិញសន្សឹមៗ»។

លោកយល់ឃើញថា ការសាងសង់សណ្ឋាគារនេះនឹងឆ្លើយតបទៅនឹងលំហូរភ្ញៀវទេចរអន្តរ​ជាតិចេញតាមប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះនៅពេលដែលស្ថានភាពវិស័យទេចរណ៍ត្រឡប់ទៅដូចមុនវិបត្តិ។​

នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិចំនួនជាង ៥,៣៧ លាននាក់ (៥ ៣៧៤ ៧៣៨) កើនឡើង ២២ ភាគរយ ធៀបនឹង​រយៈពេល​ដូច​គ្នានៅឆ្នាំ​២០២៣។ នេះបើយោង​តាម​របាយ​​ការណ៍​របស់​ក្រសួងទេសចរណ៍។

យោងតាមក្រសួងទេសចរណ៍ ក្នុងចំណោមទេសចរជាង ៥,៣៧ លាននាក់ ទេសចរថៃឈរនៅ​លំដាប់​លេខរៀងទី ១ មានចំនួន ១ ៧២៥ ៥០៣ នាក់ កើន ១៤,៨% វៀតណាមចំនួន ១ ០៨៦ ៨៣៩ នាក់ កើន ៣១,៦% ចិន ៦៩១ ៧៣៦ កើន ៥២,៥% ឡាវ ២៨២ ៣៧៧ នាក់ ធ្លាក់ចុះ ៣,៨% និងអាមេរិកជាង ១៦ ម៉ឺននាក់ កើនឡើង ១៧%។

នៅក្នុងឆ្នាំ ២០២៣ កម្ពុជា​ទទួលបាន​ភ្ញៀវទេសអន្តរជាតិចំនួន ៥,៤៥​ លាននាក់ កើន ១៣៩,៥ ភាគរយ ចំណែកឯ​ថវិកា​​​ប្រមាណ ៣,០៨​ ពាន់​លាន​ដុល្លារ កើន ៨៧,៥ ភាគរយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម