សេដ្ឋកិច្ច
រោងចក្រទឹកស្អាតមួយទៀត ដាក់ឱ្យដំណើរការ មានសមត្ថភាពផលិត ៦ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានសម្រេចសមិទ្ធិផលថ្មីមួយទៀត ជាមួយនឹងការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផលិតទឹកស្អាតបឹងធំ ដែលមានសមត្ថភាពផលិតទឹកស្អាត ៦.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។
រោងចក្រថ្មីនេះនឹងពង្រីកវិសាលភាពសេវាទឹកស្អាតជូនប្រជាពលរដ្ឋប្រមាណ ៣.០០០គ្រួសារ នៅក្នុង១០ភូមិ នៃខណ្ឌកំបូល រាជធានីភ្នំពេញ។

ពិធីសម្ពោធនេះត្រូវបានធ្វើឡើងក្រោមវត្តមាន លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយ លោក AMAKAWA Hirofumi អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ក្រោមគម្រោងជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន និងថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
លោក ហែម វណ្ណឌី បានលើកឡើងពីសារៈសំខាន់នៃរោងចក្រផលិតទឹកស្អាតនេះ ក្នុងការរួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលកំណត់យកទឹកជាអាទិភាពគន្លឹះទីបី។

លោករដ្ឋមន្ត្រីបានលើកឡើងថា៖ «ការផ្គត់ផ្គង់នេះមិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រដល់ការពង្រីកមូលដ្ឋានឧស្សាហកម្ម អាជីវកម្ម និងសេវាកម្មគ្រប់វិស័យ ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស»។
លោករដ្ឋមន្ត្រីក៏បានរំលេចពីភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា និងជប៉ុន ក្នុងវិស័យទឹកស្អាត ដោយក្នុងនោះ មានគម្រោងចំនួន៣១ ដែលបានអនុវត្តរួច និងកំពុងអនុវត្ត រួមមានទាំងគម្រោងកសាងសមត្ថភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគផ្សេងទៀត ក្នុងគោលដៅលើកកម្ពស់លទ្ធភាពទទួលបានសេវាទឹកស្អាតនៅទូទាំងប្រទេស។

រោងចក្រផលិតទឹកស្អាតបឹងធំគឺជាសមិទ្ធផលទី២ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានធ្វើការសិក្សា និងសាងសង់ដោយខ្លួនឯង បន្ទាប់ពីរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត “មេ្លច” នៅខេត្តកំពត។
រោងចក្រថ្មីនេះផ្គត់ផ្គង់ទឹកស្អាតដែលមានគុណភាពស្របតាមស្តង់ដារគុណភាពទឹកស្អាតថ្នាក់ជាតិ និងស្តង់ដារគុណភាពទឹកស្អាតរបស់អង្គការសុខភាពពិភពលោក។ នេះបង្ហាញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០៣០។
លោក ហែម វណ្ណឌី បានស្នើឱ្យភាគីពាក់ព័ន្ធ រួមទាំងក្រសួង-ស្ថាប័ន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ចូលរួមការពារ និងថែទាំហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ពង្រីកបណ្តាញចែកចាយ និងរក្សាស្ទឹងព្រែកត្នោត ជាប្រភពទឹកសម្រាប់រយៈពេលវែង។ ឯកឧត្តមបានបន្ថែមថា កិច្ចសហការទាំងនេះមានសារៈសំខាន់ក្នុងការធានាការផ្គត់ផ្គង់ និងគុណភាពទឹកនាពេលអនាគត, លើកកម្ពស់សុខភាពសាធារណៈ, និងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។

បច្ចុប្បន្នភាពផែនការមេវិស័យទឹកស្អាត ដំណាក់កាលទី៣ ឆ្នាំ២០២១-២០៣០ បានព្យាករណ៍ថា តម្រូវការទឹកស្អាតនឹងកើនឡើងដល់ប្រមាណជាង ១,៨ លានម៉ែត្រគូបក្នុងមួយថ្ងៃ នៅត្រឹមដំណាច់ឆ្នាំ២០៣០។
ក្រោយដាក់ឱ្យដំណើរការរោងចក្រផលិតទឹកស្អាតបឹងធំ សមត្ថភាពផលិតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងកើនឡើងពី ៩៨២.០០០ ទៅដល់ ៩៨៨.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលគាំទ្រដោយបណ្តាញចែកចាយទឹកស្អាតប្រវែង ៤.៨៧០ គីឡូម៉ែត្រ៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលរាជធានី ចាប់ខ្លួនបុរសម្នាក់ដែលប្រៀបធៀបការចាប់ខ្លួនប្រធានាធិបតីហ្វីលីពីនជាមួយសម្ដេចតេជោ ហ៊ុន សែន