ព័ត៌មានអន្ដរជាតិ
ធនាគារកណ្ដាលអាមេរិក កាត់បន្ថយអត្រាការប្រាក់ជាថ្មី ០,២៥ ភាគរយ
ធនាគារកណ្ដាលសហព័ន្ធសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (១៨ ធ្នូ) បានកាត់បន្ថយអត្រាការប្រាក់ជាថ្មីប្រមាណ ២៥ ពិន្ទុ ឬ ០,២៥ ភាគរយ ដែលធ្វើឱ្យអត្រាគោលធ្លាក់មកត្រឹមចន្លោះ ៤,២៥-៤,៥០ ភាគរយ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CNBC។
ការកាត់បន្ថយជាថ្មីនេះមានន័យថា ធនាគារកណ្ដាលអាមេរិកបន្តបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុតឹងរឹងរបស់ខ្លួន ដោយកាត់បន្ថយអត្រាខ្ចីប្រាក់ ដើម្បីជំរុញសេដ្ឋកិច្ច ចំពេលដែលអតិផរណាថយចុះឈានជិតដល់ចំណុចគោលដៅ ហើយវិស័យការងារបង្ហាញពីសញ្ញានៃកម្សោយ។
នេះគឺលើកទី៣ហើយក្នុងឆ្នាំ ២០២៤ ដែលធនាគារកណ្តាលបានកាត់បន្ថយអត្រាការ ហើយសរុបរួមគឺ ១ ភាគរយ។ ក្នុងនោះរួមមានទាំងការកាត់បន្ថយអត្រាការប្រាក់ ០,៥ ភាគរយ នៅខែកញ្ញា និង ០,២៥ ភាគរយ នៅខែវិច្ឆិកា។ យ៉ាងណាមិញ ការកាត់បន្ថយអត្រាការប្រាក់នាពេលអនាគត រំពឹងថានឹងយឺតយ៉ាវជាងការព្យាករកាលពីលើកមុន។
ជុំវិញការសម្រេចចិត្តថ្មីនេះ គណៈកម្មាធិការកំណត់អត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក FOMC បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «សូចនាករថ្មីៗបង្ហាញថា សកម្មភាពសេដ្ឋកិច្ចបានបន្តរីកលូតលាស់ក្នុងល្បឿនដ៏រឹងមាំ។ ចាប់តាំងពីដើមឆ្នាំមក ស្ថានភាពទីផ្សារការងារជាទូទៅបានថយចុះ ហើយអត្រាអ្នកអត់ការងារធ្វើបានកើនឡើង ប៉ុន្តែនៅតែមានកម្រិតទាប»។ FOMC បន្តថា៖ «អតិផរណាបានឈានទៅរកគោលដៅ ២ ភាគរយ របស់គណៈកម្មាធិការ ប៉ុន្តែនៅតែខ្ពស់បន្តិចនៅឡើយ»។
បើតាមទិន្នន័យពីរដ្ឋាភិបាលអាមេរិកថ្មីៗនេះ សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ ដែលឆ្លុះបញ្ជាំងពីអតិផរណា បានកើនឡើង ២,៧ ភាគរយ នៅខែវិច្ឆិកា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងកើនឡើងបន្តិចពី ២,៦ ភាគរយ នៅខែតុលា។ ទីផ្សារការងារនៅតែមានភាពរឹងមាំ ដោយបានបន្ថែមការងារថ្មីចំនួន ២២៧ ០០០ កន្លែង នៅខែវិច្ឆិកា លើសអត្រាប្រចាំឆ្នាំ ១៨៦ ០០០ កន្លែង/ខែ។
ប្រធានធនាគារកណ្ដាល លោក Jerome Powell បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា ទីផ្សារការងារមិនមែនជាប្រភពនៃសម្ពាធអតិផរណាដ៏ធំនោះទេ ដូច្នេះធនាគារមិនត្រូវការឱ្យទីផ្សារការងារថយចុះ ដើម្បីធ្វើឱ្យអតិផរណាធ្លាក់ចុះទៅដល់កម្រិតគោលដៅ ២ ភាគរយ នោះទេ។ យ៉ាងណាមិញ វានៅតែមានភាពមិនច្បាស់លាស់ជុំវិញអតិផរណា។
ជាមួយគ្នានេះផងដែរ ធនាគារកណ្តាលក៏អាប់ឌែតការព្យាកររបស់ខ្លួន លើការកាត់បន្ថយអត្រាការប្រាក់បន្ទាប់ ដោយរំពឹងថានឹងបន្ថយឱ្យអត្រាគោលធ្លាក់ចុះដល់ចន្លោះ ៣,៧៥-៤ ភាគរយ ត្រឹមចុងឆ្នាំ ២០២៥។ យ៉ាងណាមិញ ការរំពឹងទុកនេះអាចនឹងប្រែប្រួល ជាពិសេសក្នុងបរិបទនៃស្ថានភាពសេដ្ឋកិច្ច ក្រោមការដឹកនាំរបស់លោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ៕
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៦ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
សុខភាព១ សប្តាហ៍ ago
ឈ្វេងយល់ពីជំងឺមហារីកពោះវៀនធំ និងកត្តាតំណពូជ
-
នយោបាយ២ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក