Connect with us

ព័ត៌មានជាតិ

មកដឹងពី​ទ្រព្យសម្បត្តិរបស់​អតីតមេដឹកនាំស៊ីរី លោក Bashar al-Assad

បានផុស

នៅ

ក្រោយ​របបផ្ដាច់​ការ​​របស់​ប្រធានាធិបតី​ស៊ីរី លោក​ ​បាសា អាល់ អាសាដ (Bashar al-Assad) បាន​ដួលរលំនៅ​ដើម​ខែ​ធ្នូនេះ​ កាសែត Financial Times បាន​រាយការណ៍ដោយដក​ស្រង់កំណត់ត្រាហិរញ្ញវត្ថុ​ថា​ លោកបាន​ដឹក​ជញ្ជូន​លុយ​សុទ្ធ​សរុប​ ២៥០ លា​នដុល្លារ​ ទៅ​កាន់ក្រុង​មូស្គូនៃប្រទេស​រុស្ស៊ី ចន្លោះ​ពី​ឆ្នាំ ២០១៨-២០១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Financial Times ថា​ ធនាគារកណ្តាល​ស៊ីរីដឹក​ក្រដាសប្រាក់​ទម្ងន់ជិត ២ តោន​ ដែល​ក្នុងនោះ​រួម​ក្រដាសប្រាក់​ ១០០ ដុល្លារ​អាមេរិក​​ និង​ ៥០០ អឺរ៉ូ​ ទៅ​រុស្ស៊ី​ ហើយ​ក្រោយ​មក​តម្កល់ប្រាក់ទាំង​នោះ​នៅ​ក្នុង​ធនាគារ​រុស្ស៊ី ដែល​រង​ទណ្ឌកម្ម​របស់​លោក​ខាង​លិច​។ ​

ការ​ដឹកជញ្ជូនប្រាក់នេះ​ បានកើតឡើង​ចំពេល​ដែល​ស៊ីរីជំពាក់បំណុលរុស្ស៊ី​វ័ណ្ឌក ​ក្រោយ​ពេល​រុស្ស៊ីបញ្ជូនទ័ព​ដើម្បីការពារ​រដ្ឋាភិបាល​របស់​លោក​ Assad  ខណៈ​សាច់ញាតិ​របស់​លោក​​ទិញទ្រព្យសម្បត្តិប្រណិតៗ រួម​ទាំង​អចលនទ្រព្យ​ នៅក្នុងប្រទេសរុស្ស៊ី​។

នេះ​គ្រាន់តែ​ជា​សេចក្ដី​រាយការណ៍​ចុង​ក្រោយ​ប៉ុណ្ណោះ។ គេ​មើលឃើញ​ថា​ ក្រោយពេល​លោក​ Assad ត្រូវ​បាន​ផ្ដួលរំលំ​​​​ ហើយ​​​និរទេស​ខ្លួន​ទៅ​រុស្ស៊ី​នៅដើម​ខែ​ធ្នូនេះ​ មានការរាយការណ៍ និង​ការ​សើរើព្រោងព្រាត ស្ដី​ពី​ទ្រព្យសម្បត្តិរបស់លោក ក្រុមគ្រួសារ​ ក៏ដូចជា​សាច់ញាតិ ដែល​សរុប​ជា​ទឹក​ប្រាក់​រាប់​ពាន់លាន​ដុល្លារ​។

គិត​មក​ត្រឹមពេល​ដែល​លោក Assad ​រត់ចោលស្រុក គេ​មិន​ដឹង​ថា​ទ្រព្យសម្បត្តិ​របស់​ក្រុមគ្រួសារ​ត្រកូល Assad ​មាន​ប៉ុន្មាន​ឱ្យ​ប្រាកដ​ជាក់​លាក់​នោះ​ទេ ខណៈ​​ការ​ប៉ាន់ស្មាន​ជាច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​ ដោយ​ផ្អែក​លើ​ទិន្នន័យ​រៀងៗខ្លួន​។

យ៉ាង​ណា​មិញ​ របាយការណ៍​ពី​ក្រសួងការបទេសសហរដ្ឋអាមេរិក​ក្នុងឆ្នាំ​ ២០២២ បាន​ប៉ាន់ប្រមាណ​ថា​ ​ អាជីវកម្ម និងទ្រព្យសម្បត្តិដែល​មាន​ទំនាក់ទំនងជា​មួយ​ត្រកូល​ Assad អាចមានតម្លៃសរុប​ច្រើន​បំផុត​ដល់​ ១២ ប៊ីលា​នដុល្លារ និង​ទាប​បំផុត​យ៉ាងហោចណាស់ ១ ប៊ីលាន​ដុល្លារ​។ ​នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត The Wall Street Journal។

របាយការណ៍​របស់​ក្រសួងការបទេសដដែល​ បាន​គូស​ជា​លម្អិត​ផងដែរ​ថា​ ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក Assad និងប្រពន្ធរបស់​លោក គឺលោកស្រី Assad Asma ទំនងជាមានចន្លោះពី ១-២ ប៊ីលាន​ដុល្លារ​។ ​គ្រួសារ​របស់​លោកកាន់កាប់អចលនទ្រព្យនៅទីក្រុងឌូបៃ (អារ៉ាប់រួម​) មូស្គូ (រុស្ស៊ី) និងឡុងដ៍ (ចក្រភព​អង់គ្លេស) និងមានគណនីធនាគារសម្ងាត់រាប់សិប រួមទាំងគណនីធនាគារ​ប្រាក់ ៥០ លាន​ដុល្លារ​នៅ​ក្រុងឡុងដ៍ ដែល​អាជ្ញាធរ​អង់គ្លេស​បាន​បង្កក​។ នេះ​បើយោងតាម​ការ​ចុះ​ផ្សាយ​របស់សារព័ត៌មាន​អាល្លឺម៉ង់ DW។ 

បើតាម DW ​ទ្រព្យសម្បត្តិផ្ទាល់ខ្លួន​ដែលក្រសួង​ការបរទេស​អាមេរិក​ប៉ាន់ស្មាន​ ទំនង​គ្រាន់តែជាផ្នែកតូចមួយនៃទ្រព្យសម្បត្តិគ្រួសាររបស់​លោក​ Assad ប៉ុណ្ណោះ។ ការ​ប៉ាន់​ស្មានខ្លះ​​ បាន​ចង្អុល​បង្ហាញ​ថា​ ត្រកូល​ Assad  ​​មាន​មាស ២០០ តោន ​និង​​ទ្រព្យ​សម្បត្តិ​​តម្លៃ​ប្រហែល ២២ ​ប៊ី​លាន​ដុល្លារ ជាមួយ​នឹង​បណ្ដាញជំនួញទាំង​នៅ​អឺរ៉ុប និង​មជ្ឈិមបូព៌ា។ ការ​ប៉ាន់ស្មាន​ផ្សេង​ៗ​ទៀត​ បាន​លើក​ឡើង​ថា​ បូករួមទាំង​​បណ្តាញទ្រព្យសម្បត្តិលាក់កំបាំងទាំងអស់របស់លោក Assad ​វា​អាចមាន​រហូត​ដល់ទៅ ១២២ ប៊ីលានដុល្លារ។

ទោះ​បី​ជា​ការ​ប៉ាន់ស្មាន​ទាំង​អស់​នេះ​ មានទំហំ​ខុស​គ្នា​ខ្លាំង​ក៏ដោយ​ ក៏​ប៉ុន្តែ​ភស្តុតាង និងព័ត៌មាន​មួយចំនួនស្ដីពី​ប្រាក់ និង​ទ្រព្យ​សម្បត្តិដែល​អាជ្ញាធរ​បរទេស​រឹប​អូស​ឬ​បង្កក​ទុក ក្នុង​ករណី​ពាក់ព័ន្ធ​នឹង​សាច់ញាតិ​បងប្អូនរបស់​លោក ​ Assad សុទ្ធតែ​បង្ហាញ​ថា​ពី​ចំនួន​ដ៏មហាសាល​រួច​ទៅ​ហើយ​។

ជា​ឧទាហរណ៍ លោក Rami Makhlouf ដែលជាបងប្អូនជីដូនមួយ​​របស់​លោក ​Assad និងត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​អ្នក​មាន​បំផុត​មួយ​នៅ​ស៊ីរី ទំនង​មាន​ទ្រព្យ​សម្បត្តិ​ចន្លោះពី ​៥-១០ ប៊ីលានដុល្លារ។ នេះបើតាម​ក្រសួងការ​បរទេស​អាមេរិក​ ដែល​ស្រង់​ការ​ប៉ាន់ស្មាន​របស់​ «ប្រភព​បើក​ចំហរ»។

ក្នុង​ឆ្នាំ​ ២០១៦ អាជ្ញាធរ​ស្វីស​បាន​បង្កក​ប្រាក់ ៣,២ លាន​ដុល្លារនៅធនាគារស្វីស​ របស់លោក​ Hafez Makhlouf ដែលជា​ប្អូនរបស់​លោក Rami Makhlouf ជុំ​វិញ​ករណី​លាង​លុយ​កខ្វក់​។

ក្នុងឆ្នាំ ២០១៧ អាជ្ញាធរអេស្ប៉ាញ និងបារាំង បានរឹបអូសទ្រព្យសម្បត្តិប្រហែល ៦៣០ លាន​ដុល្លារ​ ​ជាកម្មសិទ្ធិរបស់លោក Rifaat Assad ដែល​ជា​ពូ​របស់​លោក​ Assad ក្រោយ​លោក​ជាប់​ឈ្មោះ​ក្នុងការ​ស៊ើបអង្កេត​លើ​បណ្ដាញ​លាង​លុយកង្វក់​​របស់​​អឺរ៉ុប​។ ​ការ​រឹបអូស​នោះ​ រួមបញ្ចូលទាំងសណ្ឋាគារ ភោជនីយដ្ឋាន និងអចលនទ្រព្យផ្សេងៗ​ទៀត​។

តើ​លោក Assad និង​បង​ប្អូនសាច់ញាតិ​បាន​ប្រាក់​ទាំង​នោះ​មក​ពី​ណា​?  

របាយការណ៍ក្រសួងការបរទេសអាមេរិកឆ្នាំ ២០២២ បាន​លើកឡើងថា​ បងប្អូនត្រកូល​ Assad ត្រូវបានចូលរួមដោយផ្ទាល់ ឬដោយប្រយោលនៅ​ក្នុង «ប្រតិបត្តិការសេដ្ឋកិច្ចទ្រង់ទ្រាយធំស្ទើរតែគ្រប់​ផ្នែក​ទាំង​អស់​របស់​ស៊ីរី» ក្នុង​នោះ​រួម​មាន​ទាំង​ក្រុមហ៊ុនសាជីវកម្ម​​ ដែល​ទទួល​បាន​សិទ្ធិ​កាន់កាប់ផ្ដាច់មុខ​លើ​​គម្រោងវិនិយោគ អភិវឌ្ឍ ឬ​អាជីវកម្ម​នានា​​របស់​រដ្ឋាភិបាល​ ក៏ដូចជា​​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​លើ​វិស័យ​ផ្សេងៗ​ទៀត​ រួម​ទាំង​អចលនទ្រព្យ​។

ជាមួយ​គ្នា​នោះ​ ទ្រព្យសកម្មទាំងឡាយណាដែលមាន​​នៅ​បរទេស​ ហើយ​មិនរង​ការ​រឹប​អូស​ ឬ​បង្កក​របស់​លោក​ខាង​លិច​នោះ​ ​ទំនង​កាន់កាប់​ដោយ​បុគ្គល ឬ​ក្រុមហ៊ុនក្លែងក្លាយ​ដែល​មានតែឈ្មោះ​ ឬដោយបុគ្គលផ្សេងទៀត ដើម្បីបិទបាំងកម្មសិទ្ធិ និងគេចវេសពីទណ្ឌកម្មរបស់​លោក​ខាង​លិច​។

របាយការណ៍​ដដែល​របស់​ក្រសួង​បាន​អះអាងថា​ ​គ្រួសារ​របស់​លោក​ Assad បាន​កើប​ប្រាក់​ដោយ​ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ការរត់ពន្ធអាវុធ និងការជំរិតយកប្រាក់ ​ដោយ​ធ្វើ​សកម្មភាព​ក្រោមឈ្មោះ​ក្រុមហ៊ុនសាជីវកម្ម​ ដែល​មាន​រចនាសម្ព័ន្ធ​ដូចជា​ស្រប​ច្បាប់។

ក្រោយ​ពេល​ដួល​រលំ​ ហើយ​រត់ភៀសខ្លួន​ ទៅ​រុស្ស៊ី​ គេ​មិន​ដឹង​ថា​លោក ​ Assad បាន​ប្រមូល​ទ្រព្យ​សម្បត្តិ​ទៅ​ជា​មួយ​ខ្លួន​ប៉ុន្មាន​នោះ​ទេ​។ ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​ បាន​រាយការណ៍​ថា​ លោក​ Assad បាន​រត់ចេញ​ពី​ប្រទេស​ទាំង​ប្រញ៉ាប់ ទាំង​មិន​បាន​ប្រាប់​ជំនួយការជិតស្និត​បំផុតរបស់​លោក​ ឬគ្រួសារ​នោះទេ​។ វីដេអូដែល​គេ​ថត​ក្រោយ​ពេល​សម្រុក​ចូល​ផ្ទះ​ និង​ការិយាល័យ​របស់​លោក​ បាន​បង្ហាញ​ថា​ ​ក្រុមគ្រួសាររបស់​លោក​បានបន្សល់ទុករបស់​មាន​តម្លៃ​ជាច្រើន រួមទាំងគ្រឿងសង្ហារឹម ទំនិញ​ប្រណីតៗ និងយានដ្ឋានដែលពោរពេញដោយរថយន្តទំនើប រួមទាំងរថយន្ត Ferrari, Lamborghini, Rolls Royce​៕ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ២ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជ័យ ចាប
ជីវិតកម្សាន្ដ៩ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១៥ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១២ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម