សេដ្ឋកិច្ច
នាយករដ្ឋមន្ត្រីបញ្ជាក់ ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត និងមិនគិតថ្លៃ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អនុវត្តតាមគោលការណ៍ស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំ និងគិតថ្លៃសេវាអ្វីទាំងអស់។
សម្ដេចធិបតីមានប្រសាសន៍ នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ «ថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នៅព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការចុះឈ្មោះនេះ មិនត្រឹមតែឱ្យបងប្អូន ទទួលបានអត្តសញ្ញាណផ្លូវការនោះទេ តែនឹងបើកផ្លូវឱ្យមានការរីកចម្រើន និងការគាំទ្រនានា។
សម្ដេចធិបតី ហ៊ុន ម៉ាណែតថ្លែងថា៖ «បងប្អូនអាចស្ទាក់ស្ទើព្រោះខ្លាចជាប់ពន្ធ ខ្ញុំសូមបញ្ជាក់ថា អ្នកសេដ្ឋកិច្ចក្រៅប្រពន្ធ ដែលមានផលរបរក្រោម ២៥០ លានរៀល ក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធអ្វីទាំងអស់»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ក្រោយពីការចុះឈ្មោះ ទទួលបានការអនុម័តនៅលើថ្នាលឌីជីថលនេះហើយ បងប្អូន នឹងមានវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទទួលស្គាល់ តួនាទី និងការរួមចំណែករបស់បងប្អូនដល់សេដ្ឋកិច្ចជាតិ វិញ្ញាបនបត្រនេះ បញ្ជាក់អត្តសញ្ញាណសម្រាប់មុខរបរ អាជីវកម្ម និងការងាររបស់បងប្អូន ដែលមានការទទួលស្គាល់ពីគ្រប់ក្រសួងស្ថាប័ន របស់រាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអាចយកទៅប្រើប្រាស់ជាផ្លូវការបាន ជាមួយវិស័យឯកជនផង។

សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ការចុះឈ្មោះ នឹងផ្ដល់លទ្ធភាពឱ្យបងប្អូនបង្កើនសមត្ថភាព ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការពង្រឹងជំនាញដែលមានស្រាប់ និងការចាប់យកជំនាញថ្មី ជាមួយនឹងការគាំទ្រនេះ ង្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងមានឱកាសកាន់តែប្រសើរក្នុងការពង្រីកអាជីវកម្មបង្កើនប្រាក់ចំណូល និងបង្កើតការងារសម្រាប់ខ្លួនផង និងអ្នកដ៏ទៃផង។
បើតាមសម្ដេចនាយករដ្ឋមន្ត្រី ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រៀបដូចជាកូនសោមួយ ដែលបងប្អូនអាចចាក់ ដើម្បីបើកទ្វារ ទៅកាន់សេវាហិរញ្ញវត្ថុផ្លូវការរួមទាំងសេវាឥណទាន ឬទុនវិនិយោគពីគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីពង្រីកមុខរបរ និងអាចជៀសវាងទៅការចងការ ឬខ្ចីបុលក្រៅផ្លូវការ។

ក្រៅពីនេះការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្ដល់លទ្ធភាពឱ្យបងប្អូន ក្នុងការចូលជាសមាជិកបេឡាជាតិ សន្តិសុខសង្គម (បសស) ទៅតាមលក្ខខណ្ឌដែលបានកំណត់ និងងាយស្រួលក្នុងការបង់វិភាគទាន ដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែកថែទាំសុខភាព សម្រាប់ទាំងខ្លួន និងសមាជិកគ្រួសារ។
អត្ថប្រយោជន៍មួយទៀត តាមរយៈការចុះឈ្មោះ របស់បងប្អូន រាជរដ្ឋាភិបាលនឹងកសាងបានទិន្នន័យល្អ មានលទ្ធភាពផ្ដល់ការគាំទ្រទៅដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចំគោលដៅ និងរហ័ស ពិសេសក្នុងពេលមានវិបត្តិ ដូចជាគ្រោះមហន្តរាយធម្មជាតិ និងជំងឺរាត្បាតជាដើម។
ម្យ៉ាងទៀតសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាគ្រួសារក្រីក្រ និងងាយរងគ្រោះ ហើយការចុះឈ្មោះ នឹងជួយសម្រួលដល់ការទទួលបានការថែទាំសុខភាពដោយឥគិតថ្លៃ តាមរយៈមូលនិធិសមធម៌នៅតាមមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង