សេដ្ឋកិច្ច
បន្លែសហគមន៍កសិកម្មទំនើបចាប់ផ្ដើមដាក់លក់ក្នុងទំហំធំ នៅរាជធានីភ្នំពេញ
បន្លែចម្រុះរបស់កសិករនៅស្រុកត្រាំកក់ ខេត្តតាកែវ មាន៤ប្រភេទផ្សេងគ្នា ដែលផលិតក្រោមឆ័ត្រ «សហគមន៍កសិកម្មទំនើប» ចាប់ផ្ដើមដាក់លក់ក្នុងទំហំធំចំនួន ៤ តោន រយៈពេល២ថ្ងៃ នៅថ្ងៃទី ១៩ និងថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤ នៅខាងមុខផ្សាបាយ័ន ខណ្ឌទួលគោក រាជធានីភ្នំពេញ។
កញ្ញា ង៉ែត ច័ន្ទថារី តំណាងសហគមន៍កសិកម្មទំនើបស្រុកត្រាំកក់ ខេត្តតាកែវ បានឱ្យដឹងថា បន្លែចម្រុះទាំង ៤ ប្រភេទ រួមមានស្ពៃក្រញាញ់ ស្ពៃតឿ ស្ពៃចង្កឹះ និងសាឡាត់ ចាប់ផ្ដើមចែកចាយនៅរាជធានីភ្នំពេញក្នុងទ្រង់ទ្រាយធំ ក្នុងតម្លៃ ២៥០០ រៀល ក្នុងមួយគីឡូក្រាម។
បន្លែចម្រុះរបស់កសិករនៅស្រុកត្រាំកក់ ដែលផលិតក្រោមឆ័ត្រ «សហគមន៍កសិកម្មទំនើប» អាចប្រមូលផលបានប្រមាណ ៥ តោនក្នុងមួយថ្ងៃ។
ក្រុមហ៊ុន Kerry Worldbridge Logistics និងក្រុមហ៊ុនមួយចំនួនទៀតសហការជាមួយសហគមន៍ ក្នុងការដឹកជញ្ជូនមកដល់រាជធានីភ្នំពេញ ហើយសម្រាប់អ្នកចង់ទិញអាចប្រាប់ទីតាំងនោះក្រុមហ៊ុននឹងដឹកដល់ទីតាំង។
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍កាលពីពេលថ្មីៗនេះថា សកម្មភាពដាំដុះទាំងអស់នៅកម្ពុជា ជាការផ្ដល់ឱកាសបង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ខណៈលោក សង្ឃឹមថា រដ្ឋាភិបាលអាចប្រែក្លាយមុខរបរដាំបន្លែទៅជាមុខរបរមួយដែលផ្ដល់ប្រាក់ចំណេញខាងផ្នែកសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋ ហើយនឹងបង្ករបរិយាកាសឱ្យមានភាពច្បាស់លាស់មួយតាមរយៈការចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីឱ្យអ្នកដែលផលិតលក្ខណៈគ្រួសារ អាចមានលទ្ធភាពប្រកួតប្រជែងជាមួយអ្នកធ្វើទ្រង់ទ្រាយធំ ជាពិសេសអាចប្រកួតប្រជែងជាមួយបន្ថែមនាំចូល។
លោក ឃឹម ហ្វីណង់ បានអះអាងថា បញ្ហាប្រឈមធំជាងគេមួយនៅក្នុងអនុវិស័យដាំដុះបន្លែនៅកម្ពុជា ដែលធ្វើឱ្យយើងនៅតែពឹងផ្អែកលើការនាំចូល គឺស្ថិរភាពនៃការផ្គត់ផ្គង់ មិនមែនទីផ្សារនោះទេ។
លោក ឃឹម ហ្វីណង់ បញ្ជាក់ថា តម្រូវការមានច្រើន ព្រោះអ្នកណាក៏ទទួលទានបន្លែដែរ ហើយទទួលទានជារៀងរាល់ថ្ងៃចំណែកឯការគាំទ្របន្លែដាំក្នុងស្រុកក៏កំពុងតែក្លាយទៅជាចលនាយ៉ាងផុសផុលផងដែរ ខណៈដីក៏មានច្រើនសម្រាប់ផលិតកម្មបន្លែ ហើយអ្នកដាំបន្លែក៏សម្បូរថែមទៀត។
បើតាមលោក ឃឹម ហ្វីណង់៖ «អ្វីដែលយើងនៅចាញ់គេគឺកសិកររបស់យើងនៅផលិតក្នុងខ្នាតតូចៗ ជាលក្ខណៈគ្រួសារនៅឡើយ ដែលជាហេតុធ្វើឱ្យថ្លៃដើមផលិតយើងខ្ពស់ គុណភាពយើងមិនមានស្តង់ដាតែមួយ ហើយពិតជាពិបាកក្នុងការសម្របសម្រួលកាលវិភាគផលិតកម្ម»។
លោក ឃឹម ហ្វីណង់ បញ្ជាក់ថា ពេលខ្លះ បន្លែសម្បូរខ្លាំងមែនទែន ជាពិសេសរដូវងាយស្រួលដាំ រហូតដល់រុញឱ្យការផ្គត់ផ្គង់ហក់ឡើងលើសពីតម្រូវការទីផ្សារ ហើយទាញឱ្យថ្លៃធ្លាក់ចុះទៅវិញ។ តែរដូវខ្លះវិញ យើងមិនមានអ្នកដាំទាល់តែសោះ ដែលជាហេតុធ្វើឱ្យថ្លៃកើនឡើងខ្ពស់ និងបើកផ្លូវឱ្យបន្លែនាំចូលអាចប្រកួតប្រជែងនិងគ្រប់គ្រងទីផ្សារបាន។ តែបើចង់ផលិតបន្លែនៅរដូវក្តៅ ឬរដូវភ្លៀង ទាមទារឱ្យធ្វើផលិតកម្មក្នុងផ្ទះសំណាញ់ ដែលតម្រូវឱ្យមានបច្ចេកទេសខ្ពស់ មានផែនការកាលវិភាគដាំដុះឱ្យបានត្រឹមត្រូវ និងទុនវិនិយោគច្រើន សុទ្ធសឹងតែជាបញ្ហាលំបាកសម្រាប់កសិករខ្នាតតូច ដែលដាំដុះជាលក្ខណៈគ្រួសារ។
លោក ឃឹម ហ្វីណង់បញ្ជាក់ថា ហេតុដូច្នេះហើយទើបរាជរដ្ឋាភិបាលអាណត្តិទី៧នេះ តាមរយៈក្រសួងកសិកម្មជាសេនាធិការ យកចិត្តទុកដាក់ក្នុងការជំរុញផលិតកម្មក្រោមយន្តការសហគមន៍កសិកម្មទំនើបវិញ ដើម្បីបង្កើតសមត្ថភាពប្រកួតប្រជែងរបស់កសិកម្មកម្ពុជា ផលិតប្រកបដោយស្តង់ដាគុណភាពច្បាស់លាស់ ក្នុងវិសាលភាពមួយដែលមានសេដ្ឋកិច្ចមាត្រដ្ឋានខ្ពស់ ដែលធ្វើឱ្យថ្លៃដើមផលិតទាប និងបរិមាណផ្គត់ផ្គង់មានស្ថេរភាព ហើយក្រសួងនឹងជួយគាំទ្រគ្រប់រូបភាព ទាំងបច្ចេកទេស ទីផ្សារ និងដើមទុនកម្ចីការប្រាក់ទាប។ ធ្វើបែបនេះបាន យើងនឹងអាចកាត់បន្ថយការធ្លុះធ្លាយខាងផ្នែកសេដ្ឋកិច្ច និងជំនួសឱ្យការនាំចូលបន្លែបណ្តើរៗបានហើយ៕
អត្ថបទ៖ ឡេង ដេត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ